Wednesday, August 8, 2018
បម្រើស្នេហ៍ព្រានកំណាច (ភាគទី៨)
ភាគទី៨
(ទាសីពេញសិទ្ធិ)
នៅពេលដែលធីហ្វានីមានសភាពគ្រាន់បើជាងមុន នាងក៏ត្រូវគេនាំត្រឡប់មកធ្វីនក្លឹបវិញ។ រាងស្តើងសម្លឹងមើលជុំវិញខ្លួនទាំងឈឺចាប់ ចុងក្រោយនាងក៏ត្រឡប់មកកន្លែងនេះវិញដោយចៀសមិនរួច ឬក៏ជាតិនេះនាងត្រូវនៅទីនេះ នៅរហូតទាល់តែគេអនុញ្ញាតឲ្យនាងស្លាប់ឲ្យផុតៗមែនទេ?
“តើខ្ញុំត្រូវធ្វើអី?” រាងតូចងាកមករកអ្នកដែលនៅក្បែរខ្លួនដើម្បីសួរនាំពីតួនាទី។
“នៅឲ្យស្ងៀមសិនទៅ ការងារបស់នាងគង់តែមកដល់ទេ”
“លោកនឹងអនុញ្ញាតឲ្យខ្ញុំបានជួបប៉ារបស់ខ្ញុំមែនទេ?” នៅតែជាសំនួរនេះ ព្រោះវត្ថុបំណងរបស់នាងមានតែមួយនេះគត់នៅក្នុងពេលនេះ។
“...”
“ផ្តល់សង្ឃឹមឲ្យខ្ញុំបន្តិចបានទេ?”
“ស្រេចលើទង្វើរបស់នាងតែប៉ុណ្ណោះ នាងអាចឃើញប៉ានាងឬអត់ អាស្រ័យលើនាងខ្លួនឯង” គេនៅតែសោះកក្រោះ ប៉ុន្តែចម្លើយរបស់គេអាចធ្វើឲ្យរាងតូចញោចចេញស្នាមញញឺម។
“ខ្ញុំច្បាស់ជាធ្វើខ្លួនឲ្យល្អ មិនបង្ករឿង មិនប្រឆាំង”
“នាងច្បាស់ខ្លួនឯងទេ កែនិស្ស័យអ្នកនាងរបស់នាងចេញបានទេ” ប្រុសកំលោះឌឺដង គេដឹងថានាងមានះខ្លាំងប៉ុណ្ណា ប៉ុន្តែគេក៏ជាអ្នកដែលកាច់បំបាំក់ធ្មង់នាងឲ្យបាក់ដូចគ្នា។
“ខ្ញុំច្បាស់ជាអាច!”
“ខ្ញុំក៏ចាំមើលដូចគ្នា នាងអាចដកសរសៃក្អេងក្អាងរបស់នាងចេញឬអត់” ប្រុសកំលោះញោចចុងមាត់ ហើយអោនខ្សិបដាក់ត្រចៀកតូចតិចៗ រាងតូចភ្ញាក់ព្រើតងាកមុខទៅរកគេ តែដូចជាហុចថ្ពាល់ឲ្យគេថើបទទរ ស្រីស្អាតឈានជើងដើរចេញ តែអ្នកកំលោះក៏ចាប់ដៃរបស់នាងយ៉ាងជាប់។
ធីហ្វានីចង់គ្រវាសដៃគេចេញ តែក៏មិនហ៊ាន ទើបបានត្រឹមតែឈរស្ងៀម។ រាងតូចត្រូវគេទាញចូលមកជិតហើយទម្លាប់បបូរមាត់ថើប ធីហ្វានីព្យាយាមនៅស្ងៀម ពេលនេះនាងប្រៀបដូចជាកូនតុក្កតា ដែលគេចង់ធ្វើយ៉ាងម៉េចក៏បានស្រេចតែចិត្តរបស់គេ មិនអីទេនាងអាចទ្រាំបាន ឈឺជាងនេះក៏អាចទ្រាំបាន នាងលែងស្គាល់អ្នកណាជាធីហ្វានី ហ្សេនដារៀ ហើយ ស្រីម្នាក់នោះអស្ចារ្យប៉ុណ្ណា រឹងមាំប៉ុណ្ណា ជាគ្រាប់ពេជ្រដែលភ្លឺចែងចាំងបែបណា នាងភ្លេចបាត់ទៅហើយ នាងគ្រាន់តែស្គាល់ខ្លួនឯងថាជាស្រីស្រីម្នាក់ដែលមានខ្លួនតូចទាបរស់នៅក្រោមបង្គាប់របស់គេដើម្បីដោះដូរនឹងក្តីសុខរបស់លោកប៉ា។
ដល់ចុងក្រោយទឹកភ្នែកពីតំណក់ក៏ហូរស្រក់នៅលើថ្ពាល់តូចសន្សឹមៗទាំងឈឺចាប់ ទោះបីប្រាប់ខ្លួនឯងថានាងគ្រាន់តែជាតុក្កតាដែលគេបញ្ជាមិនគួរមានបេះដូងឈឺចាប់ ប៉ុន្តែរឿងឈឺផ្សាគ្មានអ្នកណាហាមបាន យ៉ាងណានាងនៅតែជាមនុស្សដែលមានបេះដូងដដែល។ ដេរ៉ូហ្វៀ ក្រសោបមុខតូចដោយប្រអប់ដៃធំ គេសម្លឹងមើលចំកែវភ្នែកដែលធ្លាប់រឹងមានះប្រែមកជាទន់ខ្សោយមានតំណក់ទឹកភ្លៀងជន់ជោរពេញកែវភ្នែក។
“ចាប់ផ្តើមដឹងខ្លួនឯងជាអ្នកណាហើយមែនទេ?” គេដកឃ្លាសួរ ហើយថើបមាត់តូចនោះម្តងទៀត មុននឹងច្រាននាងចេញ។
“ទោះបីនាងជាហង្សដែលហោះនៅលើមេឃ ពេលជួបដេរ៉ូហ្វៀ នាងគ្មានឱកាសសូម្បីតែធ្វើជាកូនចាបដែលអាចទទះស្លាបបាន”
ធីហ្វានីខាំមាត់ទប់ទឹកភ្នែក តែវានៅតែហូរចុះមកមិនឈប់ មិនខុសពីគេផ្លែផ្កានាងពិតជាទន់ខ្សោយខ្លាំងណាស់នៅពេលនេះកុំថាឡើយជាហង្សសូម្បីតែជាកូនចាបនាងគ្មានសមត្ថភាពធ្វើផង។
“វាគ្រាន់តែជាការចាប់ផ្តើមនៃជីវិតថ្មីរបស់នាងតែប៉ុណ្ណោះ”
មែនហើយ ជីវិតពីមុនរបស់នាងបានស្លាប់បាត់ទៅហើយ ជីវិតថ្មីរបស់នាងគឺជាជីវិតដែលមានត្រឹមតែដង្ហើមនិងការឈឺចាប់។
“ខ្សែករបស់ប៉ាខ្ញុំនៅឯណា?” ធីហ្វានីតាំងចិត្តធ្វើត្រចៀកថ្លង់មិនខ្វល់នឹងប្រយោគរបស់គេ នាងលូកដៃទៅជូតទឹកភ្នែក ហើយព្យាយាមធ្វើមុខស្មើដូចធម្មតា។
“នាងគ្មានថ្ងៃឃើញវាជាលើកទីពីរទេ”
“វាជារបស់ប៉ាខ្ញុំ”
“តែពេលនេះវានៅក្នុងដៃរបស់ខ្ញុំ” អ្នកកំលោះត្បកមកវិញ មុននឹងដើរចេញទៅបាត់។ ធីហ្វានីដកដង្ហើមវែងៗដៃតូចក្តាប់យ៉ាងជាប់ជើងប្រឹងឈរឲ្យនឹងទប់លំនឹងខ្លួនឯង បបូរមាត់ត្រូវខាំជាប់ដើម្បីទប់ទឹកភ្នែក តែកាន់តែនាងប្រឹងជម្នះណាស់ ទឹកភ្នែកក៏ហូរចុះមកកាន់តែច្រើន ទើបចុងក្រោយនាងត្រូវចុះចាញ់ពន្លែងឲ្យវាហូរចុះមកតាមចិត្ត។
“មិនអីទេ ខ្ញុំទ្រាំបាន ខ្ញុំច្បាស់ជាទ្រាំបាន ច្បាស់ជាអាចទ្រាំបានគ្រប់រឿង នាងអាចទ្រាំបានគ្រប់រឿងមែនទេ ធីហ្វានី” រាងស្តើងតូចប្រាប់ខ្លួនឯងទាំងទឹកភ្នែកហូរ នាងអង្គុយចុះហើយខ្ទប់មុខយំ ទោះបីប្រឹងតឿនប្រាប់ខ្លួនឯងប៉ុណ្ណា ប្រឹងទប់ទឹកភ្នែកប៉ុណ្ណា នៅតែមិនអាចទៅរួច។
នៅក្នុងពេលដែលនាងកំពុងតែយំ សម្រិបជើងលាន់ស្រាលៗរបស់នរណាម្នាក់លាន់ចូលក្នុងត្រចៀករបស់នាង គេដើរមកជិតរាងតូចហើយដាក់កន្សែងលើដៃរបស់នាង មុននឹងដើរចេញទៅយ៉ាងស្ងៀមស្ងាត់។ ធីហ្វានីងើបមុខឡើងហើយចាប់កន្សែងនោះ ស្រីស្អាតសម្លឹងមើលទៅអ្នកដែលកំពុងតែបោះជំហានដើរចេញ...
