Tuesday, August 7, 2018
បម្រើស្នេហ៍ព្រានកំណាច (ភាគទី៧)
ភាគទី៧
(Black Queen)
ហង្សដែលបាក់ស្លាបធ្លាក់ចុះពីទ្រនំសួគ៌ អង្គុយផ្អែកខ្នងនឹងក្បាលគ្រែដោយទឹកមុខសោកសៅ ដៃតូចដៃខ្សែករបស់លោកប៉ាយ៉ាងចាប់ហើមើលទៅវិញយ៉ាងស្ងៀមស្ងាត់បំផុត ប៉ាច្បាស់ជាមានអាក្រក់កើតឡើង ឈាមដែលប្រឡាក់ជាប់នៅលើខ្សែកនេះ គំរាមចិត្តនាងឲ្យនៅមិនស្ងប់ សន្សឹមៗទាំងភ្នែកដែលនៅលើថ្ពាល់ក៏ស្រក់ចុះមក ស្រីស្អាតក្តោបវាអោបជាប់នឹងទ្រូង លើទីមួយដែលនាងឃើញខ្សែករបស់ប៉ាក្នុងរយៈចម្ងាយជិតៗបែបនេះ ប៉ុន្តែ
មិនស្មានថាពេលឃើញវាបែរជាសញ្ញាអាក្រក់ដែលបញ្ជាក់ថាប៉ារបស់នាងមានរឿងទៅវិញ។
“ពេលនេះប៉ានៅឯណាទៅ? មនុស្សចង្រៃនោះធ្វើអីដាក់ប៉ាខ្លះ ប៉ាប្រាកដជាឈឺខ្លាំងហើយ ហ៊ឹក...ហ៊ឹក...” រាងស្តើងខ្សឹបខ្សួលតិចៗ នាងសម្លឹងមើលទៅខាងក្រៅមានអ្នកយាមបីបួននាក់ ពេលនេះទោះបីនាងមានកម្លាំងរត់គេច ក៏គ្មានសង្ឃឹមដែរ តែចង់ដែលធអន្ទះសារចង់ជួបប៉ា ធ្វើឲ្យនាងស្ទើរតែស្លឈាមម្តងៗ “ឲ្យខ្ញុំទៅជួបប៉ាទៅ ហ៊ឹក...ហ៊ឹក... ឲ្យខ្ញុំទៅជួបគាត់ទៅ”
នាងយំសសឹកបបូរមាត់ក៏ខាំជាប់ អោបខ្សែកដៃលនៅក្នុងដៃយ៉ាងជាប់ “ខ្ញុំនឹកប៉ាណាស់ប៉ា ជីនអា នឹកប៉ាខ្លាំងណាស់ ប៉ានៅឯណា ខ្ញុំចង់ទៅជួបប៉ា ហ៊ឹក...ហ៊ឹក... ចង់ជួបប៉ាខ្លាំងណាស់”
ស្រីស្អាតអង្អែលខ្សែកនោះថ្នមៗដោយទឹកមុខសោកសៃ ចៃដន្យម្រាមដៃតូចរស់នាងក៏ប៉ះនឹងគន្លិះរបស់បន្តោងសោរនោះ...
ភីស...!
ម្រាមដៃតូចសង្កត់ត្រូវគន្លឹះរបស់វា បន្តោងនោះរបើករូបថតរបស់ស្រីម្នាក់ដែលមានមុខមាត់ស្រដៀងនឹងនាងក៏បង្ហាញឡើង ដៃតូចចាប់ផ្តើមញ័រ ចិញ្ចើមចាប់ផ្តើមជ្រួញចូលគ្នា។
“នេះជាអ្នកណា?” ស្រីស្អាតសួរតិចៗ ព្រមទាំងអង្អែលរូបនោះថ្នមៗ នៅចម្រៀកវិនាទីនោះទឹកភ្នែករបស់នាងក៏ស្រក់ចុះមកតក់ៗលើកញ្ចក់ដែលបាំងរូបថតនោះ “នេះជាអ្នកណា?”
