Thursday, August 2, 2018
ស្នេហាហាមឃាត់ (ប្រលោមលោកខ្នាតខ្លី)
នៅក្នុងចំការផ្កាកុលាបដ៏ធំនៃដែនដី Losangeles មើលដាច់កន្ទុយភ្នែក ប្រៀបដូចជាឋានសួគ៌លើដី ដែលពេញទៅដោយភាពស្រស់ស្អាតនិងផ្អែមល្ហែម...នៅក្បែរគុម្ពផ្កាកុលាបធំៗនិងខ្ពស់ៗមានក្មេងស្រីប្រុសពីរនាក់កំពុងតែអង្គុយលេងជាមួយគ្នាយ៉ាងសប្បាយរីករាយ។ ដារៀ និង វេសស្លីគឺជាបងប្អូនជីដូនមួយនឹងគ្នាភាពស្និទ្ធស្នាលរបស់ពួកគេ គឺមានច្រើននិងផ្អែមល្ហែមជាងក្មេងទូទៅអាចនិយាយបានថាជាគឺជាចំណងនិស្ស័យរវាងមនុស្សពីរនាក់។
«ស្អីទៀតហើយឃើញតែអង្គុយស្រមៃជាមួយសៀវភៅរឿង»វេសស្លី ទាញសៀវភៅរឿងពីប្អូនជីដូនមួយ
ហើយយកមកមើលជាមួយទឹកមុខមិនចាប់អារម្មណ៍។
«ក៏ព្រោះតែចូលចិត្តហ្នឹងណាឲ្យ ដារៀ វិញមក កំពុងតែស្រមៃដល់ព្រះអង្គម្ចាស់ផង» ក្មេងតូចទាញយកមកវិញ ព្រមទាំងធ្វើមុខមានក្តីសុខពេលដែលបានសៀវភៅមកក្នុងដៃនិងបន្តបើកអាននូវសន្លឹកបន្ទាប់។
«លង់តែជាមួយសៀវភៅរឿង»
«ត្រួវហើយ...! ចាំមើលពេល ដារៀ ធំ ដារៀនិងសរសេររឿងដោយខ្លួនឯងម្តង ចាំមើល ដារៀ នឹងធ្វើឲ្យបាន» ដារៀ ញញឹមញញែមជាមួយនឹងក្តីស្រមៃរបស់នាងតែ វេសស្លឺ បានតែដកដង្ហើមធំហាក់ដូចជាខ្វល់ខ្វាយ...។
«ពេល វេសស្លី ទៅបាត់ ដារៀ និង វេសស្លីទេ?» ក្មេងប្រុសដែលមានវ័យជាង10ឆ្នាំសួរឡើងទៅកាន់ក្មេងតូចដែលនៅក្បែរខ្លួន គេប្តូរប្រធានបទនិយាយព្រមទាំងធ្វើមុខសោកសៅ។
«ហ៊ម...! ប្រហែលជានឹកហើយមើលទៅ» ដារៀ តបមកវិញតាមបែបជាក្មេងតូចមិនដឹងអីរបស់នាង តែបន្តិចក្រោយមកមុខតូចក៏ស្រពោនបាត់បង់អស់ស្នាមញញឹម។
«បើបង វេសស្លី ទៅបាត់ បានអ្នកណាមកជួយកាត់ផ្កាកុលាបឲ្យខ្ញុំ?បងថាជូនផ្កាឲ្យខ្ញុំណា...»
«បែបហ្នឹងឲ្យធ្វើយ៉ាងម៉េចទៅបង បងត្រូវទៅក្នុងពេលឆាប់ៗនេះហើយ?» កំលោះតូចតបទៅវិញព្រមទាំង បង្ហាញចេញនូវទឹកមុខដែលពិបាកចិត្ត គេមិនចង់ក្បត់ពាក្យសន្យាជាមួយនឹងប្អូនជីដូនមួយម្នាក់នេះឡើយ ប៉ុន្តែគេមានពិតជាត្រូវទៅមែន គេលែងអាចនៅទីនេះទៀតហើយ គេត្រូវទៅ New York គឺរស់នៅនិងរៀននៅទីនោះតែម្តង។
«មិនព្រមទេ...! កុំមកក្បត់ពាក្យសន្យា ប្រាប់ឲ្យហើយ» ស្រីតូចប្រាប់ដោយសំឡេងកាច តែមុខកាចរបស់នាងនៅតែគួរឲ្យស្រលាញ់ដដែល។
«យកបែបនេះបានទេ? មួយឆ្នាំគឺ វេសស្លី និងសន្សំកុលាបមួយទងទុកឲ្យ ដារៀ ពេលដែលយើងជួបគ្នា បងនឹង ប្រគល់ឲ្យOkទេ?»
«មួយឆ្នាំបានតែមួយទងបងគំរិះពេកហើយ» នាងតវ៉ាព្រមទាំងធ្វើមុខស្មូញមិនសប្បាយចិត្ត។
«នេះគឺទឹកចិត្តណា...! តែថា ដារៀ មានអីឲ្យបងវិញពេលជួបគ្នាពេលក្រោយ?» វេសស្លី ចាប់ផ្តើមទាមទារយកអ្វីដែលជាអំណោយនៃការជួបមុខគ្នាវិញ។
«ហ៊ម...! ដារៀ និងសរសេររឿងរបស់ ដារៀ ឲ្យបង រឿងដំបូងដែល ដារៀ សរសេរក្នុងជីវិត គឺមាន វេសស្លឺ»
«សន្យាណា៎...!»
«សន្យា» នាងតូចឆ្លើយតបទៅវិញមុននឹងម្រាមដៃតូចៗរបស់ភាគីទាំងសងខាងថ្ពាក់គ្នាទុកជាការសន្យា ជាសន្យាដែល ដារៀ គ្មានថ្ងៃនឹងភ្លេចដាច់ខាត។
13ឆ្នាំក្រោយមក....