សាន់ដឺ គឺជាគេហ្នឹងហើយ!
រាងស្តើងក្តោបកន្សែងនៅក្នុងដៃយ៉ាងជាប់ ស្របពេលដែលទឹកភ្នែកកំពុងតែស្រក់ចុះមក សភាពរបស់នាងពេលនេះប្រហែលជាគួរឲ្យសង្វេគខ្លាំងណាស់ ព្រោះសូម្បីតែគេក៏អាចឲ្យកន្សែងទុកឲ្យនាងជូតទឹកភ្នែកដែរ។
“មានរឿងអី ម៉េចក៏យំ?” អេលីសា ចូលមកជិតរាងស្តើង ព្រមទាំងអង្អែលដៃនាងថ្នមជាការលួងលោម។
“ខ្ញុំមើលមកគួរឲ្យអាណិតណាស់មែនទេ?”
“ម៉េចក៏សួរខ្ញុំបែបនេះ?” អេលីសា ភ្ញាក់មិនតិចទេពេលលឺសំនួរ
“ខ្ញុំស្ទើរតែភ្លេចទៅហើយថាសភាពរបស់ខ្លួនឯង ពីមុនរស់នៅយ៉ាងម៉េច”
អេលីសាមើលមុខអ្នកម្ខាងទៀតមិនដាក់ភ្នែក នាងមិនដឹងទេថាធីហ្វានីមានរឿងអ្វីកើតឡើង ហេតុអីមើលទៅនាងសោកសៅខ្លាំងយ៉ាងនេះ ទោះបីជាចង់សួរសាន់ដឺ ច្បាសណាសគឺប្រាកដជាមិនបានទទួលចម្លើយមកវិញឡើយ។
“ខ្ញុំចង់ត្រឡប់ទៅវិញ តែពេលនេះលែងមានឱកាសហើយ”
“ខ្ញុំមិនដឹងថានាងកើតអី មានរឿងអីទេ បើមានអីពិបាកចិត្តអាចប្រាប់ខ្ញុំបាន បើអាចខ្ញុំនឹងជួយនាងណា” អេលីសា ព្យាយាមលោមនៅពេលដែលឃើញធីហ្វានីកាន់តែសោកសៅខ្លាំងឡើង។
“នាងអាចជួយខ្ញុំបានទេ ខ្ញុំចង់ជួបប៉ារបស់ខ្ញុំ” ធីហ្វានី តបទៅវិញដោយសំឡេងស្អក “ចង់ដឹងថាពេលនេះគាត់យ៉ាងម៉េចទៅហើយ”
“ប៉ា?” អេលលីសាបើកភ្នែកធំៗ
“មែនហើយ គឺប៉ា ខ្ញុំដឹងថានាងមិនអាចជួយខ្ញុំបានទេ អរគុណដែលមានចិត្តចំពោះខ្ញុំ”
“ខ្ញុំមិនយល់អ្វីដែលនាងកំពុងតែនិយាយទេ”
ធីហ្វានីគ្រវាសទឹកភ្នែកចេញ សើចស្ងួច ហើយដកដង្ហើមចូលសួតវែងៗ។
“នៅទីនេះ ត្រូវធ្វើអ្វីខ្លះ?”
“នាងចង់មានន័យដល់អ្វី?”
“បុគ្គលិកដែលនៅ Hellishly Zone តើត្រូវធ្វើអ្វីខ្លះ” ប្រហែលដល់ពេលដែលនាងក្លាយជាទាសីយ៉ាងពិតប្រាកដងហើយ ជាតិនេះនាងគេចមិនរួចឡើយ។
“លើកស្រា និងចាក់ស្រាឲ្យភ្ញៀវ ពេលខ្លះវាមិនមែនតែប៉ុណ្ណឹង នាងដឹងស្រាប់ហើយទីនេះជា Hellishly មិនមែនជា Heavan នោះទេ វាអាចនឹងព្រៃផ្សៃសម្រាប់អ្នកដែលមានឋានៈតូចទាប រស់នៅក្រោមបង្គាប់របស់គេ តែវាជាកន្លែងដែលផ្តល់ក្តីសុខ បង្អួតឈាមហ៊ឺហាររបស់មនុស្សអភិជនមិនថាប្រុសឬក៏ស្រី”
“វាជានរកមិនខុសទេ”
“នាងសួរធ្វើអី?” នាងក្រមុំតូចមិនអស់ចិត្តនឹងឫកពាប្លែកៗរបស់ធីហ្វានី។
“គ្មានអីទេ”
“ពិតមែនហ្អ៎?”
“មែនហើយ អរគុណដែលបារម្ភ ពេលនេះខ្ញុំសុំនៅស្ងាត់ម្នាក់ឯង” ធីហ្វានី ងាកមុខចេញបញ្ចាប់សន្ទនា អេលីសា ក៏មិនអាចធ្វើអ្វីបានក្រៅពីចាកចេញតាមការស្នើរ។ នៅទីបំផុតអ្នកនាង ហ្សេនដារៀ ក៏នៅតែម្នាក់ឯងនៅក្នុងបន្ទប់ដ៏ធំ...
ធីហ្វានីក្រោកឈរសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់
“អស់ពេលដែលនាងជាគ្រាប់ពេជ្រហើយ” នាងក្រមុំប្រាប់ខ្លួនឯងតិចៗ នាងងាកទៅសម្លឹងមើលទ្វារដែលមិនចាក់សោរ ហើយដើរចេញមកក្រៅទាំងមុខស្មើស្ងប់។
“អ្នកនាងចង់ទៅណា?” ថូណាដូ ដាក់ដៃឃាំងពេលដែលរាងស្តើងដើរចេញមកក្រៅ។
“ខ្ញុំមិនរត់ទេ អាចតាមបាន”
“ចៅហ្វាយមិនអនុញ្ញាតទេ”
“លោកគិតខុសហើយ ខ្ញុំត្រូវទៅធ្វើការតាមបញ្ជាចៅហ្វាយរបស់លោក” ធីហ្វានីប្រាប់ទៅវិញដោយភាពរឹងមានះ នាងក្រឡេកមើលទៅអ្នកម្ខាងទៀត ឃើញនៅលើថ្ងាសរបស់គេមានស្នាមរបួស ប្រហែលគេហ្នឹងហើយ ដែលត្រូវនាងវាយមួយថូកាលពីលើកមុន។ រាងស្តើងដកដង្ហើមវែងៗហៅកម្លាំងចិត្ត ហើយដើរទៅយ៉ាងលឿន។
ថូណាដូ ស្ងាត់មាត់បន្តិច ប៉ុន្តែក៏ផ្តល់សញ្ញាឲ្យគ្នីគ្នាទៅតាមនាង ចំណែកគេទៅតាមចៅហ្វាយ។
ជើងតូចស្រឡូនឈានចូលមកដល់ក្នុងក្លឹបដែលពេញដោយមនុស្សច្រើនកុះករ ភ្លើងពណ៌បាញ់ភ្លឺចម្រុះពណ៌គ្នា ស្រីស្អាតខាំមាត់តិចៗ សម្លឹងមើលជុំវិញខ្លួន នាងបិទភ្នែក ហើយបើកមកវិញសន្សឹមៗ ហាក់កំពុងតែហៅកម្លាំងចិត្តឲ្យខ្លួនឯង។
“គឺនាងមែនទេ ដែលថ្ងៃមុនបង្ករឿងផ្អើលភ្ញៀវ” ស្រីស្អាតម្នាក់ដើរចូលមក សម្លឹងមើលលើក្រោមហើយសួរ “ហើយពេលនេះមកធ្វើស្អីទៀតហើយ?”
“ខ្ញុំមកធ្វើការ!”