សំនួរដែលរត់ពេញខួរក្បាលរបស់នាង វាច្របូកច្របល់រហូតកាន់តែមើលរូបនោះ ក្បាលរបស់នាងចាប់ផ្តើមឈឺ ភ្នែកស្រវាំងអារម្មណ៍វិលវល់ពិបាកនឹងឃុំគ្រង ធីហ្វានីទម្លាក់ខ្សែកនោះចោលហើយយកដៃខ្ទប់ក្បាលខ្លួនឯង នាងដកដង្ហើមញាប់ៗញើសស្រក់តាមជើងសក់ បបូរមាត់ក្រៀមញ័រទទ្រើត។
“ឈឺក្បាល... ឈឺក្បាលណាស់... ប៉ាជួយខ្ញុំប៉ា...ឈឺក្បាលណាស់” ដៃតូចចាប់ផ្តើមក្តាប់យ៉ាងជាប់ នាងអង្គុយមិនស្ងៀមញ័រអស់ខ្លួន។
“ប៉ា... ប៉ា... នៅឯណាជួយផង ខ្ញុំឈឺចាប់ណាស់ ឈឺណាស់...ហ៊ឹក... អា៎...” នាងផ្តួលខ្លួនដេករមួលខ្លួនទៅមកនៅលើពូកព្រមទាំងស្រែកខ្លាំងៗ នៅវិនាទីនោះ ទ្វារក៏របើកឡើង សាន់ដឺ ក៏ស្ទុះចូលមកទាំងភ្ញាក់ផ្អើល គេស្ទុះទៅត្រកងអ្នកនាងហៃសូទាំងតក់ស្លុត នៅពេលដែលនាងស្រែកខ្លាំងៗដោយភាពឈឺចាប់។
“ឈឺណាស់...ជួយផង ប៉ាជួយផង”
“តាមគ្រូពេទ្យមក ថូណាដូ ឯងទៅតាមចៅហ្វាយមក”
“អូខេ...!” ដូណាថូ ប្រញាប់ស្ទុះស្ទាទៅភ្លាមដោយមិនបង្អង់យូរ ចំណែកអ្នកឯងទៀតក៏ប្រញាប់ទៅតាមគ្រូពេទ្យ។ សាន់ដឺ ចាប់ផ្តើមឆ្លេឆ្លាគេមិនដឹងត្រូវគេយ៉ាងម៉េច ពេលដែលនាងស្រែកខ្លាំងៗរើបម្រះស្ទើរតែចាប់មិនឈ្នះ។
“បើកភ្នែកឡើង អ្នកនាង...កើតអី?”
“ជួយផង.... ជួយផង” ប្រអប់ដៃតូចតោងជាយអាវរបស់គេយ៉ាងជាប់ក្តាប់យ៉ាងណែនមិនព្រមលែងដៃ “ជួយផង... ប៉ាជួយខ្ញុំផង”
សាន់ដឺ ដកដង្ហើមធំគេប្រឡះដៃតូចចេញថ្នមៗ តែនាងនៅតែទាញជាយអាវរបស់គេយ៉ាងជាប់ ភ្នែកបិទជិតឈឹងតែទឹកភ្នែកហូរជោគថ្ពាល់ មាត់ស្រែករកជំនួយគួរឲ្យអាណិត។
“លោកមិនអាចទៅងាយបែបនេះទេ លោកជំពាក់ខ្ញុំច្រើនណាស់ ត្រូវតែសងឲ្យអស់” ដេរ៉ូហ្វៀឈរសម្លឹងមើលអ្នករបួសដែលដេកស្ងៀមនៅលើគ្រែយ៉ាងដុនដាប គេបន្លឺឡើងតិចៗទាំងមុខស្មើ។
“នេះមិនមែនជាការឈឺចាប់ទេ វាងាយពេកហើយ ក្រោកឡើងមករៀនសរសេរអក្សរឈឺចាប់ និងព្រាត់ប្រាស់សិនទៅ”
“ចៅហ្វាយ...! អ្នកនាងធីហ្វានី មិនស្រួលទេ” ថូណាដូ ស្ទុះចូលទៅរកដេរ៉ូហ្វៀដែលកំពុងតែឈរស្ងៀមសម្លឹងមើលរ៉េនកូ។
“នាងយ៉ាងម៉េច?” អ្នកកំលោះសួរ ហើយងាកមកភ្លាម
“ស្រាប់តែស្រែកខ្លាំងៗ ស្មារតីដូចមិននឹងនរទេ”
“ស្មារតីមិននឹងនរ?”
“បាទ!”
“មានតាមគ្រូពេទ្យហើយឬនៅ” ដេរ៉ូហ្វៀសួរបណ្តើរបោះជំហានញាប់ជើងដើរទៅបណ្តើរ។
“តាមហើយចៅហ្វាយ”
ក្រុមគ្រូពេទ្យរត់ទៅស្រចូលទៅក្នុងបន្ទប់ក្រោយពេលដែលទទួលបានដំណឹង ស្របពេលដែលដេរ៉ូហ្វៀដើរញាប់ជើងតម្រង់ទៅទីនោះដែរ គេសម្លឹងមើលទ្វារដែលមិនទាន់បិទជិត ដៃតូចរបស់ធីហ្វានីតោងជាយអាវរបស់សាន់ឌឺយ៉ាងជាប់ប្រឹងក្រសោបអ្នកម្ខាងទៀតយ៉ាងណែនដូចខ្លាចត្រូវគេរត់ចោល។
ក្រោយពេលដែលគ្រូពេទ្យចូលមកដល់ក្នុងបន្ទប់ គេក៏នាំគ្នាចាប់ធីហ្វានីថ្នមៗហើយចាក់ថ្នាំឲ្យនាងគេងលក់ ទើបដៃតូចពន្លែងចេញពីជាយអាវរបស់អង្គរក្សកំលោះ។
“ចៅហ្វាយ” សាន់ដឺ អោនគំនាប់ដាក់ចៅហ្វាយនាយ គេឃើញចៅហ្វាយកំលោះមានផ្ទៃមុខស្មើដូចធម្មតា តែគេស្រាប់តែយល់ថាមានអ្វីខុសប្លែក។
“មុននេះមានរឿងអី?”
