Wednesday, August 8, 2018
ព្រហ្មលិខិតស្នេហ៍ឃាតក
ភាគទី២
(Killer And Me)
ហាន់ណា ត្រូវឃាតកកំលោះអូសផុតពីភ្នែករបស់ក្រុមអង្គរក្សទាំងនោះ ប្រុសកំលោះលែងដៃដែលក្រៀកនាងចេញ ហើយរុញនាងឲ្យទៅមុខគេភ្ជង់តាមក្រោយ ។
“ដើរទៅ បើចង់នៅដកដង្ហើមបានយូរបន្តិច!”
“ក្រែងលោកនាំខ្ញុំមកដើម្បីសម្លាប់មិនអ៊ីចឹង?”
អ្នកកំលោះសម្លឹងមើលស្រីតូចរាងស្តើងដែលនៅចំពោះមុខ កាន់តែនាងមិនខ្លាច កាន់តែនាងមិនអង្វរឲ្យគេទុកជីវិតដូចអ្នកមុនៗគេក៏គ្មានក្តីក្លាហានក្នុងការធ្វើចិត្តដាច់សម្លាប់ក្មេងស្រីដែលមិនដឹងពីភាពអាក្រក់នៃពិភពលោកដូចជានាង ។
“នាងនៅមានប្រយោជន៍”
ប្រុសកំលោះតបទៅវិញ ហើយដើរហួសនាងទៅមុខ បើនាងមិនខ្លាចផង ប្រឹងភ្ជង់ដល់ស្លាប់ខ្លួនឯងទៀត ក៏គ្មានប្រយោជន៍ដែរ ដូច្នេះមិនចាំបាច់ដាក់សម្ពាធដល់នាងឬខ្លួនឯងពេកនោះទេ។
នាងក្រមុំមិនតបបានត្រឹមតែដើរតាមគេ តែហេតុអីនាងមិនខ្លាចគេសោះអ៊ីចឹង? មិនខ្លាចថាត្រូវស្លាប់ ហើយក៏លួចគិតលំអៀងចំពោះខ្លួនឯងថាគេមិនសម្លាប់នាងទេ ព្រោះមើលទៅគេមិនដូចមនុស្សអាក្រក់ ទោះពីដៃកាន់កាំភ្លើងប្រឹងធ្វើមុខកាចសំឡេងមាំ តែសម្រាប់នាងមើលទៅគេ វាគ្រាន់តែជាសម្បកក្រៅដែលគេយកមកបិទបាំង មិនដឹងព្រោះនាងមានប្រយោជន៍ទើបគេមិនទាន់សម្លាប់នាង ឬក៏ព្រោះដូចអ្វីដែលនាងគិត ទើបនាងអាចនៅរស់ដល់ពេលនេះ។
ហាន់ណា ចាប់អារម្មណ៍ថាដៃរបស់គេមានឈាមហូរ នាងមិនដឹងទេថាគេមានរបួសតាំងពីពេលណា។
“លោក... ដៃរបស់លោកមានឈាមហើយ” នាងរត់តាមពីក្រោយគេកិតៗហើយប្រាប់ទាំងបន្ទីបន្ទា។ អ្នកកំលោះសម្លឹងមើលដៃរបស់ខ្លួនដែលកំពុងតែមានឈាមហូរ ទឹកមុខរបស់គេបង្ហាញថាមិនសូវជាយកចិត្តទុកដាក់ប៉ុន្មានទេនៅលើរបួសនេះ។
“ឈាមច្រើនយ៉ាងនេះ ប្រាកដជាឈឺហើយ”
“កុំនិយាយច្រើនពេក ថ្លង់ណាស់”
“ខ្ញុំគ្រាន់តែ...”