“មកធ្វើការ កំប្លែងមែន”
“...” ធីហ្វានិ មិនឆ្លងឆ្លើយជាមួយបន្ត ហើយដើរទៅបន្ទប់ផ្លាស់ឈុតសម្រាប់បុគ្គលិកដែលនៅទីនេះ។ ឈុតសម្លៀកបំពាក់ដែលនាងស្អប់ខ្ពើម ពេលនេះនាងត្រូវគ្រងវាលើខ្លួនម្តងទៀតហើយ បំពេញតួនាទីជាស្រីបម្រើថ្នាក់ទាបតាមដែលគេចង់បាន។
“ប្រញាប់ទៅណា ម៉ោះអង្គុយកំដរបងសិនអូនសម្លាញ់” ធីហ្វានីត្រូវគេទាញឲ្យអង្គុយក្បែរ ព្រមទាំងដាក់ដៃកៀកក រាងស្តើងដកដៃរបស់គេចេញពីស្មាយ៉ាងលឿនទាំងមុខក្រញ៉ូវ។
“ស្អាតគួរឲ្យស្រលាញ់ខ្លាំងណាស់ ទើបតែមកថ្មីមែនទេ?” អ្នកម្ខាងទៀតចាប់ចង្ការបស់នាងឲ្យបែរមុខមើលគេ រាងស្តើងមិនតបហើយងាកមុខចេញ នាងក្តាប់ដៃយ៉ាងណែនប្រឹងទប់កំហឹង នាងខ្លាចថាអត់ទ្រាំមិនបាន នឹងសំពងក្បាលអាម្សៀនេះបែកទៀត ប៉ុន្តែព្រោះពាក្យថា (ប៉ា) នាងចាំបាច់ត្រូវតែទ្រាំ ទ្រាំឲ្យដល់ទីបំផុត។
“ម៉េចមិនឆ្លើយ ហ្អាស!”
“ខ្ញុំរវល់ អត់មានពេលកំដរទេ” រាងស្តើងប្រញាប់ស្ទុះក្រោកឡើង នាង ហើយច្រានអ្នកម្ខាងទៀតចេញ។
“ការងាររវល់ចាំធ្វើពេលក្រោយក៏បានដែរ មិនអីទេ ផឹកមួយកែវសិនទៅ” អ្នកម្ខាងទៀតដាបដោយជាតិស្រា កាន់បៀមួយកែវហុចមកឲ្យរាងស្តើង ព្រមទាំងក្រលែងខ្លួនតាមចង្វាក់ភ្លេងសប្បាយរហូតចង់បាតសភាពត្រឹមត្រូវអស់។
ធីហ្វានីជ្រួញចិញ្ចើមជាប់ ក្លិនបៀធ្វើឲ្យនាងយកដៃបិតច្រមុះ ហើយយកដៃកៀសចេញបដិសេធភ្លាម។
“ខ្ញុំអត់ផឹកទេ ខ្ញុំនាទីជាអ្នកលើកស្រា មិនមែនជាអ្នកផឹកទេ ខ្ញុំត្រូវទៅហើយ”
“ស្អីគេ? ប្រកែកផង ផឹកហើយទើបអាចទៅបាន” គេចាប់ដៃរបស់នាងជាប់ទាញមកវិញដោយភាពស្រវឹងឆ្កួតឡប់។
“ប្រាប់ហើយថាអត់ទេ ខ្ញុំត្រូវធ្វើការ”
“បើមិនផឹកមិនឲ្យទៅទេ” គេនៅតែរុញកែវស្រាមកដាក់នៅមុខនាង ធីហ្វានីក្រឡេកមើលជុំវិញខ្លួនដែលគេគ្រប់គ្នាកំពុងតែសម្លឹងមើលមកនាងមិនដាក់ភ្នែក។ នាងមានអារម្មណ៍ថាតានតឹងខ្លាំងណាស់ពេលដែលត្រូវគេសម្លឹងមើលមកមិនដាក់ភ្នែក វាពិតជាគួរឲ្យស្អប់ខ្លាំងណាស់ ហេតុអីពេលនេះគ្មានអ្នកណាម្នាក់មកអើពើចំពោះនាងបែបនេះ?
នៅចម្រៀកវិនាទីនោះ ដៃធំមួយឆក់យកកែវស្រាពីដៃបុរសស្រវឹងនោះ ហើយចាប់ទាញដៃតូចខិតឆ្ងាយពីគេ។
“បើគេមិនចង់ផឹក ហេតុអីត្រូវបង្ខំ” សំឡេងគ្រលរលាន់ឡើង ធ្វើឲ្យរាងស្តើងងាកមុខមើលទៅគេ គេមានរាងខ្ពស់ស្រឡះ មុខមាត់សង្ហាដូចទេវបុត្រ កែវភ្នែករបស់គេមានមន្តស្នេហ៍ពេញដោយភាពកក់ក្តៅ គេកំពុងតែចេញមុខជួយនាង។
“ឯងជាអ្នកណា មកចេះដឹងស្អីវ៉ើយ” បុរសម្នាក់នោះស្រែកវ់ាសឡើង ព្រមទាំងច្រានទ្រូងប្រុសកំលោះទាំងក្តៅក្រហាយ។
“ជាអ្នកណា មិនសំខាន់ទេ អ្វីដែលសំខាន់គឺទើសភ្នែកនឹងមនុស្សដូចជាលោកទៅវិញទេ”
“ឯងជាស្អី មកទើសភ្នែកស្អីនឹងយើង?”
“ទើសភ្នែកនឹងលោកដែលបង្ខំមនុស្សស្រី បើគេមិនចូលចិត្ត ហេតុអីចាំបាច់បង្ខំគេ”
“យើងមករកសប្បាយវ៉ើយ”
“គេមិនសហការមិនរាប់ថាសប្បាយទេ បង្ខំគេ គេហៅថាថោកទាប” ប្រុសសង្ហាលេងប៉ុន្មានឃ្លាទៅទៀត ធ្វើឲ្យអ្នកម្ខាងទៀតក្តៅស្លឹកត្រចៀក។
“អាចង្រៃអើយ” បុរសម្នាក់ស្រែកឡើង ព្រមទាំងស្ទុះចូលមកដាល់រាងខ្ពស់ តែគេក៏ចាប់ដៃជាប់យ៉ាងអង់អាច ខណៈដែលដៃម្ខាងទៀតកាន់ដៃធីហ្វានីយ៉ាងជាប់។
“មានរឿងស្អីហ្នឹង?”
“មានគេវៃគ្នាទៀតហើយ យ៉ាងម៉េចអ៊ីចេះ?”
សំឡេងអ៊ូអែលាន់ឡើង អ្នកគ្រប់គ្នានាំគ្នាងាកមមើលព្រោងព្រាត សភាពបែបនេះទៀតហើយ ធីហ្វានី មានអារម្មណ៍ថាពិបាកដកដង្ហើមខ្លាំងណាស់ពេលដែលនាងស្ថិតនៅក្នុងកាលៈទេសៈបែបនេះម្តងទៀត សំឡេងស្រែកខ្លាំងៗ និងត្រូវគេសម្លឹងមើលដូចកំពុងតែតាមដានរឿងភាគ។
“ស្រីម្នាក់នេះជាស្រីរបស់ឯងឬយ៉ាងម៉េចបានមកហួងហែង?”
“ជារបស់ខ្ញុំមែនឬអត់ មិនបាច់លោកខ្វល់ទេ” ប្រុសកំលោះរុញដៃរបស់គេឲ្យថយក្រោយ មើលទៅគេអង់អាចនិងហានក្លាខ្លាំងណាស់។
“កុំឲ្យមានរឿងព្រោះតែខ្ញុំអី” ធីហ្វានីទាញជាយអាវរបស់គេតិចៗប្រាប់ដោយសំឡេងស្រាល នាងអរគុណដែលគេមានចិត្តជួយនាង ប៉ុន្តែមិនសប្បាយចិត្តបើមានរឿងព្រោះនាងនោះទ។
“ខ្ញុំមិនអីទេ កុំបារម្ភអី” អ្នកកំលោះញញឹមពេញដោយភាពកក់ក្តៅដាក់នាង។
“មានរឿងអី?” ដេរ៉ូហ្វៀ ដើរចូលមកដោយទឹកមុខកាចៗ ហើយចាប់ទាញដៃធីហ្វានី កន្ត្រាក់ចូលមកជិតគេ។បុរសសង្ហារាងខ្ពស់ម្នាក់នោះ ប្រុងនឹងងាកមុខមករកប្រភពសំឡេងទៅហើយ តែចៃដន្យបុរសដែលស្រវឹងជោគនោះស្ទុះមកដាល់គេមួយដៃម៉ាំង។
រាងខ្ពស់ដួលខ្ពោកទៅលើដៃ បែរមុខទៅម្ខាង...