“គឺ...! នៅសុខៗអ្នកនាងធីហ្វានីស្រាប់តែស្រែកខ្លាំងៗទើបខ្ញុំចូលទៅមើល នាងស្រែករកមនុស្សជួយ ដូចជាកំពុងតែខ្លាចនិងឈឺចាប់ ប្រហែលជារបួសធ្វើទុក្ខក៏មិនដឹង”
“...” ដេរ៉ូហ្វៀ មិនតប ប៉ុន្តែចម្លើយដែលតបនឹងសំនួរហាក់មិនធ្វើឲ្យគេពេញចិត្តសូម្បីតែបន្តិច។
មួយសន្ទុះក្រោយមកគ្រូពេទ្យក៏ចេញមក គាត់ដើរមកជិតដេរ៉ូហហ្វៀព្រមទាំងហុចខ្សែកមកឲ្យប្រុសកំលោះ។
“ជារបស់អ្នករបួសមែនទេ?”
“បាទ...!”
“ស្មារតីរបស់នាងពេលនេះមិនសូវល្អទេ ប្រហែលធ្លាប់មានការប៉ះទង្គិចផ្លូវចិត្តពីមុនមក ខ្ញុំបានចាក់ថ្នាំឲ្យនាងស្ងប់អារម្មណ៍ហើយ ពេលភ្ញាក់មកនឹងអស់អីហើយ ប៉ុន្តែលោកព្យាយាមកុំឲ្យនាងនឹកឃើញរឿងមិនល្អដែលធ្លាប់ប៉ះពាល់ដល់អារម្មណ៍របស់នាង យ៉ាងណាក៏ដោយវាមិនមែនជារឿងល្អសម្រាប់សុខភាពរបស់នាងទេ”
“ខ្ញុំយល់ហើយ”
ដេរ៉ូហ្វៀតបខ្លីៗ ហើយក្តោបខ្សែកនោះយ៉ាងជាប់។
ពេលយប់...
រាងខ្ពស់ល្វាសល្វន់ដូចតារាបង្ហាញម៉ូតបោះជំហានយ៉ាងស្វាហាប់តែគ្មានសំឡេងតម្រង់ចូលទៅក្នុងបន្ទប់របស់រ៉េនកូយ៉ាងលឿន។ ស្រីស្អាតគ្រងឈុតខ្មៅមួយឈុតមើលទៅអង់អាចខ្លាំងណាស់ សក់ខ្មៅរលោងបួងឡើងឲ្យស្រឡះកញ្ចឹងក បញ្ចេញគល់កសខ្ចី នាងឈរនៅមាត់ទ្វារ ដៃតូចហូតយកកូនកាំបិតតូចៗគាបជាប់ម្រាមដៃហើយគ្រវាសទៅចំកាមេរ៉ាសុវត្ថិភាពបែកខ្ចាយ បបូរមាត់លាបក្រែបក្រហមឆើតញោចជាស្នាមញញឹមមុននឹងជើងតូចដែលទ្រដោយស្បែកជើងកែវចោទបោះជំហានចូលទៅខាងក្នុង។
កែវភ្នែកមុខស្រួចដែលលាក់នៅក្រោមក្បាំងមុខពណ៌ខ្មៅសម្លឹងមើលបុរសចំណាស់ដែលកំពុងតែដេកស្ងៀមនៅលើគ្រែ នាងក្រឡេកមើលទៅឧបករណ៍ដែលស្ទង់ចង្វាក់បេះដូងដែលបង្ហាញពីស្ថានភាពរបស់អ្នកជម្ងឺ មើលទៅមិនល្អទាល់តែសោះ។ ស្រីស្អាតដកកាំបិតដែលសៀតជាប់នឹងភ្លៅ ហើយដើរឆ្ពោះទៅរកអ្នកកំពុងដេក នាងឃើញគាត់ដកដង្ហើមខ្សោយកម្រើកមិនបាន ពឹងពាក់ទាំងស្រុងលើអុកស៊ីសែន របួសរឹតរួចខ្លួនជាប់ខ្លួនច្រើនកន្លែង។
“មនុស្សចាស់ របួសក៏ពេញខ្លួន!”
នាងក្រមុំញោចចុងមាត់បន្តិច ហើយចាប់ផ្តើមស៊កកាំបិតទៅកន្លែងដើមវិញ ចុងកាំបិតកំពុងតែដាក់ទៅក្នុងស្រោបសំឡេងមួយលាន់ឡើងពីក្រោយខ្នងរបស់នាង...
“នាងជាអ្នកណា?”