“បើមិនចង់ឲ្យខ្ញុំយកគ្រាប់កាំភ្លើងញាត់ចូលមាត់របស់នាងទេ ស្ងាត់ទៅ”
អ្នកកំលោះគំរាមយ៉ាងធុញទ្រាន់ បន្ទាប់មក៏ដាក់បង្គងលើកំណត់ឈើធំមួយ គេដោអាវក្រៅចេញ ហើយសម្លឹងមើលមុខរបួសដែលកំពុងតែហូរឈាម បាល្អគ្រាន់បើដែលវាមិនមែនជារបួសដែលបៀបគ្រាប់កាំភ្លើងនៅខាងក្នុង គ្រាន់តែត្រូវបញ្ឆិត ឈឺខ្លាំងបន្តិច តែវាមិនបង្កគ្រោះថ្នាក់ឲ្យគេណាស់ណា ម្យ៉ាងអ្នកដែលប្រឡូកនៅក្នុងឆាកជីវិតក្នុងព្យុះគ្រាប់កាំភ្លើងដូចជាគេ វាទម្លាប់ទៅហើយ។
ហាន់ណា ឈរមើលគេ បបូរមាត់ក៏ញ័រតិចៗពេលឃើញឈាមច្រើន នាងស្រាយកន្សែងបង់ករបស់ខ្លួន ហើយហែកវាឆ្វោកៗ មកជូតឈាមឲ្យគេ។
“នាងកំពុងតែធ្វើស្អី?”
“នៅឲ្យស្ងៀមទៅ” នាងក្រមុំប្រាប់ ហើយជូតឈាមឲ្យគេថ្នមៗ “បើគ្មានថ្នាំលាងរបួស អាចមេរោគ ទៅពេទ្យល្អទេ?”
“ទីនេះគឺក្នុងព្រៃ!”
អុញ...! ភ្លេចឲ្យឈឹង
អ្នកកំលោះរាងខ្ពស់លូកដៃទៅក្នុងហោបៅអាវធំរបស់គេយកដបថ្នាំពីរបីដបមក ព្រមទាំងសំឡីនិងស្បៃរុំរបួសខ្លះៗ។ ហាន់ណា សម្លឹងមើលគ្រប់យ៉ាងដែលគេយកចេញមក។
“ធ្លាប់ត្រូវរបួសញឹកញាប់មែនទេ?”
“ម្តងម្កាល” និយាយបណ្តើរប្រុសកំលោះ មួលកម្របថ្នាំបណ្តើរ គេតែងតែដាក់វាជាប់តាមខ្លួន ព្រោះយ៉ាងណាសមាសភាពរបស់គេមិនងាយរត់ទៅរកគ្រូពេទ្យដូចមនុស្សទូរទៅទេ។
“ចាំខ្ញុំជួយ...!” ហាន់ណា យកដបថ្នានិងសំឡីពីគេ មើលទៅនាងតាំងចិត្តជួយគេដោយភាពស្មោះត្រង់ មិនរវល់ថាអ្នកដែលអង្គុយនៅចំពោះមុខនាងនៅពេលនេះគឺមកដើម្បីសម្លាប់នាងនោះទេ។
“ម៉េចមិនរត់ ពេលនេះនាងអាចមានឱកាស”
“ខ្ញុំមិនស្គាល់ផ្លូវចេញទៅវិញទេ.... ខិក ខិក...!” នាងសើចតិចៗបែបលលេង “ពេលនេះលោកកំពុងតែឈឺមិនអ៊ីចឹង? លោកយាយប្រាប់ថា មិនត្រូវទុកអ្នកដែលមានទុក្ខចោលដោយមិនរវល់ទេ”
“ចង់គិតធ្វើគុណលើខ្ញុំ មិនបានផលតបស្នងល្អនោះទេ” អ្នកកំលោះបន្លឺឡើងព្រមទាំងសម្លឹងមើលនាង ដែលកំពុងតែឈ្ងោកមុខរុំរបួសនៅលើដៃរបស់គេយ៉ាងប្រុងប្រយ័ត្ន។
“លោកយាយក៏ប្រាប់ដែរ ការធ្វើគុណទៅលើអ្នកណាម្នាក់ មិនប្រាកដថាបានផលតបស្នងមកវិញឡើយ ប៉ុន្តែ... មិនមែនព្រោះហេតុផលនេះត្រូវប្រងើយកន្តើយដាក់អ្នកនៅជុំវិញខ្លួន មិនរវល់ពេលគេមានបញ្ហានោះទេ ព្រោះពេលដែលធ្វើល្អទៅនរណាម្នាក់ មិនគួរប្រាថ្នាឲ្យគេតបគុណមកវិញឡើយ”
“តែខ្ញុំគឺមកដើម្បីសម្លាប់នាង”
“អ៊ីចឹងហើយ ខ្ញុំត្រូវសន្សំបុណ្យទុកជាតិក្រោយ កុំឲ្យអាយុខ្លីដូចជាតិនេះ” នាងញញឹម ហើយចាត់ការបន្តភារកិច្ចរបស់ខ្លួន មើលទៅនាងស្រស់ស្រាយ បរិសុទ្ធនិងមានសណ្តានចិត្តល្អខ្លាំងណាស់ តើមានមនុស្សប៉ុន្មាននាក់ដែលដូចជានាងនៅក្នុងលោកនេះ?