ពេលវេលដើរលឿនខ្លាំងណាស់ ព្រិចបើកព្រិចកើបដប់បីឆ្នាំបានកន្លងផុតបាត់ទៅហើយ វេសស្លឺ ដែលចាកចេញទៅនោះក៏មិនបានត្រឡប់មកយកសន្យាវិញ គេមិនធ្លាប់សូម្បីតែទាក់ទងមករកប្អូនស្រីតូចម្នាក់នេះ គេហាក់ដូចជាកំពុងតែបំបាំងកាយមិនឲ្យនាងឃើញសូម្បីតែស្រមោល យ៉ាងដូច្នេះដែ...។
«អួយ...សុំទោស» សំឡេងស្រួយរបស់ក្រមុំតូចឧទានចេញមកយ៉ាងខ្លាំងបន្ទាប់ពី រាងស្តើងតូចរបស់នាងបុកចាំបុរសម្នាក់ដែលកំពុងតែដើរតាមផ្លូវ។
«បាទមិនអីទេ...!» សំឡេងគ្រលរតបមកវិញព្រមទាំងអោនរើសសៀវភៅដែលធ្លាក់រប៉ាត់រប៉ាយព្រោះតែការប៉ះទង្គិចមុននេះ។ ប្រហែលមកពីប្រញាប់ពេលទើបនៅទើបពេលដែលប្រឹងរើសសៀវភៅដែលជ្រុះនោះធ្វើឲ្យម្រាមដៃស្រឡូនរបស់នាងក្រមុំទៅប៉ះដៃក្រាស់របស់គេ ភ្នែកនិងភ្នែកប្រទាក់គ្នា អារម្មណ៍ស្និទ្ធស្នាលមួយបានផុសឡើង គឺអារម្មណ៍របស់មនុស្សដែលធ្លាប់ស្គាល់គ្នា...!
«អឺ...សុំទោស...!»ដារៀ ដែលធ្លោយឲ្យមានកំហុសប្រញាប់ដកដៃមកវិញព្រមទាំងគេចពីការសម្លឹងរបស់ប្រុសកំលោះ មិនដឹងថាវាជារឿងស៊យឬអ្វីឲ្យប្រាកដទេដែលការដែលមក New york ដើម្បីបន្តការសិក្សារបស់នាងបែរជាមកសស្លាក់សស្លើតដើរបុកគេបុកឯងយ៉ាងនេះសោះ...!
ដារៀ ប្រញាប់ក្រោកឡើងហើយដើរបកក្រោយគេចចេញពីប្រុសកំលោះ ចំណែកឯអ្នកម្ខាងទៀតក៏តាមសម្លឹងនាង ហាក់ដូចជាមិនអស់ចិត្តគេដូចជាធ្លាប់ស្គាល់។ ដារៀ ដែលដើរដោយដំណើរញាប់ស្រាប់តែឈប់ឈ្ងក់ នាងស្រាប់តែនឹកអ្នកដែលខ្លួនដើរបុកមុននេះគេដូចជាមនុស្សដែលនាងធ្លាប់ស្គាល់ ឬគេជា...? ក្រមុំតូចបោះជំហានថយក្រោយត្រឡប់ក្រោយបែរហើយងាករកបុរសម្នាក់នោះ គេទៅណាហើយ? ស្រាប់តែបាត់ស្រមោល ទើបខួរក្បាលរបស់នាងបញ្ជាជើងស្រឡូនតូចរបស់នាងរត់តម្រង់ទៅមុខ ដើម្បីស្វែងរកការពិត។ សំឡេងដង្ហក់ព្រោះភាពហត់នឿយដែលបានមកពីការរត់ដោយល្បឿនលឿនរបស់នាងបន្ទាប់ពីព្យាយាមតាមរកមនុស្សម្នាក់ដែលខ្លួនសង្ស័យព្រោះតែមានអារម្មណ៍ដក់ជាប់នឹងភាពស្និទ្ធស្នាល តែថា...នាងនៅតែមិនអាចឃើញគេ ប្រុសម្នាក់នោះបាត់ស្រមោលហើយ គេទៅណាលឿនយ៉ាងនេះ? នាងមិនទាន់បានដឹងផងថា គេជាបង វេសស្លឺ របស់នាងឬក៏មិនមែន?
«ទៅលឿនដូចជា ខ្មោច...!» ស្រីតូចខាំមាត់រអ៊ូព្រោះភាពហត់នឿយនិងថ្នឹងថ្នាក់នៅក្នុងចិត្ត ហើយនៅពេលដែលមិនអាចរកឃើញចម្លើយទើបនាងសម្រេចចិត្តបកក្រោយវិញ។
នោះ...!
គឺរាងក្រាស់ដែលនាងតាមរក គេនៅពីក្រោយក់ខ្នងរបស់នាងក្នុងរយៈចម្ងាយយ៉ាងច្រើនប្រាំម៉ែត្រ គេក៏មានអាការៈដង្ហក់បង្ហាញចេញមកពីភាពហត់នឿយដូចគ្នា គឺគេរត់ដេញតាមនាងនោះអី?
ក្រោយពេលដែលមានការសង្ស័យថានាងដូចជាមនុស្សដែលធ្លាប់ស្គាល់គេចង់ទៅសួរនាំ តែក៏គ្មានក្តីក្លាហានគ្រប់គ្រាន់ ប៉ុន្តែដល់ពេលឃើញនាងរត់មិនប្រណីជើងគេក៏ហៅនាងឲ្យឈប់ តែនាងមិនព្រមឈប់ទើបគ្មានជម្រើសក្រៅពីរត់ដេញតាម តែអ្នកណាទៅដឹងថានាងខំរត់ដេញតាមរកគេ ចំណែកគេនៅតាមពីក្រោយឯងណេះទេ។ ពួកគេទាំងពីសម្លឹងមុខគ្នាទៅវិញទៅមក ជើងដែលប្រុងតែឈានទៅសួរនាំគ្នាស្រាប់តែឈប់ឈ្ងក់រាងខ្លួន។
«ដារៀ ហើយឯងមកធ្វើស្អីនៅម្តុំនេះ ក្រែងណាត់គ្នាជួបនៅត្រង់សួនហ្អែ?» ដាណា មិត្តរបស់ ដារៀ ចូលមករកនាងក្រមុំហើយសួរព្រោះតែនាងក៏ជើងវែងដើរហួសកន្លែងណាត់ជួប។
«ដារៀ...?» សំឡេងគ្រលរហៅឈ្មោះរបស់នាង ធ្វើឲ្យនាងក្រមុំប្រញាប់ក្រឡេកភ្នែកសម្លឹងទៅគេម្តងទៀតគេហៅនាងថាម៉េច (ដារៀ?) គេជា បង វេសស្លឺ របស់នាងមែនទេ?