“លោក...!” រាងតូចចង់ចូលទៅជួយលើក តែក៏ត្រូវគេចាប់អូសចេញទាំងកំរោល។
“ថូណាដូ ចាត់ការទៅ” ដេរ៉ូហ្វៀ និយាយតែប៉ុណ្ណឹងក៏កន្ត្រាក់ដៃធីហ្វានីដើរចេញទៅបាត់ ចំណែកអ្នកដែលត្រូវគេដាក់ក៏ក្រោកឈរឡើងយកដៃជូតឈាមមាត់ ដៃធំបាំងមុខជិតហើយងាកទៅម្ខាង ស្របពេលដែលកំពុងតែរញ៉េរញ៉ៃ ថូណាដូ កំពុងតែឲ្យគ្នីគ្នាចាប់បុរសស្រវឹងម្នាក់នោះ បុរសសង្ហាដូចជាទេវបុត្រក៏ជ្រែកគេជ្រែកឯងចាកចេញទៅបាត់។
“អ្នកណាឲ្យនាងទៅធ្វើអ៊ីចឹង” ដេរ៉ូហ្វៀ ចាប់ដៃតូចយ៉ាងជាប់ហើយស្រែកគំហក។
“ខ្ញុំកំពុងតែធ្វើនូវអ្វីដែលលោកចង់បាន”
“អ្នកណាបញ្ជានាង?”
“គ្មានអ្នកណាបញ្ជាទេ តែខ្ញុំដឹងថាលោកចង់បានបែបនេះ” ធីហ្វនី ខាំធ្មេញតបទៅវិញ “ខ្ញុំអាចធ្វើបានគ្រប់យ៉ាង ដើម្បីដោះដូរនឹងការជួបប៉ារបស់ខ្ញុំ”
“ស្អីក៏ធ្វើបាបអ៊ីចឹង? ទាំងដែលចូលទៅឲ្យប្រុសទាំងអស់នោះអោប មុខក្រាស់មិនចេះក្រាស់បែបហ្នឹងក៏ធ្វើបានដែរមែនទេ?”
“មែនហើយ!” ធីហ្វានីស្រែកគំហកទៅវិញ “ទៅលក់ខ្លួនឲ្យគេក៏បានដែរ ឲ្យតែខ្ញុំបានជួបប៉ារបស់ខ្ញុំ ខ្ញុំលែងខ្លាចហើយ លោកចង់ច្រានខ្ញុំឲ្យធ្លាក់នរកប៉ុន្មានជាន់ក៏បានដែរ” ទោះស្តាប់សម្តីដូចក្លាហានណាស់ តែនាងកំពុងតែយំខ្លាំងៗ នាងពិតជាអាចធ្វើបានគ្រប់យ៉ាងដើម្បីប៉ាពិតមែន ព្រោះធីហ្វានីពីមុនបានស្លាប់បាត់ហើយ មនុស្សស្រីដែលក្អេងក្អាង មិនព្រមចាញ់អ្នកណាពីមុន លែងមានលើកលោកនេះហើយ។
“ធីហ្វានី!” គេខាំធ្មេញហៅឈ្មោះនាងទាំងក្រោធខឹង ដៃធំមាំច្របាច់កដៃតូចរបស់នាងយ៉ាងជាប់ភ្លេចគិតថាដៃតូចមិនទាន់ជាពីរបួស ឈាមហូរចាប់ផ្តើមហូរជ្រាបចេញមក។
រាងស្តើងឈឺខ្លាំងត្រង់មុខរបួសតែមិនព្រមស្រែកថាឈឺ នាងឈរស្ងៀមដូចកូនតុក្កតា តែជាតុក្កតាដែលចេះយំ...។ ដេរ៉ូហ្វៀ ចាប់អារម្មណ៍នៅត្រង់ដៃរបស់គេហាក់ដូចជាសើម រាងក្រាស់ក្រឡេកមើលក៏ភ្ញាក់ព្រើត ពេលឃើញឈាមក្រហមហូរចេញពីកដៃតូច គេខឹងពេលរហូតដល់ភ្លេចថានាងមានរបួសមិនទាន់ជា។ គេពន្លែងដៃតូចនោះយ៉ាងលឿន ដូចត្រូវចុចតេឡេបញ្ជា...
ឈាមក្រហមស្រក់តក់ៗ តែម្ចាស់លោហិតបែរជាឈរស្ងៀម ភាពរឹងមានះរបស់នាង នៅតែមាននៅក្នុងខ្លួន ទោះបីពេលនេះនាងព្រមចាញ់។
ដេរ៉ូហ្វៀ ខាំមាត់តិចៗ គេបិទភ្នែកហាក់ដូចជាកំពុងតែរំងាប់អារម្មណ៍ ហើតយឆក់ដៃតូចឲ្យដើរតាម។ រាងខ្ពស់រុញនាងឲ្យអង្គុយនៅលើគ្រែចំណែកគេ ក៏ដើរទៅបើកថតតុ យកប្រអប់ថ្នាំមកយ៉ាងលឿន អ្នកកំលោះដាក់ប្រអប់ថ្នាំនៅលើពូក ហើយស្រាយកំណាត់ស្បៃរុំរបួសពីដៃតូចថ្នមៗ ឈាមច្រើនខ្លាំងណាស់ ទាំងនេះគឺសុទ្ធតែជាស្នាដៃរបស់គេ ប៉ុន្តែនាងបែរជាមិនស្រែកថាឈឺសូម្បីតែមួយម៉ាត់។
ភាពស្ងៀមស្ងាត់កើតឡើងមួយខណៈនៅពេលដែលប្រុសកំលោះ ជូតឈាមពេញពីរបួសរបស់នាងថ្នមៗយ៉ាងប្រុងប្រយ័ត្ន បើនាងស្រែកឈឺតែបន្តិច គេប្រហែលជាឃុំគ្រងស្មារតីបានលឿនជាងនេះ ដៃរបស់នាងក៏ប្រហែលមិនមានសភាពយ៉ាប់ដល់ថ្នាក់ហ្នឹងដែរ។ ប្រុសកំលោះងើបមុខឡើង មកប្រទះនឹងកែវភ្នែកមូលក្លំសម្លឹងមើលមកគេយ៉ាងស្ងៀមស្ងាត់ គេខាំមាត់តិចៗ ច្របាច់ដបថ្នាំចង់បែក មុននឹងដាក់វានៅលើពូកក្បែរដៃតូចរបស់នាង...
“លាបវាខ្លួនឯងទៅ” គេប្រាប់រាបៗហើយដើរចេញទៅបាត់ទាំងមិនងាកក្រោយ មុខសង្ហាស្មើធេងនឹងនរ តែអារម្មណ៍ហាក់ដូចជាមិននឹងនរដូចទឹកមុខនៅពេលនេះទាល់តែសោះ។
ធីហ្វានី សម្លឹងមើលប្រអប់ថ្នាំហើយញញឹមស្រាល អរគុណខ្លួនឯងដែលនាងកំពុងតែឈានមួយជំហានទៅមុខជាមួយនឹងពាក្យថាទ្រាំ។
“ឲ្យខ្ញុំជួយនាងទៅ” ស្រីស្រស់ អេលីសា ស្រាប់តែលេចមុខមកដោយមិនបានអញ្ជើញ។
“អេលីសា?”
“ចៅហ្វាយឲ្យខ្ញុំមកជួយរុំរបួសឲ្យនាង នាងច្បាស់ជាមិនអាចធ្វើវាដោយខ្លួនឯងបានឡើយ”
ពេលយប់ក៏ចូលមកដល់...
រាត្រីកាលដ៏ងងឹតពាសដោយស្បៃអន្ធការ នៅក្នុងបន្ទប់ដ៏ធំទំនើបរបស់ដេរ៉ូហ្វៀ រាងស្តើងតូចច្រម៉ក់របស់ធីហ្វានីកំពុងតែគេងលក់យ៉ាងស្ងៀមស្ងាត់បំផុត។ ដៃតូចៗទាំងពីរបស់នាងដាក់នៅលើភួយដែលដណ្តាប់ត្រឹមទ្រូង ដង្ហើមដកលាន់ស្នូរតិចៗបង្ហាញពីសុខភាពដែលមិនសូវជាល្អប៉ុន្មាន។ ស្រមោលរបស់បុរសរាងខ្ពស់ស្រឡះដើរចូលមកដោយជំហានថេរ គេឈានជើងដើរមកជិតគ្រែដែលមាននាងក្រមុំកំពុងតែដេកលង់លក់ កែវភ្នែកមុតស្រួចគយគន់លើរង្វង់មុខតូចស្រស់ស្អាត ដែលពេលនេះនៅតែមានភាពស្លេកស្លាំងមិនទាន់ស្រស់បស់ដូចមុន...។ គេរាភ្នែកមកកដៃដែលរុំដោយស្បៃជាច្រើនជាន់ តែនៅតែមានស្នាមឈាមពណ៌ក្រហមនឹងថ្នាំលាបរបួសជ្រាបចេញមកដដែល។
អ្នកកំលោះដាក់បង្គងអង្គុយក្បែរស្រីស្រស់ យ៉ាងស្ងៀមស្ងាត់ ដៃធំមាំប្រុងនឹងផាត់សក់ដែលរញ៉េរញ៉ៃលើមុខរបស់នាង ប៉ុន្តែក៏ទ្រឹងមួយខណៈនៅពេលដែលដៃជិតដល់មុខរបស់នាង បន្ទាប់មកគេក៏ដកដៃចេញមកវិញយ៉ាងលឿន ដោយរក្សាផ្ទៃមុខស្មើដដែល។
“ការពិត នេះគ្រាន់តែជាចំណែកដ៏តូចមួយនៃការឈឺចាប់ប៉ុណ្ណោះ មានអ្នកដែលធ្លាប់ឈឺចាប់នឹងវេទនាជាងនាងរាប់រយដង ហើយទាំងនោះ គឺដោយសារស្នាដៃអ្នកណាមនុស្សអាក្រក់ខ្លះ” ដេរ៉ូហ្វៀ បន្លឺឡើងស្រាលៗទៅកាន់អ្នកដែលកំពុងគេងលក់ ទោះដឹងថានាងស្តាប់មិនលឺ តែគេនៅតែចង់និយាយវាចេញទៅ។
គេសម្លឹងមើលនាងមួយសន្ទុះក៏ដើរចេញទៅវិញបាត់...!