រាងតូចងាកមុខមករកប្រភពសំឡេង ងាកដកកាំបិតមកវិញបង្វិលលេង បបូរមាត់ក្រហមពណ៌ឈាមញញឹមយ៉ាងស្រស់ដាក់អ្នកម្ខាងទៀត មើលទៅនាងមិនបានញញើតនឹងការតាមទាន់ឡើយ។
សាន់ដឺ ចោលនេត្រាមើលមកអ្នកដែលមានវត្ថមានយ៉ាងក្លាហាននៅក្នុងបន្ទប់នេះ នាងមិនមែនមកធម្មតាៗ តែឫកពានេះគួរតែប្រយ័ត្នឲ្យបានច្រើនបំផុត។
“នាងចង់ស្អី?”
“ឯងគ្មានសិទ្ធិដឹង!” នាងតបមកវិញច្បាស់ៗ ជើងស្រឡូនតូចក៏ប្រុងប្រៀបនឹងដើរចេញ យ៉ាងណាពេលនេះនាងក៏គ្មានអ្វីធ្វើដែរ។
“អ្នកណាប្រើនាងមក” សាន់ដឺ ស្ទុះចូលមក គេមិនអាចឲ្យនាងរួចខ្លួនទេ នាងច្បាស់ជាប់ទាក់ទងជាមួយនឹងការធ្វើឃាដរ៉េនកូមិនខានទេ។ ស្រីស្អាតដែលគ្រងក្នុងឈុតខ្មៅគេងចេញ ជើងស្រឡួនរបស់នាងលើកខ្ពស់វាត់រកកញ្ចឹងករបស់អ្នកម្ខាងទៀត ប៉ុន្តែប្រុសកំលោះក៏ចាប់ជាប់ ហើយចាប់បោកដូចកង្កែប... នាងក្រមុំមិនចាញ់ចិត្តក៏ឈូសជើងរបស់គេ ឲ្យដួលផ្ងារជើងដែរ មុននឹងស្ទុះក្រោកឡើងភ្លាម។
“យើងខ្ជិលលាងកាំបិត កុំទើសមុខ”
“កុំគិតថាធ្វើអាក្រក់ហើយចង់រត់បានដោយងាយ”
“ចង់សាក...!” នាងសួរបញ្ជាក់បបូរមាត់ក្រហមញញឹមឌឺដងដាក់គេ នាងក្តោបកាំបិតយ៉ាងជាប់ហើយស្ទុះចូលទៅរកអ្នកម្ខាងទៀត ដៃតូចសម្បូរកម្លាំងកាន់កាំបិតប្រហារអ្នកម្ខាងទៀត តែគេចាប់ដៃជាប់ សាន់ដឺ មួលដៃរុញរាងស្តើងបែរក្រោយហើយកាច់ដៃរបស់នាងដាក់លើខ្នង តែក៏ត្រូវជើងតូវវាសមកចំខ្នងម៉ាំង ដើមដៃមាំក៏ត្រូវឈូសដោយកាំបិតមុតស្រួច។
“គ្មានពេលលេងជាមួយឯងទេ”
រាងស្តើងដូចស្ទុះចេញមកក្រៅ ក៏វាក់អើជាមួយនឹងថូណាដូ តែមានទេដែលមនុស្សស្រីដែលរឹងមាំមោះមុតដូចជានាងចាញ់នោះ នាងចូលទៅរកអ្នកម្ខាងទៀត ចាប់ដៃបានបោកផូស ហើយបោះជំហានវែងៗចេញទៅយ៉ាងលឿន ណាថូ ដែលមិនបានត្រៀមខ្លួនត្រូវគេបោកឡើងចង់បាក់ចង្កេះ។
“កើតស្អីហ្នឹង ឈាមច្រើនណាស់” គេស្ទុះមករកសាន់ដៃ ដែលកំពុងតែខ្ទប់ដៃមានរបួស។
“ស្រីម្នាក់នោះ!”
“នាងជាអ្នកណា?”
“មិនដឹងដូចគ្នា តែមុននេះនាងចូលមក ឫកពាមិនគួរឲ្យទុកចិត្ត”
“រ៉េនកូ” ថូណាដូ ឈប់ឆ្លើយឆ្លង ហើយស្ទុះចូលទៅមើលអ្នកដែលកំពុងតែដេកនៅលើគ្រែ គ្រប់យ៉ាងហាក់ដូចជាធម្មតាគ្មានរឿងអ្វីកើតឡើងនោះទេ “គេមិនអីទេ”
“មិនអីល្អហើយ”
“ប៉ុន្តែឯងវាអី” អ្នកកំលោះដើរមកមើលមិត្តសម្លាញ់ដែលឈាមហូរច្រើនប្រហែលជារបួសជ្រៅណាស់ហើយ។
“តាមមើលប្រហែលមានគេចង់មកចាត់ការរ៉េនកូបង្ហើយហើយ ត្រូវតែប្រាប់ចៅហ្វាយឲ្យប្រយ័ត្នចំពោះរឿងនេះ
“អូខេ តែពេលនេះទៅរុំរបួសសិនទៅ”
“ឲ្យមនុស្សមកយាមទីនេះសិន ចាំពួកយើងចេញទៅ”
“ដឹងហើយ”
--------------------------
“ពួកវាអាចជាក្រុមតែមួយដែលយក ធីហ្វានីមកលក់ឲ្យយើង” ដេរ៉ូហ្វៀ គ្រពាត់ដៃទៅក្រោយនិយាយដោយសំឡេងរឹង។
“ចៅហ្វាយនឹងធ្វើអ្វីបន្ត?”