«អ្នកនាងគឺ ដារៀ...ដារៀ មែនទេ?» គេសួរនាងដោយសំឡេងត្រេកអរផង ស្ទាបស្ទង់ផង ព្រោះខ្លាចថានឹងត្រូវច្រឡំមនុស្ស តែអារម្មណ៍របស់អ្នកដែលធ្លាប់ស្គាល់គ្នា ក៏ប្រាប់គេថា គឺនាងនឹងហើយដែលជា ដារៀក្មេងតូចរបស់គេ។
«ចុះលោក...? គឺបង វេសស្លឺ មែនទេ?» រាងស្តើងសួរគេវិញម្តងដោយមិនបានឆ្លើយសំនួរបស់គេនោះទេ នាងសម្លឹងមើលគេមិនដាក់ភ្នែកដប់បីឆ្នាំដែលកន្លងទៅគេពិតជាប្លែកជាងមុនឆ្ងាញណាស់ ទាំងសង្ហានិងទាំងគួរឲ្យប្រាថ្នា...តែថា...នាងនិងគេបែកគ្នាយូរយ៉ាងនេះ គេអាចនឹងនៅចាំគ្រប់យ៉ាងដែលធ្លាប់បានសន្យាទេ?
«គឹបង...បងគឺ វេសស្លឺ...»
នៅទីបំផុត ការពិតក៏ត្រូវបានលាតត្រដាង គេគឺជាបង វេសស្លីរបស់នាងពិតមែន ពេលនេះគេក៏ចូលរៀនជំនាញច្នៃម៉ូតត្បងពេជ្រហើយ គេកាន់តែមានសមត្ថភាពគួរឲ្យស្ងប់ស្ងើង មើលទៅដប់បីឆ្នាំមកនេះគេគឺរស់បានសុខខ្លាំងណាស់ ពេលនេះគេក៏ក្លាយជាមនុស្សធំពេញលេញទាំងសង្ហានិងពេញទៅដោយសមត្ថភាព ។
តែម៉េចក៏គេមិនដូចពីមុនសោះអ៊ីចឹង? ភាពស្និទ្ធស្នាលរបស់គេនិងនាងវារសាត់តាមពេលវេលាអស់ហើយមែនទេ? ឬព្រោះតែបែកគ្នាយូរពេកលែងដូចពីមុនហើយ គ្រប់យ៉ាងវាគ្រាន់តែជាអតីតកាលដែលរសាត់ទៅតាមខ្យល់ ចង់ហៅត្រឡប់មកវិញក៏មិនងាយដែរ...។ ទោះពេលខ្លះមើលដឹងថាគេហាក់មានចិត្តមកលើនាង ដូចជានៅចំាគ្រប់រឿងកាលពីក្មេង តែគេក៏ក្រាញននៀលមកនព្រមបញ្ចេញអារម្មណ៍ពិតចេញមកអ៊ីចឹងហើយ ទើប ដារៀ ក៏ដូចគ្នាវៃឲ្យស្លាប់ក៏មិនទៅប្រាប់ថាស្រលាញ់គេដែរ នាងមិនចង់អឺអើតែម្នាក់ឯង ចងចាំគេតែម្នាក់ឯង ស្រលាញ់គេតែម្នាក់ឯងនោះទេ។
ព្រោះតែអ៊ីចឹងហើយទើបមានពេលខ្លះពួកគេទាំងពីនាក់ក៏តែងតែងក់ងរដាក់គ្នា បើនិយាយឲ្យងាយគឺងររាល់ពេលដែលជួបមុខគ្នា ទាំងប្រចណ្ឌនិងអន់ចិត្តរៀងៗខ្លួន តែក៏នៅតែបិទមាត់បិទកមិនព្រមបង្ហើបពាក្យពិតចេញមក ទោះជាមិត្តភក្តិបង្អាប់បែបណា ក៏នៅតែកាន់ដំណែងជាមនុស្សគ្រាន់បើ មិនព្រមសារភាព។ ក៏អាចនិយាយបានថា ដារៀ កំពុងតែចាំសន្យារបស់គេ ព្រោះបើគេភ្លេច នាងក៏បានតែនៅចងចាំម្នាក់ នឹកគេតែម្នាក់ឯង...ព្រោះពេលខ្លះ បុរសម្នាក់នោះធ្វើឲ្យនាងពិបាកស្មានអារម្មណ៍ព្រោះបែកគ្នាយូរពេក ទោះយល់ថាពេលខ្លះគេនៅមានចិត្ត តែក៏មិនហ៊ានកាន់ជើងខ្លួនឯង ព្រោះវាអាចគ្រាន់តែជាអារម្មណ៍...។
ក៏ព្រោះតែឃើញ ដារៀ និង វេសស្លឺ មាត់រឹងរាងខ្លួនទើប ដាណាដែលជាមិត្តរបស់ ដារៀ ចូលខ្លួនមកធ្វើជាមេអណ្តើកឲ្យអ្នកទាំងពីរនិងធានាជួបឲ្យគេទាំងពីរបានជួបគ្នាឈប់ឲ្យមាត់រឹងដាក់គ្នា ។ ដារៀ ក៏មានសង្ឃឹមនៅក្នុងចិត្តខ្លះ ព្រោះយ៉ាងណានាងនៅមានមិត្តជួយផ្តល់កម្លាំងចិត្តដែរ...។
«យ៉ាងម៉េចហើយ ឃើញថាឈ្លោះគ្នារាល់ថ្ងៃតែម្តងហើយ» ដាណា ដើរចូលមកជិតអ្នកដែលជាមិត្តព្រមទាំងហុចកាហ្វេមួយកែវឲ្យទៅ ដារៀ បន្ទាប់មកបង្គងអង្គុយនៅលើកៅអីក្បែរនោះ «ព្រះអង្គម្ចាស់របស់ឯង ដូចជាមិនរវល់នឹងឯងសោះ»
«មិនមែនដូចជានោះទេ...គឺមិនរវល់តែម្តង...» នាងតបទៅវិញព្រមទាំងដកដង្ហើមធំមុននឹងលើកកែវកាហ្វេមកផ្លុំហើយក្រេបតិចៗ «ខ្ញុំអាចចាំគេ តែប្រហែលជាមិនអាចចំាខ្ញុំទេដឹង?»