ប្រហែលអត់ទេ!
“រួចហើយ!” នាងក្រមុំងើបមុខឡើងហើយញញឹមស្រាល
ប្រុសកំលោះក្រោកឈរឡើង ហើយទាញអាវក្រៅមកពាក់វិញ គេក្រឡែកមើលទៅនាងបន្តិចហាក់ដូចជាចង់និយាយអ្វីម្យ៉ាង ប៉ុន្តែចុងក្រោយគេក៏ជ្រើសបិទមាត់ស្ងាត់ស្ងៀម។
“នៅឈឺខ្លាំងទេ”
“មិនអីទេ មិនបាច់ខ្វល់ទេ”
“ហេតុអីក៏សោះកក្រោះយ៉ាងនេះ ខ្ញុំមើលទៅលោកដូចមិនសមសោះកក្រោះយ៉ាងនេះសោះ” នាងក្រមុំសួរឡើងព្រមទាំងងើបមុខលើទៅគេ ព្រោះគេខ្ពស់ជាងនាង ទើបពេលនិយាយត្រូវងើយមុខឡើយ ទើបសម្លឹងមើលគេបានច្បាស់បន្តិច។
អ្នកកំលោះចោលភ្នែកមើលទៅនាងបន្តិច គេមិននិយាយអ្វី ហើយក៏ដើរទៅមុខធ្វើមិនដឹង។
“អេ៎ លោកឃាតក...!” ហាន់ណា ស្រែកហៅហើយបោះជំហានតាមគេតែគេមិនតប ហើយគិតថាដើរទៅមុខញាប់ជើង “ចាំខ្ញុំផង”
គេស្រាប់តែឈប់ងក់ ហើយបែរមុខមកភ្លាម...!
បាំង...!
ក្រមុំតូចបុកត្រូវទ្រូងធំទូលាយរបស់គេ មុខស្រទន់របស់នាងជ្រប់នឹងទ្រូងកក់ក្តៅ ស្រីស្រស់ឈានជើងថយក្រោយវិញភ្លាមទាំងបេះដូងលោតញាប់។ បុរសសង្ហារក្សាទឹកមុខស្មើ ស្ថិតនៅក្នុងភាពស្ងៀមស្ងាត់ខណៈដែលនាងក្រមុំមុខក្រហមតិចៗព្រោះអៀន។ ស្រាប់តែបន្តិចក្រោយទឹកមុខរបស់គេប្រែប្រួលសម្លឹងមើលមកនាងដូចជាសត្រូវ ព្រមទាំងលើកកាំភ្លើងឡើងមក ទឹកមុខស្មើកំណាចផ្តោតមកនាងជាគោលដៅត្រូវតែសម្លាប់...
ហាន់ណា នៅស្ងៀមសម្លឹងមើលទៅគេដោយកែវភ្នែកស្មើ ប្រហែលជាដល់ពេលដែលត្រូវបំពេញភារកិច្ចរបស់ខ្លួនហើយ នាងក្រមុំឈានជើងថយក្រោយបន្តិចហើយដកដង្ហើមធំ...
“នៅឲ្យស្ងៀម”
ជើងរបស់នាងឈានថយក្រោយរបស់នាងប្រែជាឈប់ស្ងៀម...
“ខ្ញុំមិនបានចង់រត់ទេ”
“បិទមាត់!”