“យើងកំដរវាលេងដល់ចប់! តាមយើងដល់ទុកច្បាស់ជាវា ចំមើលថ្ងៃណាដែលវាបង្ហាញមុខ” អ្នកកំលោះញញឹមចុងមាត់យ៉ាងត្រជាក់ គេដើរមកជិតកូនចៅក្រោមបង្កាប់ ហើយដាក់ដៃលើស្មារបស់គេ “ឯងឈឺខ្លួនហើយ ទៅសម្រាកទៅ ពីរថ្ងៃទៀតនាំធីហ្វានី និងប៉ារបស់នាងទៅ Hellishly នៅទីនោះ មិនយូរមិនឆាប់ពួកវាច្បាស់ជាមកម្តងទៀតមិនខានទេ”
“បាទចៅហ្វាយ”
“ពួកឯងទៅសម្រាកទៅ ហើយចាត់មនុស្សឲ្យឃ្លាំងមើលរ៉េនកូ ស្រីម្នាក់នោះប្រហែលជាមិនធម្មតាទេ ទើបអាចឲ្យឯងឈឺខ្លួន” ដេរ៉ូហ្វៀមើលទៅដើមដៃរបស់សាន់ដឺ ដែលមានស្នាមរុំបួសនឹងឈាមជ្រាបចេញមកក្រហមឆ្អៅ ទំនងជាមុតជ្រៅបន្តិចហើយ។
“ខ្ញុំនឹងចាត់ការភ្លាម”
ក្រោយពេលដែលទទួលបញ្ជាពួកគេក៏ចាកចេញទៅភ្លាម។ អ្នកប្រុសទីបីរបស់ក្លូវេនន៍រ ចូលមកជិតធីហ្វានីដែលកំពុងគេងលក់មិនទាន់ដឹងខ្លួនព្រោះតែអំណាចរបស់ថ្នាំ។
“ប៉ារបស់នាងបង្ករឿងក្តៅក្រហាយដល់គេមិនតិចគ្នាទេ តែខ្ញុំជាម្ចាស់បំណុលផ្តាច់មុខ អាចនឹងចិត្តបុណ្យបណ្តេញសត្រូវផ្សេងៗចេញ តែមិនមែនខ្ញុំជួយពួកនាងទេ ឈាមត្រូវសងដោយឈាម ការឈឺចាប់ត្រូវសងដោយការឈឺចាប់និងទុក្ខវេទនា”
កន្សែងពណ៌សជូតថ្នមៗទៅលើមុតកាំបិតដែលប្រឡាក់ឈាមដោយម្រាមដៃស្រឡូនតូច។ ស្រីស្អាតអង្គុយគងអន្ទាក់ខ្លាយ៉ាងស្ងប់ស្ងាត់តែបង្កប់ដោយភាពរឹងមាំ ក្រោយពេលដែលជូតកាំបិតស្អាតអស់ នាងដាក់កន្សែងនៅលើតុ ហើយសៀតកាំបិតមកស្រោបដែលដាក់ជាប់នៅភ្លៅតូចរបស់នាង។
“បរាជ័យហើយមែនទេ?”
“មិនមែនបរាជ័យទេ គឺមិនធ្វើ”
ព្រូស!
នាងតបមកវិញព្រមទាំងបោះលុយដាក់នៅលើតុ កែវភ្នែកមុតស្រួចរបស់នាងសម្លឹងមើលទៅអ្នកម្ខាងទៀតទាំងមិនពេញចិត្ត។
“មិនធ្វើ?”
“មនុស្សចាស់ ត្រូវរបួសក្បែរនឹងស្លាប់ ឲ្យទៅសម្លាប់ដូចជាមើលងាយហើយ ចង្រៃណាស់!” ត្រង់កន្ទុយពាក្យនាងស្រែកគំហកដៃតូចក៏គោះតុមួយដៃផាំងបញ្ជាក់ពីអារម្មណ៍ក្តៅក្រហាយ “គោលការណ៍របស់យើង មិនសម្លាប់មនុស្សដែលគ្មានផ្លូវស៊ូទេ”
“តែនាងព្រមទទួលការងារនេះទៅហើយ តាំងពីដំបូង”
“ព្រោះមិនដឹងថាពួកឯងអត់បានការយ៉ាងនេះ គ្រាន់តែមនុស្សចាស់ដែលមានរបួសពេញខ្លួន ក៏ត្រូវការជួលមនុស្សឲ្យទៅចាត់ការដែរ បើអត់បានការយ៉ាងនេះ យកលុយហើយជួលអ្នកផ្សេងទៅ” ស្រីបោះប្រយោគទាំងខឹង មុននឹងក្រោកឡើងហើយដើរចេញ អ្នកម្ខាងទៀតបានត្រឹមតែសម្លឹងមើលនាងស្លឺ។
“ប្លេកឃ្វីន ឈប់សិន!” ឡេអូ ស្ទុះក្រោកឡើងតាមនាងដែរ
“ការងារមិនបញ្ចប់ លុយឲ្យទៅវិញ ចង់យ៉ាងម៉េច?”