នៅតុវីអាយភីនៃក្លឹបរាត្រីរបស់ធ្វីនក្លិប ស្រីស្អាតម្នាក់ដែលគ្រងក្នុងរ៉ូបពណ៌ខ្មៅយ៉ាងស្រស់ស្អាត អង្គុយម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ ដោយម្រាមដៃខ្ទាត់កែវស្រាក្រេបតិចៗ។ សក់ពណ៌ខ្មៅរលោងរបស់នាងទម្លាក់មករសាយពេញខ្នង រេទៅមកយ៉ាងទាក់ទាញ បបូរមាត់ដែលលាបក្រែមក្រហមញោចចុងមាត់ញញឹម នាងក្រេបស្រារួចដាក់ទៅលើតុ ហើយស្ទុះក្រោកដើរចេញពីទីនោះយ៉ាងស្វាហាប់។
ដើរមកដល់ច្រក់ស្ងាត់រាងតូច រូតកាបូបយកក្បាំងមុខពណ៌ខ្មៅមកពាក់ ហើយបោះកាបូបនោះចោលទៅក្បែរជញ្ជាំង បន្ទាប់មកដៃស្រឡូនស្អាតក៏កន្ត្រាក់ជាយរ៉ូបវែងដែលនៅជាប់ខ្លួនចេញ ប្រែមកជាឈុតថ្មី ដែលទាំងស្រស់ស្អាត ស៊ិចស៊ីនិងងាយស្រួលក្នុងការធ្វើចលនា នាងដើរទៅមុខញាប់ជើងបណ្តើរ យកសក់ខ្មៅរលោងស្អាតបួងឡើងបណ្តើរ។
ឃ្វីន សសៀរក្បែរជញ្ជាំងបន្ទប់របស់ ដេរ៉ូហ្វៀ នាងសម្លឹងមើលទៅខាងមុខទ្វារដែលមានអ្នកយាមពីរនាក់។ ស្រីស្អាត រើសយកដុំថ្មពណ៌សដែលគេដាក់នៅក្នុងផើមផ្កាពីរបីគ្រាប់ ហើយគប់ទៅជ្រុងម្ខាងទៀត។
“អ្នកណា...?”
“ទៅមើលៗ”
គ្រាន់តែអ្នកយាមម្នាក់ដើរចេញទៅបាត់ ប្លេកឃ្វីន ស្ទុះចូលទៅរកអ្នកដែលនៅឈរយាមយ៉ាងរហ័ស នាងក្រមុំប្រើខ្សែទាក់កអ្នកដែលកំពុងតែឈរអូសមកម្ខាង ហើយវាយឲ្យសន្លប់បាត់មាត់ឈឹង ស្របពេលដែលអ្នកយាមម្នាក់ទៀតត្រឡប់មកវិញ រាងតូចស្តើងក៏ស្វាគមន៍មួយជើងចំកញ្ចឹងកសន្លប់ស្តូក បបូរមាត់ក្រហមញញឹម ហើយច្រានទ្វារដើរចូលទៅភ្លាម។
មិនបង្អង់យូរ នាងបើកកាយថតតុដែលនៅក្នុងបន្ទប់ និងរុះរើរបស់ដែលនៅក្នុងបន្ទប់នោះយ៉ាងលឿន ហើយប្រុងប្រយ័ត្នមិនឲ្យលាន់សំឡេងខ្លាំង។
“ឯកសារសំខាន់ គេយកទៅលាក់នៅឯណា?” ប្លេកឃ្វីន រអ៊ូតិចៗទាំងដៃនៅកកាយរកមិនឈប់ នៅក្នុងពេលនោះ នាងក៏ទាញបើកថតតុកមួយនៅក្បែរគ្រែដេក វាជាប់សោទៅហើយ នាងខាំមាត់តិចៗទាំងធុញថប់ ហើយដកដង្កៀបសក់ មកឆ្កិះសោនោះយ៉ាងស្ទាត់ជំនាញ នាងក្រឡេកមើលទៅអ្នកដែលដេកលក់នៅលើគ្រែដែលផ្អៀងខ្លួនទៅម្ខាងមួយខណៈ ទើបចាប់អារម្មណ៍នឹងរបស់ដែលនៅក្នុងថតតុនោះ។
“ស្អីអ៊ីចេះ?” ចិញ្ចើមរាវស្អាតជ្រួញចូលគ្នា នៅពេលដែលបើកថតតុកមិនឃើញមានឯកសារសំខាន់អ្វី មានតែប្រអប់តូចមួយយ៉ាងស្រស់ស្អាត នាងប្រញាប់ឈោងចាប់វាភ្លាម ហើយបើកវាមើល...
នោះគឺខ្សែករបស់រ៉េនកូ!
“ខ្សែក?” នាងយកវាមកដាក់លើបាតដៃហើយសម្លឹងមើលវា នាងងាកមើលទៅធីហ្វានីដែលកំពុងតែដេក ជើងតូចរបស់នាងឈានទៅយ៉ាងកៀក ស្របពេលដែលដៃចាប់បើគន្លឹះបន្តោងសោរនោះ។
ស្របពេលដែលគន្លឹះនោះរបើក ឃ្វីន មិនទាន់បានមើលបន្តោងនោះច្បាស់ផង សំឡេងមួយស្រែកឡើង។
“អ្នកណាឲ្យនាងចូលមក?”
“ឯងទៀតហើយ” ស្រីស្អាតងាកមុខមកហើយខាំមាត់សម្លក់គេ អាម្សៀម្នាក់នោះទៀតហើយ ត្រូវមួយកាំបិតថ្ងៃមុនប្រហែលនៅស្ទើរ។ ស្រីស្អាតទម្លាក់ខ្សែកនោះចោលទៅក្នុងថតតុវិញ ដៃតូចក៏ចាប់ផ្តើមដកកាំបិតចេញមក។
“អ្នកណាបញ្ចូននាងមក?” សាន់ដឺ សួរដោយសំឡេងរឹង ព្រមទាំងឈានជើងចូលមក មុននេះគេមកដល់ក៏ឃើញគ្នីគ្នាសន្លប់ទើបប្រញាប់ចូលមក។
“ថ្ងៃនេះ ចៀសមិនផុតពីលាងឈាមចេញពីកាំបិតទេ រំខានមែនទេ” ប្លេកឃ្វីនស្ទុះចូលទៅរកអ្នកកំលោះដោយភាពឆេវឆាវ នាងក្តាប់កាំបិទយ៉ាងជាប់ចង់វាយប្រហារទៅលើសាន់ដឺ តែគេគេចចេញយ៉ាងលឿន ដៃធំមាំក៏គ្រវាសមកចាំខ្នងតូចម៉ាំង ធ្វើឲ្យនាងស្ទើរតែផ្កាប់មុខ។
“ចូលមកដល់ទីនេះហើយ បើព្រមចុះចាញ់តាមសម្រួល នាងប្រហែលមានលទ្ធផលល្អជាងនេះ”
“លើកមុនស្ទើរពេក លើកនេះចង់ដាច់ដៃហើយម្តងមែនទេ? មិនអីទេ យើងនឹងឲ្យឯងដាច់ខ្យល់តែម្តង”
សាន់ដឺសើចចុងមាត់បន្តិច មើលទៅនាងទាំងរឹងមាំ ក្លាហាន មានះចង់ឈ្នះក៏ឫកធំមិនល្មមដែរ។ មិនប៉ុន្មានវិនាទីបន្ទាប់ នាងក៏ស្ទុះចូលមកទៀតទៅហើយ ជើងស្រឡូវស្អាតវាតឡើងខ្ពស់តម្រង់កញ្ចឹងករបស់គេ សាន់ដឺអោនផុត ហើយឈូសជើងនាងឲ្យដួល។
ព្រូស...!