ហាន់ណា បិទមាត់ស្ងាត់ឈឹងឈប់និយាយ បិទទាំងភ្នែកពេលដែលប្រឈមនឹងការណុងកាំភ្លើង នាងមិនចង់ឃើញគ្រប់សំណនោះហោះមកតម្រង់ក្បាលនាងនោះទេ យ៉ាងណាក៏ដោយនាងគ្រាន់តែជាស្រីដ៏ទន់ខ្សោយម្នាក់ ចំពោះរឿងនេះ នាងក៏ខ្លាចដូចគ្នា គ្រាន់តែនាងខ្លាចតែមិនគេចវេសប៉ុណ្ណោះ។
ផាំង...!
គ្រាប់កាំសំណមួយគ្រាប់បានផ្ទុះឡើងហើយស្ទុះទៅមុខដោយល្បឿនយ៉ាងលឿន ឈាមក្រហមច្រាលខ្ទាតចេញមកក្រោយពេលដែលគ្រប់កាំភ្លើងចាក់ទម្លុះក្បាល...
ហាន់ណា ភ្ញាក់ព្រើត នាងមានអារម្មណ៍ថានៅត្រង់ករបស់នាងមានប្រឡាក់អ្វីម្យ៉ាង ប៉ុន្តែក្រោយពេលដែលគេកេះកៃហើយ ហេតុអីនាងមិនមានអារម្មណ៍ឈឺចាប់អ្វីបន្តិចសោះ? ស្រីស្រស់បើកភ្នែកឡើងសន្សឹមៗ ឃើញគេស៊កកាំភ្លើងទុកវិញ ពេលដែលក្រឡែកមើលមកក្បែខ្លួនក៏ឃើញពស់វែកមួយក្បាលងាប់នៅលើមែកឈើក្បែរនាង។
មានន័យថាមុននេះគេបាញ់ពស់?
បិប... កន្សែងបង់កដែលនាងហែកមុននេះត្រូវគេបោះដាក់លើករបស់នាង ដោយមុខស្មើ។
“ជូតចេញទៅ”
“ហាស? ព្រះអើយ...!” នាងភ្ញាក់មិនតិចទេដែលឃើញដើមកខ្លួនស្រាប់តែមានឈាមស្រស់ប្រឡាក់យ៉ាងច្រើន ឃើញហើយមិនញញើតមិនបាន នាងក្រមុំបើកភ្នែកធំៗសម្លឹងមើលទៅស្នាមដែលប្រឡាក់នោះ។
ឃាតកកំលោះឈានជើងចូលមកជិតនាង ហើយយកកន្សែងបង់កនោះមកជូតឈាមឲ្យនាងថ្នមៗយ៉ាងស្ងៀមស្ងាត់ ហាន់ណា បើកភ្នែកធំៗមើលទៅគេទាំងបេះដូងលោតដុកដាក់ៗ ហេតុអីក្នុងទ្រូងស្រាប់តែញាប់ញ័រពេលដែលនាងសម្លឹងមើលទៅមុខរបស់គេ។
“អរ... អរគុណ”
“ចាត់ទុកថារួចគ្នា” គេតបមកវិញស្រាលៗ ហើយបោះកន្សែងនោះទៅលើមែកឈើ យ៉ាងណាវាប្រឡាក់ប្រើការលែងបានទៅហើយ។
“ការពិត.... បើសិនលោកមិនបាច់ពស់នោះខ្ញុំត្រូវស្លាប់យ៉ាងងាយទៅហើយ លោកនឹងមិនពិបាក”
“ខ្ញុំមកដើម្បីសម្លាប់នាង មិនមែនឈរមើលនាងស្លាប់ទេ”
“នេះ...”
“កុំនិយាយច្រើន ហើយដើរតាមមក”
នាងមិនយល់ពីគេ... មិនយល់ពីគេពិតមែន មានអ្នកណាអាចពន្យល់នាងបានទេ? គេជាមនុស្សបែបណា គេគិតចង់ធ្វើអ្វីឲ្យប្រាកដ....