«ម៉េចក៏គិតបែបនោះ?» ដាណា សួរឡើងព្រមទាំងសម្លឹងមុខនាងយ៉ាងមុត ព្រោះក៏ធ្លាប់ដឹងដូចគ្នាថា ដារៀ មានព្រះរាជបុត្រនៅក្នុងចិត្តព្រោះភាពជាមិត្តធ្វើឲ្យពួកនាងមិនមានអ្វីដែលត្រូវលាក់បាំងនឹងគ្នា។
«គេមិនបានដូចពីមុន បង វេសស្លី ពីមុនដូចមិនទាន់បង្ហាញខ្លួន» នាងតូចដកដង្ហើមធំ មុននឹងក្រឡេកទៅមើលសៀវភៅដែលដាក់នៅក្បែរខ្លួនបែបហត់ចិត្ត «គេពូកែជាងមុន សង្ហាជាងមុន ចំណែក ដារៀ នៅតែជា ដារៀ ដែលគ្មានអ្វីទាំងអស់»
«ម៉េចមិនសួរគាត់ឲ្យច្បាស់»
«ស្លាប់ល្អជាង...»
«ឯងនេះវាមាត់រឹងដែរ...»
«ព្រោះមើលទៅគាត់ ដូចបាត់ការចងចាំពាក់កណ្តាលហើយត្រង់កន្លែងដែលមាន ដារៀ» រាងតូចនិយាយបញ្ឈឺខ្លួនឯង ព្រោះបើមិនមែនបែបនោះមិនមែនជួបគ្នាពេលណាក៏ឈ្លោះ ជួបគ្នាពេលណក៏មិនអារម្មណ៍អន់ចិត្តនោះទេ គេមិនដូចពីមុនដែលចាំតែលួងនឹងថ្នាក់ថ្នមឡើយ...។
លើកគឺ គឺចាំតែឈ្លោះ...!
«បែបនេះចាំគ្នាជួយឯងចុះ...»
«ជួយ?» ដារៀ បើកភ្នែកធំៗសម្លឹងមើលទៅមិត្តមុននឹងញញឹមស្រស់ដាក់។
«មែនហើយ...ឯងជាមិត្តរបស់ខ្ញុំនោះអី» ដាណា តបមកវិញព្រមទាំងស្នាមញញឹម តែស្នាមញញឺមនោះសំងាត់ខ្លាំងណាស់ នាងគ្មានថ្ងៃស្មានយល់ឡើយ ដារៀ។
«ជួយយ៉ាងម៉េចទៅហ៊ើយ...» ដារៀ ដកដង្ហើមធំបែបនឿយណាយ ហេតុអីនាងត្រូវមកខ្វល់នឹង វេសស្លឺ ដែរ គេភ្លេចក៏ភ្លេចទៅ គេធ្វើជាភ្លេចក៏ធ្វើទៅ វាគ្រាន់តែជាសន្យា...សន្យា...ដែលនាងមិនអាចភ្លេចប៉ុណ្ណោះ...។
«ខ្ញុំនឹងសាកសងល្បងទាក់ទងទៅគេ បន្ទាប់មកក៏ជជីកសួររឿងរបស់ឯងនឹងគេ រំលឹកឡើងមកវិញ ហើយនឹងរៀបចំពេលឲ្យពួកឯងជួបគ្នា គិតបែបនេះល្អទេ»
«ហ៊ម...» រាងតូចងក់ក្បាល់យល់ស្រប នាងក៏ចង់ដឹងដែរថា ពេលដែលមានអ្នកសួរពីរឿងរបស់នាង តើគេនឹងឆ្លើយយ៉ាងម៉េច ក៏ល្អដែរមាន ដាណា ចាំជួយ...។
តែអ្នកណាទៅដឹងថា មិត្តភក្តិដែលតាំងខ្លួនជាអ្នកដែលចេញមុខមកជួយឲ្យ ដារៀ និង វេសស្លឺ ឲ្យត្រូវគ្នាបែរជាមានបំណងវាត់សន្ទូចយកខ្លួនឯងនោះ? ព្រោះតែភាពល្អពីសម្បកក្រៅរបស់នាងនោះអី ដែលពូកែ សម្តែងជាងតារអាជីពទៅទៀត រហូត ដារៀ គ្មានសង្ស័យបន្តិចចំពោះ។នាងគ្រាន់តែអន់ចិត្តពេលដែលឃើញ វេសស្លឺ ស្និទ្ធស្នាលជាមួយ ដាណា តែក៏ប្រាប់ខ្លួនឯងថា នាងកំពុងតែជួយឲ្យខ្លួននិងមនុស្សដែលនាងស្រលាញ់បានជួបគ្នា ប្រាប់បែបនេះរឿយៗដើម្បីឲ្យបានស្ងប់ចិត្តខ្លះ។
«អូ...! សៀវភៅរឿងរបស់ខ្ញុំនៅឯណា?» ដារៀ ចាប់ផ្តើមស្លន់ស្លោនៅពេលដែលបាត់សៀវភៅរឿងបានសរសេរ ហើយវាក៏សម្រាប់ វេសស្លឺហ្នឹងណា ព្រោះថ្ងៃនេះជាថ្ងៃខួបកំណើតរបស់គេ ទើបនាងធ្វើCakeដើម្បីគេតាមគម្រោងដែល ដាណា ជាអ្នកផ្តល់យោបល់ហើយក៏ត្រៀមសៀវភៅរឿងដែលនាងតាំងចិត្តសរសេរឲ្យគេជាកាដូ និងការធ្វើតាមសន្យា។
«ប្រហែលជាឯងភ្លេចនៅផ្ទះទេដឹង?» ដាណា និយាយឡើងដោយទឹកមុខស្ងប់ធម្មតា...។
«ម៉េចនឹងអាចនោះ? ខ្ញុំយកវាមកច្បាស់ណាស់» ដារៀ រអ៊ូ បែបមិនអស់ចិត្ត ព្រោះចាំបានខ្លួនឯងពិតជាបានយកវាមកពិតមែន។
«ទៅមើលសិនក៏ល្អណា ចាំពេល វេសស្លឺ មកខ្ញុំប្រាប់គេថាឯងទៅយកកាដូឲ្យគេOkទេ?»