ខ្នងតូចបោកទៅលើការ៉ូមួយទំហឹង តែនាងក៏ប្រឹងស្ទុះក្រោកឡើងវិញ ខណៈនេះកាំបិតដែលនៅក្នុងដៃក៏ត្រូវគេទះឲ្យជ្រុះ។ ឃ្វីន ក្រឡេកមើលកាំបិតដែលជ្រុះទៅដៃ នាងអោនចុះដើម្បីរើស តែសាន់ដឺ ក៏ទាត់ដៃរបស់នាង ហើយឆ្កិះកាំបិតនៅឡើង ដោយស្រវាចាប់វាយ៉ាងជាប់។
“អាម្សៀចង្រៃ” ឃ្វីនសង្កៀតធ្មេញទាំងក្តៅក្រហាយ នាងស្រវាទាញកូនកាំបិតពីរដែលសៀតជាប់កំភួនដៃកាន់សង្ខាង ទាំងភ្នែកសម្លក់មើលអ្នកម្ខាងទៀត។
“ច្រើនស្នៀតណាស់ហ្ន៎”
“ចាំតែទទួលដោយរីករាយទៅ”
ឆើង...ៗ
ស្នូរកាំបិតទង្គិចគ្នា លាយឡំដោយសំឡេងវាយតប់គ្នា លាន់ពេញបន្ទប់ ធ្វើឲ្យធីហ្វានីបើកភ្នែកឡើង ហើយក្រោកឡើង។ នាងភ្ញាក់មិនតិចទេពេលដែលឃើញគេប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាដូចនាគប្រឡែងទឹក...
“អា៎...!” រាងស្តើងស្រែកចាចដោយភាពភ័យខ្លាច បន្ទាប់ពីស្រែកនាងយកដៃខ្ទប់មាត់បើកភ្នែកមើលទៅទាំងស្លុត នាងកំពុងតែយល់សប្តិមែនទេ នេះតើមានរឿងអ្វីកើតឡើង?
ឃ្វីន ក្រឡេកមើលអ្នកដែលស្រែកស្ទើរតែបែកបន្ទប់មុននេះ នាងជ្រិមភ្នែកសម្លឹងមើលមិនអស់ចិត្ត តែមិនអាចមើលផ្ទៃមុខរបស់អ្នកម្ខាងទៀតច្បាស់ព្រោះតែដៃតូចទាំងទ្វេខ្ទប់មាត់ជាប់ទៅហើយ។
ឆ្វាច់...!
រវល់តែងាកភ្លេចខ្លួន ដើមដៃរបស់នាងក៏មុតដោយចុងកាំបិតមុតស្រួចដែលជាស្នាដៃរបស់សាន់ដឺ... រាងស្តើងថយក្រោយពីរបីជំហាន ហើយស្ទុះចេញមកក្រៅបន្ទួប់ ក៏ប្រទះនឹងកូនចៅរបស់ដេរ៉ូហ្វៀជាច្រើនអ្នកដែលនាំគ្នារត់ចូលមកស្រ។
កាំបិតដែលនៅក្នុងដៃ ប្រទះអ្នកណាដែលនៅទើសមុខ ឃ្វីនចាត់ការអ្នកនោះ ហើយរំដោះខ្លួនរកផ្លូវគេចយ៉ាងលឿន នាងក្តោបដៃដែលមានរបួសជាប់ ហើយរត់ទៅមុខទាំងមានគេដេញពីក្រោយយ៉ាងជាប់។ ឃ្វីនស្ទុចូលទៅក្នុងបន្ទប់ទឹករបស់មនុស្សស្រី គេខ្លួនភ្លាម ព្រោះយ៉ាងណាពេលនេះមនុស្សច្រើននាងតែម្នាក់ យ៉ាងណាស៊ូមិនបានស្រាប់ទៅហើយ បើជ្រុលជាបែកការណ៍ហើយ មានតែរត់សិនប៉ុណ្ណោះ។
“នាងចូលទៅខាងក្នុងហើយ ឆែកឆេតែម្តងឬយ៉ាងម៉េច?”
“ចូលទៅ!” ថូណាដូ បញ្ជាក់ប្រាប់
“តែនេះជាបន្ទប់ទឹករបស់មនុស្សស្រី មិនល្អទេដឹង?”
“បើសិនស្រីម្នាក់នោះចូលទៅបង្ករឿងនោះ វាកាន់តែអាក្រក់ជាងនេះទៀត ឆាប់ឡើងទៅ”
ក្រោយពេលដែលប្រយោគនេះលាន់ឡើង ពួកគេប្រញាប់ប្រញាល់ចូលទៅភ្លាម នៅខាងក្នុងដែលស្ងាត់គ្មានមនុស្ស ពួកគេចូលមើលតាមបន្ទប់តូចៗនីមួយៗ មិនឃើញនរណាម្នាក់ រហូតដល់បន្ទប់មួយដែលបិទទ្វារយ៉ាងជិត។
“ល្បង...!”
“ចាំមើលបន្តិចសិនទៅ” ថូណាដូ ប្រាប់ដោយសំឡេងស្រាល ពួកគេក៏បានត្រឹមតែនៅស្ងៀមចំាមើល ចំណែកឯងអ្នកខ្លះទៀតព្យាយាមេរកមើលកន្លែងផ្សែង។
ក្រាក...!
“អាយ៎... ស្អីហ្នឹង?” ស្រីស្អាតម្នាក់បើកទ្វារបន្ទប់ទឹកហើយស្រែកវ៉ាកឡើង ដៃតូចលើកច្រត់ចង្កេះឡើងសម្លក់មុខអ្នកគ្រប់គ្នាដោយភាពឆ្នាសឆ្នើម “នេះពួកលោកកំពុងតែធ្វើស្អីហ្នឹង នេះជាបន្ទប់ទឹករបស់មនុស្សស្រីណា? ចូលមកធ្វើស្អី មានច្រឡំបន្ទប់ទេ?”
សំឡេងស្រួចលាន់ឡើង កែវភ្នែករឹងមាំលើផ្ទៃមុខឆ្នាសឆ្នើម សម្លឹងសម្លក់អ្នកដែលចូលមក ជើងតូចស្រឡូនដែលលាន់ក្នុងរ៉ូបវែងក៏ឈានមកមុខបន្តិច។
“សុំទោសអ្នកនាង”
“ឆាប់ចេញទៅ ធ្វើបែបហ្នឹង ខ្ញុំដោះស្រាយធុរៈយ៉ាងម៉េច?”
ថូណាដូ មិនបានមាត់កគេក្រឡេកមើលទៅដានឈាមដែលនៅប្រឡាក់នៅលើឥដ្ឋ ហើយដើរតាមស្នាមឈាមតំណក់តូចៗនោះ រហូតដល់បន្ទប់ចុងក្រោយទាំងមិនអស់ចិត្ត បន្ទាប់ទាំងអស់គេឆែកឆេរួចហើយ បាត់ស្រីម្នាក់នោះទៅណា? មានតែដានឈាមដែលប្រឡាក់ជាប់ឥដ្ឋ? មនុស្សពន់មនុស្សបើរត់គេចគួរណាស់តែគេមើលឃើញ?
“ចេញទៅ មិនអ៊ីចឹង ខ្ញុំស្រែកឲ្យផ្អើលគេតែម្តង ថាពួកលោកជាប្រភេទមនុស្សរោគចិត្ត”
“សុំទោសអ្នកនាង ពួកខ្ញុំមានការចាំបាច់ទើបចូលមក”
“ការងារចាំបាច់ស្អីទៅ? ចូលមកក្នុងបន្ទប់ទឹកមនុស្សស្រីសំខាន់ខ្លាំងប៉ុណ្ណាទៅ?”
ស្រីស្អាតស្រែកគំហកដោយភាពឆ្នាសឆ្នើម កែវភ្នែកមុតស្រួចដែលពេញដោយភាពឆ្មើងឆ្មៃសម្លឹងមើលពួកគេយ៉ាងកំណាច។ នៅទីបំផុតពួកគេក៏ប្រើចាកចេញ ព្រោះយ៉ាងណានៅក្នុងបន្ទប់នោះគេមើលមិនឃើញអ្នកណាក្រៅពីនាង ហើយក្នុងបន្ទប់តូចផ្សេងៗ ក៏មិនឃើញមានអ្នកណាដែរ។
“ល្បង ស្រីម្នាក់នោះទៅណា?”
“យើងម៉េចនឹងដឹង? ឯងក៏ឃើញថាគ្មានអ្នកណានៅទៅនោះក្រៅពីស្រីឆ្នាសម្នាក់នោះទេ បើថានាងជាស្រីម្នាក់នោះក៏មិនអាចដែរ នាងមិនអាចប្រែកាយក្លាយជាមនុស្សម្នាក់ទៀតនោះទេ”
“ពេលនេះគិតយ៉ាងម៉េចទៅល្បង?”