ខ្យល់ចាប់ផ្តើមបោកបក់ខ្លាំង លាយឡំនិងសំឡេងគ្រហឹមអមមកជាមួយនិងផ្លេកបន្ទោលចាំងមក ឆ្វាច! ឆ្វាច..! ភ្លឺពេញមេឃបញ្ជាក់ថាបន្តិចទៀតនឹងមានភ្លៀងហើយ ហើយថែមទាំងជាភ្លៀងខ្លាំងទៀតផងឃាតកកំលោះ ងាកមើលមកនាងក្រមុំ។
“មានភ្លៀងធំមិនខានទេ!” នាងពោលតិចៗទាំងភ័យខ្លាច ព្រោះមិនដែលមិនឋិតក្នុងបរិយាកាសបែបនេះពីមុនទេ នៅក្នុងព្រៃមេឃឆាប់ងងឹតខ្លាំងណាស់ គ្រាន់តែមេឃរកភ្លៀងសោះ ក៏ងងឹតដូចមេឃបាក់ធ្លាក់ចុះក្រោមទៅហើយ។
ប្រុសសង្ហាឈោងដៃមកកាន់ដៃនាងថ្នមៗ ទាំងមិនងាកមើលមុខនាងបន្ត ហើយដើរទៅមុខ ហាន់ណា បើកភ្នែកធំៗសម្លឹងមើលដៃដែលគេក្តោបជាប់នោះ បេះដូងនាងលោតញាប់ៗ នាងមើលម្ចាស់ដៃធំ ផ្ទៃមុខគេស្មើ ហើយបន្តដើរទៅមុខដោយមិនមើលនាងសូម្បីតែបន្តិច។
ដូចមិនស្រណោះអីសោះ!
ប៉ុន្តែ! ហេតុអីបេះដូងរបស់នាងលោតញាប់ជាមួយនឹងឫកពាសោះកក្រោះរបស់ឃាតកម្នាក់នេះ? ឬថា... វាមើលទៅសោះកក្រោះ ប៉ុន្តែវាពេញដោយភាពកក់ក្តៅទៅវិញទេ!
ឈូ!
ភ្លៀងធ្លាក់ចុះមកខ្លាំងៗដំណក់ទឹកភ្លៀងគ្រាប់ធំៗមិនប៉ុន្មានផងពួកគេទាំងពីរក៏ទទឹកជោកទៅហើយ នរៈសង្ហាកាន់ដៃនាងក្រមុំរត់ទៅមុខ ដោយដៃម្ខាងបាំងទឹកភ្លៀង ក្នុងពេលនោះ អ្នកកំលោះក្រឡេកឃើញរូបភ្នំទើបប្រញាប់អូសនាងក្រមុំស្រស់ ហាន់ណា ចូលទៅជ្រក កំលោះសោះកក្រោះដោះអាវក្រៅចេញដោយមិនខ្វល់នឹងអ្នកនៅក្បែរ ព្រោះវាទឹកជោកទៅហើយ។
“លោកឃាតក! លោកដោះអាវធ្វើអី?” ហាន់ណា សួរដោយសំឡេងញ័រ បើទោះជាមិនខា្លចគេសម្លាប់ តែយ៉ាងណា ស្ថិតនៅក្នុងកាលៈទេសៈនេះ គឺនាងអត់ខ្លាចមិនបានពិតមែន។
“មិនចង់ពាក់អាវដែលសើម!” គេតបទៅវិញទាំងមិនងាកមើលមុខនាង តែក៏ធ្វើឲ្យអ្នកម្ខាងទៀតធូរទ្រូងមិនតិចទេ។ ហើយគេក៏ប្រមូលយកមែងឈឺងាប់ដែលនៅក្នុងរូងភ្នំនោះមកគរលើគ្នាហើយរើសយកដុំថ្មមកគោះទង្គិចគ្នាដើម្បីបង្កាត់ភ្លើង។
“អា៎ ..! លោក ក៏ចេះបង្កាត់ភ្លើងបែបនេះដែរ ?”