“នាងមិនធ្វើ មិនខ្លាចគេនិយាយថានាងគ្មាសមត្ថភាពគ្រាន់តែមនុស្សចាស់ម្នាក់ចាត់ការមិនបានទេមែនទេ?”
“បិទមាត់” ស្រីស្អាតចេញបញ្ជា
“មិនសមជាប្លេកឃ្វីនទេ មិនខ្លាចពាក្យនេះទេមែនទេ?”
ឌឺប...! ព្រូស...
ជើងតូចធាក់អ្នកម្ខាងទៀតរហូតខ្ទាត់ទៅអង្គុយលើកៅអី នាងហូតដាវមុតស្រួចមកដាក់លើកអ្នកម្ខាងទៀតយ៉ាងរហ័ស។
“បិទមាត់របស់ឯងទៅ បើមិនចង់ឲ្យបំពងករបស់ឯងមានស្នាមដាច់រហែក រហូតដល់ឃើញបំពង់ខ្យល់” ស្រីស្អាតបន្លឺឡើងដោយសំឡេងរឹង ព្រមទាំងសង្កត់ផ្លែដាវអ្នកជិតកអ្នកម្ខាងទៀត កែវភ្នែកមុតស្រួចដាច់ស្រេចធ្វើឲ្យអ្នកម្ខាងទៀត មិនញញើតមិនបាន “បើមានអ្នកនិយាយថាយើមិនបានការគឺឯងហ្នឹងហើយ... ដូច្នេះបិទមាត់ឯងមុនល្អទេ?”
“ចិត្តត្រជាក់...ចិត្តត្រជាក់សិន ម្ចាស់ក្សត្រី ខ្ញុំគ្មានបំណងនិយាយបែបនេះទេ”
“យើងឲ្យឯងបិទមែន ឬចង់ត្រូវកាត់អណ្តាតជាមុនសិន? កុំឲ្យគ្រលាស់អត់ប្រយោជន៍”
ឡេអូនៅស្ងៀមមួយខណៈព្រោះមើលទៅនាងដូចមិនមែននិយាយលេង អ្នកណាក៏ដឹងថាស្រីម្នាក់នេះរឹងមាំ កាចសាហាវនិងចិត្តដាច់ប៉ុណ្ណាដែរ មនុស្សប្រុសមួយចំនួនពិបាកនឹងតដៃជាមួយនាងណាស់ ព្រោះតែភាពរហ័សរហួស ទាំងក្បាច់ដាវ បាញ់កាំភ្លើងនិងអាវុធសម្ងាត់។
“មើលទៅនាងដូចជាឆេវឆាវខ្លាំងណាស់ និយាយគ្នាតាមសម្រួលសិនក៏ល្អ” សំឡេងនរណាម្នាក់ជ្រែកចូលបទសន្ទនា រាងស្តើងក្រឡេកមើលភ្លែត បុរសរាងខ្ពស់ម្នាក់កំពុងតែចុះមកពីជាន់ខាងលើ មុខរបស់គេមានស្នាមញញឹមបែបសុភាពបុរស តែបេះដូងរបស់អាចនឹងល្អស្អាតដូច
ស្នាមញញឹមឡើយ។
“ជាម្ចាស់របស់ម្សៀរនេះមែនទេ? បង្រៀនកូនចៅនិយាយឲ្យល្អបន្តិចទៅ ទាន់ថ្ងៃនៅមានអណ្តាតអាចនិយាយបាន” ឃ្វីន ប្រាប់អ្នកម្ខាងទៀតជាការព្រមាន នាងស៊កផ្លែដាវមុតស្រួចយ៉ាងរហ័ស មុននឹងដើរចេញមិនខ្វល់ពីអ្នកម្ខាងទៀត។
“ខ្ញុំមានការងារឲ្យនាងធ្វើ តម្លៃស្រេចលើនាងជាអ្នកដាក់”
“ការងារដែលធ្វើអន់ៗ ឲ្យទៅសម្លាប់មនុស្សគ្មានសង្ឃឹមរស់ កុំយកនិយាយទៀត”
“មិនមែនទេ” អ្នកកំលោះញញឹមតបមកវិញ គេចុះមកអង្គុយលើសាឡុងស្បែកគងអន្ទាក់ខ្លាមើលមកនាង “ស្របតាមគោលការណ៍របស់នាង ដែលសំខាន់លើកនេះមិនសម្លាប់មនុស្សទេ”
“ជាស្អី?”