«អឺ...» រាងតូចនៅស្ទាក់ស្ទើរ
«ប្រយ័ត្នទៅមិនទាន់ណា លឿនឡើង» ព្រោះតែដាណា ព្យាយាមឲ្យយោបល់ទើប ដារៀ ប្រញាប់ទៅរករបស់សំខាន់ភ្លាម។ គ្រាន់តែដារៀទៅផុត ដាណា ក៏ញញឺមពេបមាត់បែបសមចិត្តបន្ទាប់មក៏យក cake របស់ ដារៀ ដែលខំធ្វើអស់ពីចិត្តពីថ្លើមមកនោះ ទៅបោះចូលក្នុងឆុងសំរាមបំបាត់ដាន បន្ទាប់មកក៏លើកយកនំដែលខ្លួនធ្វើមកដាក់នៅលើតុយ៉ាងរហ័ស នាងប្រហែលជាមិនដឹងទេថា ទង្វើរបស់នាងដែលទ្រស្តមិត្តនោះគឺត្រូវ ដារៀ ឃើញអស់ហើយ នាងមិនបានទៅផ្ទះតាមអ្វីដែល ដាណាឲ្យ យោបល់នោះទេព្រោះអារម្មណ៍មន្ទិលមួយបានកើតនៅក្នុងចិត្តរបស់នាង ហើយកាន់តែដាណា ធ្វើឲ្យមានពិរុទ្ធទៀត គឺនាងបានលួចសៀវភៅរឿងរបស់ដារៀ ចេញពីប្រអប់កាដូ ហើយអ្នកដែលម្ចាស់ក៏បានឃើញ តែក៏ធ្វើជាមិនដឹងខ្លួន ចង់ដឹងថានាងធ្វើអ្វីបន្តទៀតហើយលទ្ធផល គឺ ដាណា កំពុងតែរាយសំណាញ់ចង់ឆក់ វេសស្លឺ ពីទ្រូងរបស់នាងពិតមែននោះគឺ មិត្តទ្រស្តមិត្តច្បាស់ណាស់ដែលតាំងចេតនាមកខ្វះបេះដូងរបស់នាងទៅ។ នាងក្រមុំតាមមើលសកម្មភាពរបស់មិត្ត ក្លែងក្លាយជាសម្ងាត់ហើយនៅវេលាបន្ទាប់នោះ វេសស្លឺ ក៏មកដល់ កែវភ្នែកស្រស់ស្អាតរបស់គេហាក់ដូចជាសម្លឹងរក ដារៀ ដែលអវត្ថមាននៅក្នុងពេលនេះហើយមានត្រឹមតែមិត្តរបស់នាង។
«ដារៀ ប្រាប់ថាឈឺក្បាលខ្ជិលមក» ដាណា ដោះស្រាយបញ្ហាបែបងាយៗ ហើយបន្តញញឹមដាក់ប្រុសកំលោះដែលជាគោលដៅ ។ នាងអ៊ុចទៀនហើយលើកcake ជូនគេឲ្យផ្លុំហើយ វេសស្លឺ ក៏មិនបានបដិសេធ ណាមួយអន់ចិត្តដែល ដារៀ មិនមកក្នុងថ្ងៃពិសេសរបស់គេផង។
ដារៀ ក្តាប់ដៃណែនសម្លឹងមើលគេទាំងពីចម្ងាយទាំងឈឺចាប់ទឹកភ្នែកក្តៅអ៊ុនៗរបស់នាងស្រក់ចុះមក ព្រោះឈឺចិត្តនិងមិត្តដែលក្បត់ហើយក៏ខឹងចិត្តដែល វេសស្លឺ មិនបង្ហាញពីការព្រួយបារម្មណ៍ពីនាង ពេលដែលនាងអវត្ថមាន គេនៅមានមុខផ្អែមល្ហែមជាមួយមនុស្សដែលចិត្តល្អនិងស្លូតបូតតែចំពោះមុខនោះ តែធាតុពិតក៏ មានពិសដូចជាខ្យាដំរី។ ដារៀ ខាំមាត់ងាកមុខចេញឈប់សម្លឹងមើលរូបភាពដែលគួរឲ្យឈឺចិត្តនោះ នាងប្រាប់ខ្លួនឯងថាត្រូវតែធ្វើអ្វីម្យ៉ាង នាងមិនព្រមចាញ់ព្រោះការវាយឆ្មក់របស់មិត្តមេធ្មប់នោះទេ។ ទោះបីជាត្រូវយំ តែនាងនិងធ្វើឲ្យមនុស្សប្រុសម្នាក់នោះដឹងខ្លួនថា គេស្រលាញ់នាង ហើយដឹងថានាងស្រលាញ់ដូចគ្នា គេត្រូវតែជាអ្នកដែលតាមនាងតាមចាប់ក្តីស្រលាញ់នេះដោយខ្លួនឯង។នាងក្រមុំបកក្រោយត្រឡប់មកផ្ទះដែលរស់នៅសម្រាប់ការរៀនសូត្ររបស់នាងវិញ ស្រីតូចទាញកំព្យូទ័ររបស់ខ្លួនមកសរសេរឿងម្តងទៀត នាងបានប្តូរការបញ្ចប់របស់រឿងដែលពីដំបូងការបញ្ចប់ត្រូវបញ្ចប់យ៉ាងល្អ តែពេលនេះនាងក៏កែប្រែវាហើយសរសេរឲ្យត្រូវជាមួយជីវិតពិតវិញ...។ ដារៀ ប្រើពេលវេលាយ៉ាងយូរទម្រាំតែកាងារចប់សព្វគ្រប់ នាងយំបណ្តើរសម្លឹងមើលការបញ្ចប់សាច់រឿងថ្មីបណ្តើរ ទ្រូងខាងឆ្វេងរបស់នាងវាឈឺខ្លាំងណាស់ឲ្យតែនឹកទៅដល់ភាពក្បត់ មនុស្សដែលនាងខំទុកចិត្ត ដាណា ក្បត់នាងយ៉ាងសាហាវបំផុត ទើបនាងមិនអាចបណ្តោយឲ្យមនុស្សអាក្រក់ក្បត់បាន។