ប្រុសសង្ហាមិនតបបែបហីធ្វើឲ្យ ហាន់ណា ក្នាន់និងឬកពានេះណាស់ស្រីស្អាតធ្វើហ៊ីស..! លួចលៀនអណ្តាតដាក់គេ អ្នកកំលោះក៏ឃើញតាមកន្ទុយភ្នែកដែរតែគេមិនមាត់ថាម៉េចទេ (ក្មេងច្រឡើម) ហើយក៏យកទូរស័ព្ទមកមើលវាទទឹកខ្លះទៅហើយ ប៉ុន្តែនៅប្រើការបានគេឃើញមានលេខតេចូលជាច្រើនដងនិងMessageមួយ អ្នកកំលោះប្រញាប់បើកមើលព្រោះជាសាររបស់មិត្តសំខាន់។
"សត្យា ឯងសំរេចភារកិច្ចហើយឬនៅ? មានអីបឬអត់...ឯងត្រូវតែOkណាសម្លាញ់"
កំលោះដែលជាម្ចាស់ឈ្មោះ សត្យា ចង់តបសារទៅវិញដើម្បីកុំឲ្យមិត្តបារម្ភប៉ុន្តែ...."ទីនេះគ្មានសេវ៉ាទេ" សត្យារអ៊ូបន្តិចហើយចាត់ការសំដិលអាវដែលសើម។
“មកអាំងភ្លើងឲ្យស្ងួតខោអាវទៅបើមិនចង់រងាស្លាប់ ភ្លៀងនេះមិនងាយរាំងទេ!”
ហាន់ណា មកជិតអាំងភ្លើងក្បែរមនុស្សដែលមានងារថាឃាតកហើយទើបតបតិចៗ។
“ក្រែងលោកមកដើម្បីឲ្យខ្ញុំមែនអត់?”
សត្យារាងភ្ញាក់បន្តិចដែរព្រោះភ្លេចខ្លួន គេតបបែបមិនព្រមចាញ់ទៅ ហាន់ណាវិញ។
“បើនាងរងាស្លាប់!ខ្ញុំនិងមិនបានសម្លាប់នាងទេ ដូចធ្លាប់ប្រាប់អ៊ីចឹង...!”
“មែនហើយ ខិក...ខិក និយាយអ៊ីចឹងលោកឈ្មោះអីទៅ?”
“នាងចាំបាច់អីត្រូវដឹង?”
ស្រីស្អាតកូនកាត់អាមេរិកជ្រួញចុងច្រមុះទាំងក្នាញ់ មនុស្សស្អីគំរិះតាំងពីឈ្មោះឡើង ។
“កំណាញសូម្បីតែឈ្មោះ អ៊ីចឹងខ្ញុំនឹងហៅលោកថា អី..លោកឃាតកហើយ ចំណែកខ្ញុំ...”
“ខ្ញុំដឹងហើយ!” គេនិយាយកាត់នាងទាំងដែលនាងមិនទាន់បញ្ចប់ប្រយោគបានស្រួលបួលផង។
“លោកដឹង?”
“ព្រោះខ្ញុំមកដើម្បីសម្លាប់នាង...”
“អ៊ីចឹងមានន័យថាលោកមានទិន្នន័យទាំងអស់របស់ខ្ញុំហើយ!”
“ត្រូវ!”
“មិនជឿទេ!”
សត្យាងាកមកប្រសព្វភ្នែកអ្នកដែលថាមិនជឿ មើលងាយឃាតកដូចគេពេកហើយ គិតឬថាគ្រាន់តែរឿងតូចតាយប៉ុណ្ណឹងគេមិនអាចចស៊ើបដឹង។
“នាងឈ្មោះ ហាន់ណា...គឺ ហាន់ណា ជេគស៊ុន ប៉ារបស់នាងគឺជាអតីតរដ្ឋមន្ត្រី គ្រីសស្តុន ជេគស៊ុន ជនជាតិអាមេរិកម៉ាក់នាង គឺជាជនជាតិខ្មែរនិងជាមេធាវីអន្តរជាតិប៉ុន្តែកាលពី10ឆ្នាំមុនពួកគាត់ត្រូវស្លាប់ដោយសារគ្រោះចរាចរណ៍នាងក៏ក្លាយជាកូនកំព្រាដល់សព្វថ្ងៃរស់នៅជាមួយលោយាយ...ត្រូវទេស្រីកូនកាត់?”
ស្រីស្អាតបើកភ្នែកធំៗសម្លឹងមើលប្រុសដែលនៅចំពោះមុខ គេ..គេដឹងច្បាស់ពេកហើយ។
“ចុះលោក?” នាងសួរបកទៅវិញ សត្យាងាកមកវិញជាលើកទី2
ព្រោះមិនយល់។
“ខ្ញុំចង់ថារឿងរបស់លោក...”
“នាងមិនចាំបាច់ត្រូវដឹង!”