“ខ្ញុំត្រូវការឯកសារមួយចំនួនពី Hellishly Zone សម្រាប់ទីតាំងខ្ញុំនឹងឲ្យគេរៀបចំឲ្យនាង ចាប់អារម្មណ៍ទេ”
“...”
“មិនចម្លែកទេ ដូចការងារដែលនាងធ្លាប់ធ្វើកន្លងមក”
“ក៏បាន”
“រីករាយសម្រាប់ការសហការលើកនេះ” ប្រុសកំលោះក្រោកឈរឡើងដើរមកជិតនាង ព្រមទាំងហុចដៃទៅរកនាងដើម្បីចាប់ដៃជាការគួរសម ប្លេកឃ្វីន សម្លឹងមើលទៅប្រអប់ដៃធំនោះ...
“ផ្ញើអាស័យដ្ឋានទីនោះឲ្យខ្ញុំ កិច្ចការចប់ទទួលលុយ” និយាយចប់នាងដើរចេញបាត់ ទុកឲ្យអ្នកកំលោះហុចដៃទៅដោយឥតប្រយោជន៍ គេញញឹមចុងមាត់មើលនាងដើរទៅយ៉ាងអង់អាច មើលទៅនាងមិនចេះខ្លាចអ្នកហើយឆ្មើងកន្រ្ទើងខ្លាំងណាស់។
“ឫកធំគ្រាន់បើ”
នៅលើតំបូងផ្ទះដ៏ខ្ពស់នាពេលយប់ជ្រៅ រាងស្តើងតូចគ្រងក្នុងឈុតខ្មៅ អង្គុយលើតំបូលនោះយ៉ាងស្ងៀមស្ងាត់ នាងកាន់បៀមកផឹកតែម្នាក់ឯងហើយសម្លឹងមើលភាពស្ងប់ស្ងាត់នាទីក្រុងនៅក្នុងពេលយប់ដ៏ងងឹត ពេលនេះអ្នកគ្រប់គ្នាដេកលង់លក់អស់ទៅហើយ...
“ជិតត្រូវធ្វើការហើយឃ្វីន” បបូរមាត់ក្រហមបន្លឺឡើងស្រាលៗហើយញញឹមតិចៗ នាងងើយមុខឡើងទៅលើមេឃដកដង្ហើមវែងៗជាមួយនឹងស្នាមញញឹមស្ងប់សុខ ដៃតូចដកក្បាំងមុខចេញ ហើយដាក់វាថ្នមៗនៅក្បែរនោះ មុខនឹងដៃស្រឡូនស្អាតរបស់នាងទាញខ្សែចងសក់ ពន្លែងសក់រលោងស្អាតរសាយពេញខ្នង ហើយដាក់ខ្លួនដេកនៅដំបូលនោះ។
“ឆាកជីវិតដែលពេញដោយភាពឯករាជ្យ គឺការគូសបន្ទាត់ជីវិតដោយខ្លួនឯង ចាំណាឃ្វីន នាងមានសិទ្ធិធ្វើរឿងដែលនាងចង់ធ្វើ និងមិនធ្វើអ្វីដែលនាងមិនពេញចិត្ត នាងមិននៅក្រោមបង្គាប់អ្នកណាទៀតទេ”
**Hellishly Zone**
“បងថាម៉េច ឲ្យខ្ញុំទៅមើលថែអ្នកណា អ្នកណាកំពុងតែឈឺ?”
“រឿងវែងឆ្ងាយបន្តិចហើយ តែពេលនេះចៅហ្វាយឲ្យរកមនុស្សទៅមន្ទីរ ខ្ញុំគិតថានាងសមជាងគេ” សាន់ដឺតបទៅវិញដោយសំឡេងស្មើ។
ស្រីស្អាតមើលមុខគេទាំងឆ្ងល់ នាងមិនយល់ពិតមែន
“អធិប្បាយបន្តិចមកសាន់ដឺ”
“អេលីសា ឆាប់ឡើង” អ្នកកំលោះចាប់ទាញដៃតូចឲ្យដើរតាមដោយមិនរវល់និយាយអ្វីច្រើន អេលីសា ក៏មិនដឹងប្រកែកដាម៉េចទើបបានត្រឹមតែដើរតាមគេទៅ។
“សាន់ដឺ ដៃបងកើតអីហ្នឹង?” នាងចាប់អារម្មណ៍ទៅលើដើមដៃដែលរុំរបួស ទោះបីពាក់អាវក្រៅហើយក៏ដោយ ប៉ុន្តែនាងអាចមើលដឹងពីភាពខុសប្លែកគ្នា។
“គ្មានអីទេ”
“ខ្ញុំឃើញវាមានឈាម”
“គ្មានអីពិតមែន មិនបាច់បារម្ភទេ” អ្នកកំលោះតបស្មើៗបន្ទាប់មកក៏នាំនាងទៅកន្លែងតចរថយន្តហើយបើកចេញទៅយ៉ាងលឿន។ ព្រោះតែនៅពេលពីរបីថ្ងៃទៀតទើបធីហ្វានីត្រូវនាំមកធី្វនក្លឹបវិញ ដូច្នេះកំឡុងពេលដែលនាងនៅទីនោះ នាងត្រូវតែមានអ្នកមើលថែម្នាក់។