ដារៀ ឈប់ទាក់ទងទៅ វេសស្លឺ ទោះជាក្នុងនាមបងប្អូនក៏អត់ដែរហើយចំណែក ដាណា វិញហ្អែ? ដារៀ មិនខ្លាចនិងនិយាយត្រង់ទៅត្រង់មកជាមួយនាងនោះទេ នោះគឺការបញ្ចប់ទំនាក់ទំនង មិត្តភាពត្រូវបានបញ្ចប់ មិនមែនមានខឹងព្រោះតែត្រូវឆក់ស្នេហ៍នោះទេ តែនាងមិនអាចធ្វើចិត្តរាប់អានជាមួយមនុស្សដែលគ្មានភាពស្មោះត្រង់នោះទេ ចំពោះមនុស្សដែលញញឹមតែមាត់ហើយលាក់កាំបិតពីក្រោយខ្នង នាងសុំមិនស្គាល់ល្អជាង។ ដារៀ បានផ្ញើសៀវភៅរឿងដែលនាងធ្វើថ្មីឲ្យទៅវេសស្លឺ នាងចង់ឲ្យគេដឹងពីអារម្មណ៍របស់គេខ្លួនឯងហើយក៏ធ្វើឲ្យគេដឹងខ្លួនថាឱកាសសម្រាប់ក្តីស្រលាញ់មិនមែននេះតែមានរហូតនោះទេ។ វេសស្លឺ ដែលទទួលបានសៀវភៅរឿងដែលនាងក្រមុំផ្ញើទៅឲ្យគេស្លុងចិត្ត ហើយមានអារម្មណ៍ថាសោកស្តាយចំពោះពេលវេលាកន្លងដែលតាំងចិត្តធ្វើឫកគ្រាន់បើចាំឲ្យមនុស្សស្រីមកស្រលាញ់មុន តែឲ្យធ្វើយ៉ាងម៉េចទៅ នៅពេលដែលនាងផ្តាច់ការទាក់ទងឈប់ជួបមុខរបស់គេចាកចេញពី New York ដោយគ្មានពាក្យថាលា នាងបានធ្វើតាមសន្យារបស់នាងសព្វគ្រប់មានតែគេទេ ដែលនៅល្មើសមិនគោរពតាមអ្វីដែលខ្លួននិយាយកាលពីដប់បីឆ្នាំមុន តែពេលងាកទៅរកនាងនាងក៏ទៅបាត់ ព្រោះដឹងខ្លួនថាធ្វើឲ្យមនុស្សដែលខ្លួនស្រលាញ់ខឹង ទើបគេប្រញាប់ធ្វើដំណើរទៅLosangeles ដើម្បីតាមរកនាង តែនាងមិនព្រមនិយាយជាមួយគេ ហើយក៏មិនព្រមជួបមុខ មិនថានៅក្នុងឋានៈជាបងប្អូនឬជាអ្វីក៏អត់? អ៊ីចឹងហើយទើបគេត្រូវរងចាំឱកាសឲ្យរសាត់អណ្តែតមករកគេ។ ហើយទេវតាក៏មិនជាចិត្តខ្មៅប៉ុន្មានដែរគឺនៅពេលដែលចំការកុលាបរបស់ ដារៀ ត្រូវប្រមូលយកផ្កាដើម្បីយកទៅតុបតែងពិធីមង្គលការតាមការកម៉្មុងរបស់ភ្លៀវ អ្នកដែលសម្ងំលាក់ខ្លួនក៏ព្រមចេញពីផ្ទដើម្បីទៅមើលការខុសត្រូវនៅក្នុងចំការ។ ដារៀ ក្រឡេកឃើញ វេសស្លឺ ដែលតម្រង់មករកនាង ទើបស្រីតូចប្រញាប់អោនចុះដើម្បីបាំងខ្លួននឹងគុម្ពផ្កាព្រោះមិនចង់ឲ្យគេឃើញ។
«គិតថានេះនៅអាយុ 6-7ឆ្នាំទៀតហ្អែ ដែលអាចពួនក្នុងគុម្ពផ្កាបាន?» ឲ្យធ្វើយ៉ាងម៉េចទៅគេឃើញហើយ ទើបអត់មិនបាននឹងចំអន់លេងតែម្តងទៅ។
«ហ្អែ...! ចង់ទៅណា?» នៅពេលដែលរាងតូចបោះជំហានចេញមិននិយាយជាមួយទើប វេសស្លឺ ចាប់ទាញដៃរបស់នាងជាប់។
«មិនឃើញថាមានអីត្រូវនិយាយគ្នា» ដារៀ តបទៅរាងកំបុតព្រោះខឹងនឹងប្រុសឫកធំមិនទាន់បាត់ ដែលកាន់តែគួរឲ្យស្អប់នោះគេបែរជាអាចធ្វើមិនដឹងមិនឮគ្រប់រឿង ហើយចូលចិត្តនៅជិត ដាណា ជាងនាងបញ្ឈឺឲ្យច្បាស់ក្រឡែតតែម្តង ប្រុសឫកធំ ពេលនេះឫកតូចវិញហើយមែនទេ បានជារត់មកវង្វេងដល់ចំការផ្កានេះ?