“ប្រាប់ឲ្យគេពិនិត្យមើលច្រកចេញចូលទៅ ឆែកមើលរកមើលមនុស្សស្រីដែលមានរបួសនៅលើដៃ”
ស្រីស្អាតឆ្នាសឆ្នើមដែលទើបនឹងស្រែកចេចចាចនៅក្នុងបន្ទប់ទឹកមុខនេះ ដើរចេញមុខទាំងមុខក្រញ៉ូវ ជើងញាប់ៗរបស់នាងដើរទៅមិនឈប់ព្រមឈប់ ដើរផងងាកក្រោយផងទាំងជ្រួញចិញ្ចើម។
បាំង...!
“អួយ៎...!” រាងស្តើងស្អាតរបស់នាងដើរទៅជល់នឹងនរណាម្នាក់ ខណៈនោះដៃធំមាំក៏ទ្ររាងតូចស្អាតរបស់នាងយ៉ាងជាប់មិនឲ្យដួល។ កែវភ្នែកមុតស្រួចឆ្នាសឆ្នើមរបស់នាងសម្លឹងមើលប្រុសកំលោះមិនពេចច្រិច ដៃតូចក៏តោងដៃធំមាំ បបូរមាត់លាបក្រេបក្រហមញញឹមពេញចិត្តនឹងមុខមាំរបស់អ្នកម្ខាងទៀត។
“សុំទោសផង” ដេរ៉ូហ្វៀ ទប់អ្នកម្ខាងទៀតឲ្យឈរឲ្យនឹង គេនិយាយខ្លីៗហើយដើរចេញ តែដៃធំក៏ត្រូវស្រីស្អាតចាប់ បន្ទាប់មកនាងក៏ដើរមកឈរនៅចំពោះមុខគេ ញញឹមយ៉ាងស្រស់។
“មិនមែនជាកំហុសរបស់លោកទេ ខ្ញុំតើជាអ្នកខុស”
“មិនអីទេ រឿងចៃដន្យ”
“ខ្ញុំម៉ារៀនណា ចុះលោក”
“ដេរ៉ូហ្វៀ!” អ្នកកំលោះតបតាមមារយាទ “ខ្ញុំធុរៈត្រូវធ្វើ លាសិនហើយ” មិនចាំឲ្យអ្នកម្ខាងទៀតឃាត់ទាន់ រាងខ្ពស់ក៏ដើរចេញទៅបាត់។
ម៉ារៀនណា ញញឹមសា្រលហើយងាកតាមមើលគេដែលដើរចេញទៅ ឫកពាសោះកក្រោះបែបនេះនាងចូលចិត្ត មនុស្សប្រុសបែបនេះទើបត្រូវចិត្តនាង។
ដេរ៉ូហ្វៀដើរញាប់ជើងមកបន្ទប់របស់គេដែលជាកន្លែងកើតឡើងរ៉ាវ។ កែវភ្នែកមាំគ្រវាសពេញបន្ទប់មិនឲ្យចន្លោះ គ្រប់យ៉ាងប្រែសភាពមកជារញ៉េរញ៉ៃព្រោះតែការរើកកាយរប់សឃ្វីន នៅពេលនេះនៅក្នុងបន្ទប់ស្ងប់ស្ងាត់ខ្លាំងណាស់ ព្រោះសូម្បីតែធីហ្វានីក៏បានត្រឹមតែអង្គុយស្ងៀមនៅលើគ្រែដោយមិនមានមាត់កអីមួយមាត់ តែមើលទៅនាងក៏ភ័យមិនទាន់បាត់ដែរ។
“ជាអ្នកណាដែលចូលមកក្នុងបន្ទប់យើង?” ដេរ៉ូហ្វៀងាកទៅសួរកូនចៅដែលឈរនៅក្បែរនោះ។
“ជាស្រីដែលមករកលោក....(សាន់ដឺអាក់បន្តិច ប៉ុន្តែធីហ្វានីក៏ចាប់អារម្មណ៍ភ្លាម) គឺស្រីម្នាក់ដែលមកមន្ទីរពេទ្យយប់មិញ”
“អឺម...!” ដេរ៉ូហ្វៀគ្រហេមដើមកជាការដឹងលឺ បន្ទាប់មកមាំក៏ប្រញាប់ដើរចេញមកក្រៅភ្លាមដោយមិននិយាយច្រើន ចំណែកសាន់ដឺក៏ប្រញប់ដើរចេញមកក្រៅដែរ។
ធីហ្វានីតាមមើលគេដែលហាក់ដូចជាមានរឿងលាក់បាំង នាងប្រញាប់ចុះចេញពីគ្រែតាមភ្លាម ល្អបន្តិចដែលអ្នកយាមនាំគ្នាទៅតាមរកស្រីម្នាក់នោះបាត់ ទើបគេមិនចាប់អារម្មណ៍ថាត្រូវខ្វល់នឹងនាង។ នាងក្រមុំដើរតាមពួកគេទាំងពីរលបៗ ចង់ដឹងថា “លោក” ដែលពួកគេនិយាយដល់នោះជាអ្នកណា... នាងព្យាយាមដើរលបៗមិនបញ្ចេញសំឡេងតាមពកគេយ៉ាងជាប់ទាំងចិត្តសង្ស័យ នាងសង្ឃឹមថាអ្នកាដែលគេនិយាយដល់គឺជាប៉ា ព្រោះនាងនឹងបានជួបប៉ានៅក្នុងពេលនេះ...
“មានឲ្យគេទៅមើលកន្លែងនោះឬនៅ មានអ្នកចូលទៅដល់ឬអត់?”
“នៅទីនោះមានអ្នកយាមហើយ”
“ត្រូវចាំថាមិនអាចប្រហែលទេ រឿងយប់នេះក៏ប្រហែលជាស្នាដៃរបស់ម៉ារីអូ វាច្បាស់ជាបញ្ចូនមនុស្សរកអ្វីម្យ៉ាងពទីនេះ វាក៏ប្រហែលមិនអស់ចិត្តបីរឿងរ៉េនកូ ប្រហែលនៅចង់មករកបន្ត”
“ពួកយើងកំពុងតែតាមចាប់ស្រីម្នាក់នោះ ចាប់បានពេលណា គ្រប់យ៉ាងច្បាស់ជាងត្រូវបានបកស្រាយហើយ”
“យើងមិនលើកលែងវាដាច់ខាត”
ធីហ្វានីប្រឹងផ្ទៀងត្រចៀកស្តាប់ព្រោះចង់ដឹងថាគេនិយាយពីរឿងអ្វី ប៉ុន្តែក៏ស្តាប់មិនច្បាស់ ទើបបានត្រឹមតែដើរតាមរហូតមកដល់បន្ទប់មួយដែលមើលទៅសម្ងាត់ជាងគេ។ នាងក្រមុំដើរចូលតាមអ្នកកំលោះទាំងពីរ នៅក្នុងបន្ទប់ដ៏ធំនោះ មានបន្ទប់កញ្ចក់មួយដែលពេញក្នុងនោះមានរៀបចំឧបករណ៍ព្យាបាលដូចនៅក្នុងមន្ទីរពេទ្យ ហើយនៅលើគ្រែរបស់អ្នកជម្ងឺដែលនៅខាងក្នុងនោះបុរសម្នាក់កំពុងតែដេកស្តូកស្តឹងស្ងៀមឈឹងស្ទើរតែក្លាយទៅជាមនុស្សរុក្ខជាតិទៅហើយ។
ធីហ្វានីយកដៃខ្ទប់មាត់នាងព្យាយាមសម្លឹងមើលទៅអ្នកដែលកំពុងតែដេកស្ងៀមនោះ បេះដូងលោតដុកដាក់ៗទាំងភ័យខ្លាច។
“ចៅហ្វាយ!” កូនចៅរបស់ដេរ៉ូហ្វៀអោនគំនាប
“គេយ៉ាងម៉េចហើយ?”
“សភាពរបស់គេនៅតែដូចមុន”
“អស់អីហើយ ទៅធ្វើការរបស់ឯងចុះ”
“បាទចៅហ្វាយ”
“មើលទៅសភាពរបស់រ៉េនកូ មិនងាយនឹងល្អទេ” សាន់ដឺ បន្លឺឡើងព្រមទាំងសម្លឹងមើលទៅអ្នកដែលកំពុងតែដេកស្ងៀម។
“ប្រហែលកម្មពៀរបស់គេមកដល់ហើយ”
រ៉េនកូ?
ធីហ្វានីញ័រមាត់រត់ចេញពីកន្លែងពូនចេញមកស្រែកចាច...
“ប៉ា...!” នាងស្ទុះចង់ចូលទៅរកអ្នកដែលជាប៉ា ប៉ុន្តែព្រោះតែរនាំងកញ្ចក់នោះនាងក៏មិនអាចធ្វើបាន។ ដេរ៉ូហ្វៀភ្ញាក់មិនតិចទេពេលដែលឃើញនាងនៅទីនេះ “ប៉ា...ប៉ា...ៗ ប៉ាកើតអីប៉ា?”