ហាន់ណា ធ្វើជាមិនចាប់អារម្មណ៍ទោះជាគេសម្តែងអាការៈមួម៉ៅដាក់ស្រីស្អាតនៅតែប៉ប៉ាច់ប៉ប៉ោចមិនឈប់ដដែល សត្យា ធុញចង់យកស្កុតមកបិតមាត់នាង តែក៏ធ្វើមិនបានបណ្តោយឲ្យជាងបែកអូរហូរស្ទឹងតែឯងរហូតដល់...
ក្តាំង....!
សំឡេងផ្គរឮខ្លាំងៗធ្វើឲ្យ ហាន់ណា ស្ងាត់មាត់ឈឹងបើកភ្នែកធំៗព្រោះរន្ធត់ សត្យា ស្ទើរតែរបូតមាត់សើចខ្លាំងៗទៅហើយប៉ុន្តែគេព្យាយាមទប់។ គេក៏អត់អាណិតមិនបានពេលដែលក្រឡេកឃើញផ្ទៃមុខស៊ីជំពូស្អាតរបស់នាងប្រែជាសរស្លេកហើយនៅមានបបូរមាត់ដែលប្រែទៅជាពណ៌ស្វាយទៀតមកពីភាពរងាប្រាកដណាស់ អ្នកកំលោះយកអាវដែលសំដិលនោះមកដណ្តប់ឲ្យនាង ស្រីស្អាតកូនកាត់ញញឹមអរគុណគេក៏នៅរក្សាឬកពាធម្មតាដដែល។
“ខ្ញុំនឹកប៉ាម៉ាក់របស់ខ្ញុំណាស់...”
នេះជាលើកដំបូងហើយ ដែលគេបានឮសំឡេងនាងស្តាប់ទៅសោកសៅ អ្នកកំលោះងាកមើលមុខនាងបន្តិច ប៉ុន្តែក៏រហ័សងាកមកវិញធ្វើដូចមិនចាប់អារម្មណ៍នឹងអ្វីទាំងអស់។ ភ្លៀងនៅមិនព្រមឈប់ធ្លាក់ទៀត ចំណែក ហាន់ណា ក៏បាត់មាត់ឈឹងឈប់ប៉បាច់ប៉បោចដែរ ឃាតកកំលោះងាកមើលនាងម្តងទៀត តែក៏ត្រូវហួសចិត្តនាងគេងលក់ទៅហើយ ហើយគេងកើយស្មាគេពីពេលណាក៏មិនដឹង នេះគេឡប់ឬុយ៉ាងម៉េចទើបមិនដឹងមនុស្សដេកកើយស្មា?
តស្យាញញឹមតិចៗ តែម្នាក់ឯង ហើយសម្លឹងមើលទៅនាង!
ហាន់ណា នាងស្អាតពេកហើយស្អាតរហូតឲ្យមនុស្សប្រុសខ្លះវង្វេង ពេលគេងលក់កាន់តែស្អាត រោមភ្នែក.ងវែងរបស់នាងស័ក្តិសមជាមួយភ្នែកធំៗស្អាតហើយច្រមុះតូចខ្ពស់ស្រួចមានខ្ទង់ក៏សមនិងថ្ពាល់ម៉ដ្ឋមួយគូររលោងស្រិលគួរឲ្យចង់ថ្នាកថ្នម សត្យា ស្ទើរតែយកដៃទៅអង្អែលថ្ពាល់នេះទៅហើយប៉ុន្តែក៏ត្រូវដកដៃមកវិញហើយសង្កត់ចិត្តមិនឲ្យវង្វេងតទៅទៀត។
“ដល់ពេលហើយ!”
អ្នកកំលោះ យកកាំភ្លើងចេញមកហើយបង្អូសថើរៗលើស្បែកមុខសរខ្ចីរបស់ ហាន់ណា បន្ទាប់មកក៏រំកិលមកដល់សៀតផ្កា ...
ផាំង!
សំឡេងទះតុយ៉ាងខ្លាំងធ្វើឲ្យកូនចៅក្រោមបង្គាប់ប្រញាប់អោនក្បាលចុះគ្រប់គ្នា។
“គ្មានបានការ នេះពួកឯងបណ្តោយអាចង្រៃណាមិនដឹងនាំយក ហាន់ណា របស់យើងទៅអ៊ីចឹងហ្អែ?