«ម៉េចបានថាអត់? អ្នកណាគេឲ្យបញ្ចប់សាច់រឿងឲ្យតួអង្គទាំងពី
បែកគ្នា ហើយធ្វើឲ្យព្រះអង្គម្ចាស់ ក្លាយមកជាមនុស្សអាក្រក់ទៀត» វេសស្លឺ តបទៅវិញព្រមទាំងតវ៉ាដែលនឹងបញ្ចប់រឿងធ្វើឲ្យអ្នកអានដូចជាគេឈឺចិត្តខ្លាំងណាស់ ដែលសំខាន់នោះនាងបានបោកគ្រប់បែកក្នុងអារម្មណ៍របស់គេ បន្ទាប់មកក៏រត់ប្រូចមកដល់ទីនេះ
«មកពីព្រះអង្គម្ចាស់ នោះអីឫកធំ អន់ចរិត សាវ៉ា ចង់ឲ្យគេទ្រមើលមិនឃើញពីទឹកចិត្តរបស់អ្នកដទៃ យ៉ាងណា ក៏វាសនាចារមកថាមិនបាច់ឲ្យជួបគ្នាទេ ព្រោះព្រះអង្គម្ចាស់នោះគ្មានទំនួលខុសត្រូវលើក្តីស្រលាញ់» ដារៀ តបទៅវិញយ៉ាងវែងអន្លាយដូចខ្សែទឹក នាងគុំយូរហើយចង់ថាឲ្យគេយូរហើយ ហើយពេលនេះនឹងថាឲ្យគេបានភ្ងាក់ខ្លួនម្តង កុំឲ្យចូលចិត្តប្រើភាពសោះអង្គើយ បញ្ឈឺឌឺដងនាងទៀត យ៉ាងណាបានឈឺចាប់ខ្លះទើបដឹងខ្លួនថាធ្លាប់បានធ្វើខុស តែគេមិនខឹងនឹងពាក្យជេបែរជាសើចទៅវិញ ដែលនាំឲ្យនាងកាន់តែក្តៅចិត្តខ្លាំងឡើង។
នៅមានមុខសើចទៀត...!
«ព្រោះអង្គម្ចាស់នោះចិត្តខ្មៅអ៊ីចឹងផង» គេសួរផងសើចផង ព្រមទាំងសម្លឹងមុខនាងមិនដាក់ភ្នែក ទាំងដែលប្រអប់ដៃកក់ក្តៅមិនព្រមលែងពីដៃតូចទន់ល្មើយរបស់ម្ចាស់ចំការឡើយ។
«ត្រូវហើយ...មិនគោរពពាក្យសន្យាទៀត កោតតែហ៊ានហាមាត់និយាយចេញមកកើត ថានឹងធ្វើតាមសន្យា» នាងតបទៅវិញបែបរករឿង តែក៏នៅតែអន់ចិត្តមិនបាត់នឹងការដែលរង់ចាំយ៉ាងយូរ បែរជាមិនអាចទទួលបានលទ្ធផលសមាមាត្រនឹងការរង់ចាំ។
«ចុះខ្លួនឯងធ្វើតាមសន្យាហើយហ្អ៎?»វេសស្លឺ សួរបកមកវិញព្រមទាំងដើរក្រឡឹងជុំវុញខ្លួនរបស់នាងហាក់ដូចជាត្រូវការត្រួតពិនិត្យឲ្យបានច្បាស់លាស់ តែមុខសង្ហានោះតែមានស្នាមញញឹមជាប់រហូត។
«ហ្នឹងហើយ» ដារៀ បែរក្រោយស្រែកមុខរបស់គេដោយក្នាញ់ពេញបន្ទុក តែស្រីតូចក៏ត្រូចបើកភ្នែកធំៗសម្លឹងមុខគេ ព្រមទាំងរបស់ដែលគេកំពុងតែកាន់នៅក្នុងដែលអ្នកម្ខាងទៀតកំពុងតែលើកយកមកបង្ហាញ។
«អ្នកណាថាបងមិនគោរព មកពីក្មេងខ្លះងរខ្ទើត រត់ចោលបងខ្លួនឯងសោះ» វេសស្លឺ តបទៅវិញព្រមទាំងកាន់ខ្សែកដែលមានរូបផ្កាកុលាបដប់ពីរទងបន្តគ្នាជាខ្សែយ៉ាងស្រស់ស្អាត ហើយអាធំជាងគេដែលជាផ្កាទីដប់បីនោះគឺធ្វើជាបន្តោងទម្លាក់រំយោលចំកណ្តាលវាស្រស់ស្អាតខ្លាំងណាស់ ជាមួយពន្លឺនៃត្បូងពេជ្រប្រដេញគ្នាជាច្រើនគ្រាប់លើកញ្ចុំផ្កា ស្រីតូចយកដៃខ្ទប់មាត់ខ្លួនឯងព្រោះភាពរីករាយនិងរំភើបព្រមគ្នា នាងកំពុងតែយល់សប្តិមែនទេ? ព្រះអង្គម្ចាស់របស់នាងត្រឡប់មកវិញហើយ គេត្រឡប់មកវិញាជាមួយនឹងសន្យាកាលពីដប់បីឆ្នាំមុន។
«បងធ្វើតាមសន្យាមែន គឺមួយឆ្នាំបងធ្វើវាមួយ តាំងពីរៀនដំបូងរហូតមកដល់ពេលនេះ ផ្កានីមួយៗគឺដំណាងពីក្តីស្រលាញ់របស់បងដែលមានទៅលើអូន មិនមែនបងឫកធំមិនព្រមសារាភាពទេ តែបងគ្រានតែចង់ដឹងថាអួនស្រលាញ់បងអត់? តើបងចងចាំគ្រប់យ៉ាងតែម្នាក់ឯងមែនទេ? ហើយទីបំផុត សន្យាដប់បីឆ្នាំមិនមែនបងចាំតែម្នាក់ឯងនោះទេ»