ធីហ្វានីចាប់ផ្តើមឆ្លេឆ្លាចង់ដៃគោះកញ្ចក់នោះមិនឈប់ ពេលនេះក្នុងខួរក្បាលរបស់នាងគិតអ្វីមិនចេញក្រៅពីចង់ចូលទៅមើលប៉ានៅខាងក្នុង បេះដូងក៏លោតញាប់ដោយភាពភ័យខ្លាច។
“ម៉េចក៏នាងមកទីនេះ?” ដេរ៉ូហ្វៀបើកភ្នែកធំៗមើលទៅនាង នេះជារឿងឆ្កួតស្អីទៅ គេត្រូវនាងតាមមកពីអង្អាល់ម៉េចក៏គេមិនចាប់អារម្មណ៍ទាល់តែសោះ?
“ចៅហ្វាយ!” សាន់ដឺ ក៏ភ្ញាល់មិនស្ទើរដូចគ្នា
“ប៉ា...ប៉ា... មានរឿងអី មានរឿងអីទៅ?” ធីហ្វានី ងាកមុខមករកដេរ៉ូហ្វៀទាំងស្លុតចិត្ត នាងសម្លឹងមើលទៅគេទាំងកែវភ្នែកញ័រទទ្រើត ប្រុសម្នាក់នេះបានធ្វើអី្វខ្លះចំពោះប៉ារបស់នាង ហេតុអីសភាពរបស់គាត់ពេលនេះអាក្រក់ខ្លាំងយ៉ាងនេះ?
“លោក...លោកធ្វើអីប៉ាខ្ញុំ?”
“...” អ្នកកំលោះមិនឆ្លើយ គ្រាន់តែមើលទៅនាងទាំងខឹង
“ខ្ញុំសួរថាលោកធ្វើអីដាក់ប៉ាខ្ញុំ?” រាងស្តើងស្ទុះមករកគេ ដៃតូចចាប់កអាវរបស់គេយ៉ាងជាប់កន្ត្រាក់ខ្លាំងៗ “មនុស្សអាក្រក់ លោកធ្វើយ៉ាងម៉េចខ្លះដាក់ប៉ាខ្ញុំ ម៉េចក៏មានសភាពបែបនេះ ឆាប់ឆ្លើយមកៗ”
“ត្រឡប់ទៅកន្លែងរបស់នាងវិញទៅ” គេចាប់ទាញដៃតូចរបស់នាងចេញពីកអាវរបស់គេ ហើយរៀបចំឲ្យវាមានរបៀបឡើងវិញ។
“ខ្ញុំមិនទៅ ឆ្លើយមកលោកធ្វើអីដាក់ប៉ាខ្ញុំ?” ទឹកភ្នែករបស់នាងហូរចុះម៉ាត់ៗ ពេលស្រែកគំហកសួរគេ។
“បើមិនចង់ឲ្យរឿងកាន់តែអាក្រក់ជាងនេះ ត្រឡប់ទៅវិញទៅ”
“លោកអាក្រក់ណាស់ តិរិច្ឆានណាស់ លោកធ្វើបាបមនុស្សចាស់ដែលគ្មានផ្លូវស៊ូ អាមនុស្សថោកទាប”
ផ្លាច់!
មុខសង្ហាត្រូវទះយ៉ាងខ្លាំង ទ្រូងមាំក៏ត្រូវដៃតូចៗក្តាប់ជាប់យ៉ាងណែនគក់ខ្លាំងៗ។
“អ្នកណាឲ្យលោកធ្វើបាបប៉ាខ្ញុំ?”
ដេរ៉ូហ្វៀខាំធ្មេញ ងាកមកសម្លឹងរាងតូច ដែលក្តាប់ដៃយ៉ាងណែនវាយទ្រូងគេបន្ទាប់ពីទះគេមួយដៃ។ សាន់ដៃក៏ចាប់ទាញធីហ្វានីចេញ ពីប្រុសកំលោះព្រោះមើលទៅនាងកំពុងតែព្យាយាមធ្វើបាបចៅហ្វាយរបស់គេទាំងដែលដឹងថាខ្លួនគ្មានផ្លូវឈ្នះ។
“លែងខ្ញុំ...លែង...”
“...”
“លោកធ្វើបាបប៉ាខ្ញុំ ខ្ញុំនឹងសម្លាប់លោកៗ លែង...” ធីហ្វានីរើកញ្ជ្រោលហើយស្រែកខ្លាំងៗ កម្លាំងនៃភាពខឹងក្រោធ សាន់ដឺ ស្ទើតែចាប់នាងមិនឈ្នះ។
“នាំងនាងទៅវិញទៅសាន់ដឺ”
“បាទចៅហ្វាយ”
“លែងខ្ញុំ...លែង...” រាងស្តើងស្រែកគំហកពេលដែលគេចាប់អូសនាងចេញឆ្ងាយពី ដេរ៉ូហ្វៀ នាងសម្លក់មើលគេទាំងខឹងនិងឈឺចាប់។
“ប្រាប់ថាឲ្យលែង... ក្រិប!”
ធ្មេញតូចៗរបស់នាងសង្កត់លើដៃរបស់ សាន់ដឺយ៉ាងខ្លាំងរហូតស្ទើរតែចេញឈាម ប្រុសកំលោះព្យាយាមរលាស់ដៃចេញពីធ្មេញមុតស្រួចនោះ ទើបនាងមានឱកាសដើម្បីរត់មករកសត្រូវកំណាច ស្រីស្អាតចូលមកកន្ត្រាក់ដៃរបស់ដេរ៉ូហ្វៀទាំងមិនអស់ចិត្ត។
“ខ្ញុំប្រាប់ហើយ ថាមិនឲ្យលោកធ្វើបាបប៉ាខ្ញុំទេ?”
“...”
“មនុស្សអាក្រក់ម៉េចក៏លោកធ្វើទៅរួច?”
“ផលតបស្នងនៃអំពើអាក្រក់របស់ប៉ានាង កំពុងតែមកតោងទាមវិញតែប៉ុណ្ណោះ” អ្នកកំលោះគំហកដាក់វិញដោយសំឡេងខ្ពស់ គេក្តៅក្រហាយមិនចាញ់គ្នា នាងបែរជាហានទះមុខគេនៅចំពោះមុខកូនចៅរបស់គេ។
“អាមនុស្សអាក្រក់?” ស្រីស្អាតយារលើកឡើងចង់ទះមុខគេម្តងទៀត តែម្តងនេះក៏ត្រូវគេចាប់ដៃយ៉ាងជាប់ព្រោះដឹងមុន។
“កុំប្រហើនធីហ្វានី!”
“តិរិច្ឆានដូចលោកសមតែស្លាប់ ទះប៉ុណ្ណឹងនៅស្រាលខ្លាំងណាស់ ម៉េចនៅតែធ្វើបាបប៉ាខ្ញុំ ខ្ញុំព្យាយាមហើយ ព្យាយាមធ្វើគ្រប់យ៉ាងហើយ ថោកទាបយ៉ាងម៉េចក៏ខ្ញុំដាក់ខ្លួនធ្វើដែរ ម៉េចក៏នៅចងកម្មនិងមនុស្សចាស់ទៀត ចង់ធ្វើអាក្រក់ណាស់ មកធ្វើលើខ្ញុំតែម្នាក់បានហើយ ហ៊ឹក...ហ៊ឹក... ហេតុអីទៅធ្វើបាបគាត់ ហ៊ឹក...ហ៊ឹក...ៗ ចង់សងសឹក មកសងសឹកលើខ្ញុំទៅ...” ធីហ្វានី ស្រែកតវ៉ាទាំងយំ ទឹកភ្នែកស្រក់ចុះមកដាមថ្ពាល់ទាំងឈឺចាប់និងខឹងស្អប់។
“ប៉ុណ្ណឹងមិនអាក្រក់ទេ...!” ដេរ៉ូហ្វៀ ប្តូរមកចាប់ដើមដៃរបស់នាងទាំងទ្វេហើយគំហកតិចៗ។
Subscribe to:
Post Comments (Atom)
-
នៅក្នុងចំការផ្កាកុលាបដ៏ធំនៃដែនដី Losangeles មើលដាច់កន្ទុយភ្នែក ប្រៀបដូចជាឋានសួគ៌លើដី ដែលពេញទៅដោយភាពស្រស់ស្អាតនិង...
-
ភាគទី១: ស្លាបហ្សង ធ្វីនក្លឹប នៅក្នុងបន្ទប់ដ៏ធំទូលាយ រៀបចំយ៉ាងទាន់សម័យបំផុតពន្លឺភ្លើងពណ៌ទឹកក្រូច...
No comments:
Post a Comment