អ្នកមានអំណាច (ខេវិន) ស្រែកខ្លាំងៗបន្ទាប់ពីទទួលដំណឹងអកុសលនេះ។
“សុំអភ័យទោសអ្នកប្រុស ពួកខ្ញុំគ្មានជម្រើសវាគឺជាការសុំរបស់អ្នកនាង!”
“ឯងធ្វើការឲ្យយើងប៉ុន្មានឆ្នាំហើយ វុធ្ធី? គ្រាន់តែរឿងប៉ុណ្ណឹងឯងគ្មានបញ្ញាដោះស្រាយ? ម៉េចក៏មិនបញ្ចូនគ្នាចូលទៅរំដោះនាងមក ថ្មាល់នេះមិនដឹងជាយ៉ាងម៉េចទៅហើយទេ ហ៊ីស! គ្មានបានការមែន...នេះ!ត្រូវឲ្យយើងដោះស្រាយរឿងដែលពួកឯងបង្ករនៅឯប្រលានយន្តហោះទៀត...”
“សុំទោស! នេះជាកំហុសរបស់ពួកខ្ញុំ!” (វុធីឲ្យមុខទទួលកំហុស គេដឹងអារម្នណ៍របស់មហាសេដ្ឋីក្មេងនេះថាពុះកញ្ច្រោលប៉ុណ្ណា)
“ក្រៅពីសុំទោសឯងធ្វើស្អីបាន?ចេញទៅ...Clearរឿងហាន់ណា
ឲ្យរៀបរយ!”
វុធ្ធីនិងកូនចៅក្រោមបង្គាប់អោនគំនាបមុននិងចាកចេញប៉ុន្តែ...
“ឈប់សិន! (អ្នកជាមេក្រុមងាកមកតាមសំឡេងហៅ)រឿងនេះអ្នកណាជាអ្នកនៅពីក្រោយខ្នងស៊ើបបានឬនៅ?”
“អឺ..គឺ..!” (វុធីធ្វើមុខតឹងតែងព្រោះគេមិនដឹងថាឆ្លើយទៅហើយនិង
ត្រូវមាត់ទៀតឬអត់)
“ជាអ្នកណា?” (ខេវិនសង្កត់សំឡេងសួរ)
“អ្នកនាងរចនា!”
“រចនា!” ខេវិន គ្រហឹមក្នុងដើមកបន្តិច “សម្លាប់ស្រីនោះចោលទៅ!”
មិនត្រឹមតែមិនត្រូវជេស្តីថែមទាំងបានឮនៅរៀងចម្លែកទៀតសម្លាប់ពាក្យនេះមិនគួរថា ខេវិន ប្រើងាយទៅលើរចនាអ៊ីចឹងទេព្រោះស្រីម្នាក់នោះគែជាកំណាន់ចិត្តដែលខេវិនពេញចិត្តជាងគេតែឥឡូវនេះ...
“តែ...”
“គ្មានតែអ្នកណាហ៊ានប៉ះពាល់ ហាន់ណា របស់យើងគឺស្លាប់!”
អត់ចម្លែកមិនបានទេថាហេតុអីក៏ ខេវិន ផ្តល់ភាពសំខាន់ចំពោះហាន់ណាខ្លាំងម្ល៉េះ?សូម្បីតែ រចនា ក៏រក្សាជីវិតមិនគង់។ ហាន់ណា ប្រហែលមិនត្រឹមជាប្អូនស្រីធម្មតាៗទេមើលទៅ ។
-----------
អរគុណសម្រាប់ការចូលរួមអាន
Subscribe to:
Post Comments (Atom)
-
នៅក្នុងចំការផ្កាកុលាបដ៏ធំនៃដែនដី Losangeles មើលដាច់កន្ទុយភ្នែក ប្រៀបដូចជាឋានសួគ៌លើដី ដែលពេញទៅដោយភាពស្រស់ស្អាតនិង...
-
ភាគទី១: ស្លាបហ្សង ធ្វីនក្លឹប នៅក្នុងបន្ទប់ដ៏ធំទូលាយ រៀបចំយ៉ាងទាន់សម័យបំផុតពន្លឺភ្លើងពណ៌ទឹកក្រូច...
No comments:
Post a Comment