គេរៀបរាប់យ៉ាងវែងអន្លាយដែលធ្វើឲ្យអ្នកស្តាប់ដូចជាដារៀ រំភើបរហូតស្រក់ទឹកភ្នែក នាងសម្លឹងមើលទៅខ្សែកដែលមានផ្កាពុំសូវដូចគ្នា នោះព្រោះតែការវិត្តនៃស្នាដៃ តែមើលទៅផ្កានីមួយៗដែលបានធ្វើឡើងគឺគេពិតជាតាំងចិត្តធ្វើវាខ្លាំងណាស់ គេធ្វើតាមសន្យារបស់គេពិតមែន គេក៏ចងចាំគ្រប់យ៉ាង មិនមែននាងចាំតែម្នាក់ឯងឡើយ។
វេសស្លឺ ញញឹមហើយពាក់ខ្សែកដែលស្រស់ស្អាតនិងមានតែមួយ
លើលោកឲ្យទៅនាងក្រមុំ នាងជារាជនីដែលគ្រងបេះដូងរបស់គេតែម្នាក់គត់និងរហូតតទៅ ស្នេហាមួយនេះគឺត្រូវហាមឃាត់នៅក្នុងបេះដូងសម្ងាត់មិនចែកចាយដល់អ្នកណាយូរហើយ គឺសម្រាប់តែក្មេងស្រីដែលប៉ិនងរម្នាក់នេះតែប៉ុណ្ណោះ ចំណែកនាងក៏ដូចគ្នា បេះដូងមួយនេះបានដាក់សញ្ញាខណ្ឌសម្រាប់អ្នកគ្រប់គ្នា តែក៏បែកទ្វារចាំទទួលមនុស្សតែម្នាក់គត់ ម្នាក់នោះគឺជាព្រះរាជបុត្រនៅក្នុងសៀវភៅដែលនាងព្យាយាមតាក់តែងឡើង។
«ពីមុនខឹងបងខ្លាំងមែនទេ?» អ្នកកំលោះសួរបែបលចិត្ត ព្រមទាំងយកដៃផាត់សក់វែងអន្លាយរបស់នាងថ្នម កុំឲ្យបាំងមុខ ផ្ទៃមុខដែលគួរឲ្យស្រលាញ់ កែវភ្នែកដែលពេញដោយភាពរឹងប៉ឹង គេចាំបានយ៉ាងច្បាស់ ចាំជាប់ក្នុងចិត្តរហូតត្រូវតែរត់តាមរកនាង ក្នុងពេលដែលជួបគ្នាលើកដំបូងបន្ទាប់ពីបែកគ្នា។
«ខឹងមិនបាច់និយាយទេ»
»Ok បងជួសសង» វេសស្លឺ ចាប់រាងតូចរបស់នាងក្រមុំបីរត់ពេញចំការកុលាបយ៉ាងមានក្តីសុខ ដារៀ ក៏អោបគេជាប់ព្រោះខ្លាចធ្លាក់ តែភាពរីករាយមានពេញបេះដូង។ ចំការផ្កាកុលាបដែលជាកន្លែងផ្តើមសន្យា ជាចំការដែលផ្តើមនៃការបែកគ្នាមួយរយៈយ៉ាងវែង តែពេលនេះវាក៏គ្រងនៅក្នុងតំណាងជាកន្លែងដែលបញ្ចប់រាល់សន្យានិងការដែលម្ចាស់សន្យាសារភាពនូវអារម្មណ៍ចំពោះគ្នានឹងគ្នាដែរ ពេលនេះស្នេហាពួកនាងសមបំណងហើយ ។
«បងភ្លេចសួរអូន...»
«សួរអី?» ក្រមុំតូចធ្វើមុខឆ្ងល់
«អូនស្រលាញ់បងទេ?» វេសស្លឺ សួរទាំងសើចញឹមៗ
«ប្រហែលអត់ទេដឹង?» ដារៀ ឆ្លើយបែបងក់ងរបញ្ឈឺវិញ ឃើញច្បាស់នឹងភ្នែកបែបនេះហើយនៅមានមុខមកសួរអីទៀត?
«ពិតមែន...?» គេជ្រិមភ្នែកទាមទារចម្លើយដូចប៉ូលិសដែលសួរចម្លើយអ្នកទោស...។
«នែ...!»
«រាប់ថាចម្លើយណាក៏បងអាច OK ព្រោះបើមិនស្រលាញ់បងក៏បាន តែបងនឹងតាមឲ្យរហូត តាមដល់ជើងមេឃ យល់ទេម្ចាស់សន្យា?»
«អូនស្រលាញ់បងណា មនុស្សប្រុសឫកធំ»
«តែបងស្រលាញ់អូនជាង ស្រលាញ់អូនខ្លាំងជាងអូនស្រលាញ់បង ស្រលាញ់អូនទើបព្រមរត់តាម» អ្នកកំលោះប្រាប់ទាំងស្នាមញញឹមដែលផុសចេញពីបេះដូង ព្រមទាំងថើបមាត់តូចនោះថ្នមៗបញ្ជាក់ថាគ្រប់យ៉ាងដែលគេនិយាយនោះគឺជាការពិត។
ស្នេហាដ៏ផ្អែមល្ហែមអប់ដោយទឹកដមផ្កា នៅក្នុងចំការកុលាបដាំសន្យា សន្មត់ថាបញ្ចប់ត្រឹមនេះហើយ...។
Subscribe to:
Post Comments (Atom)
-
នៅក្នុងចំការផ្កាកុលាបដ៏ធំនៃដែនដី Losangeles មើលដាច់កន្ទុយភ្នែក ប្រៀបដូចជាឋានសួគ៌លើដី ដែលពេញទៅដោយភាពស្រស់ស្អាតនិង...
-
ភាគទី១: ស្លាបហ្សង ធ្វីនក្លឹប នៅក្នុងបន្ទប់ដ៏ធំទូលាយ រៀបចំយ៉ាងទាន់សម័យបំផុតពន្លឺភ្លើងពណ៌ទឹកក្រូច...
nice b
ReplyDeleteចាសអរគុណ😘
DeleteSo sweet 😍😍😍
ReplyDeleteចាសៗ 😍😍😍
Deleteរំភើបដល់ហើយ
ReplyDeleteWhat's the happiness ending!
ReplyDelete