នៅខាងក្រៅមន្ទីពេទ្យអេរិកដែលមានសភាពយ៉ាប់យ៉ឺនដើរស្ទើរតែមិនត្រង់ផ្លូវបោះជំហានញ័រៗទាំងដៃទប់ជញ្ជាំងស្ទើរមិនជាប់ខំត្រដរទៅមុខ សភាពរបស់គេពេលនេះពិតជាយ៉ាប់ខ្លាំងណាស់ព្រោះត្រូវរបួសធ្ងន់ធ្ងរ ក្រោយពេលដែលកូនចៅរបស់កូនចៅរបស់ដេរ៉ូហ្វៀដោះលែងគេឲ្យត្រឡប់ទៅវិញ គេប្រញាប់ទៅរករ៉េនកូភ្លាម តែអ្នកណាទៅដឹងថាគ្រប់យ៉ាងប្រែក្រឡាប់ចាក់ ឡេអូក្លាយមកជាមនុស្សចិត្តអាក្រក់យ៉ង់ខ្នងចងសម្លាប់ទាំងគេចោល សំណាងដែលគេអាយុថ្លៃមិនស្លាប់ ទើបចំអូសអាត្មាមករកធីហ្វានីដែលមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាទៅហើយ។ របួសដែលមានខ្លះក្រៀមនិងមានឈាមធ្វើឲ្យគេឈឺចាប់ខ្លាំង ប៉ុន្តែយ៉ាងណាក៏មិនអាចបញ្ឈប់គេបានដែរ។
ព្រូស...!
រាងខ្ពស់ទន់ជើងដួលនៅក្បែរនោះ ភ្នែករបស់គេស្រឡាំងខ្លាំងសម្លឹងមើលអ្វីមិនច្បាស់ គេលឺត្រឹមតែសម្រិបជើងរបស់នរណាម្នាក់ ហើយបន្ទាប់មករាងខ្ពស់របស់គេក៏ត្រូវគេលើកទៅ គេមិនដឹងទេត្រូវទៅណា អ្នកណាដែលកំពុងតែនាំគេទៅនៅពេលនេះ...
“នាងជាអ្នកណា?”
“ខ្ញុំ...ខ្ញុំគឺ អេលីសា ជាអ្នកមើលថែនាង សាន់ដឺប្រាប់ថានាងមិនស្រួលខ្លួន មុននពេលត្រឡប់ទៅ Hellishly ឲ្យខ្ញុំនៅមើលនាងបណ្តោះអាសន្នសិន”
ធីហ្វានីឈប់តប នាងនៅស្ងៀមទាំងដៃញ័រទទ្រើត នាងត្រូវត្រឡប់ទៅទីនោះវិញហើយ ទៅនរកនោះម្តងទៀតហើយមែនទេ? នាងមិនចង់រស់នៅក្នុងសភាពបែបនោះ ចង់តែស្លាប់ឲ្យបាត់ៗ តែពេលនេះនាងបារម្ភពីប៉ាច្រើនជាង។ រាងតូចយកដៃក្តោបក្បាលទាំងនឿយណាយគិតមិនចេញ ស្ទើរតែមិនជឿទេថានាងស្ថិតនៅក្នុងស្ថានភាពក៏សែនអាក្រក់បែបនេះ។
“មិនស្រួលខ្លួនមែនទេ?”
“ខ្ញុំចង់នៅម្នាក់ អ្នកណាក៏ខ្ញុំមិនចង់ឃើញដែរ លើកតែប៉ារបស់ខ្ញុំ”
“នេះ...”
“ចេញទៅ...” ធីហ្វានីគំហកដេញ នាងអោបជង្គង់ជ្រប់មុខចុះលែងនិយាយ ពេលនេះនាងមិនចង់លឺសំឡេង ក៏មិនចង់ឃើញមុខអ្នកណាដែរ។ អេលីសា ដកដង្ហើមធំបន្តិច មុននឹងក្រោកដើរចេញទៅក្រៅបន្ទាប់ពីត្រូវដេញ។
មិនប៉ុន្មាននាទីក្រោយមកស្នូរសម្រិបជើងលាន់ឡើងសារជាថ្មី ធីហ្វានីក្តាប់ដៃហើយងើបមុខឡើងស្រែកគំហក។
“ប្រាប់ហើយថាឲ្យចេញទៅ”
នាងក្រមុំស្ងាត់មាត់បន្តិច ពេលដែលឃើញអ្នកដែលចូលមកគឺជាដេរ៉ូហ្វៀ នាងដកដង្ហើមញាប់ៗ ដៃតូចក្តាប់យ៉ាងណែន ភ្នែកសម្លឹងមើលទៅគេឥតមានព្រិច “ប៉ាខ្ញុំនៅឯណា”
“...”
“លឺខ្ញុំសួរទេ ប៉ាខ្ញុំនៅឯណា? ពេលនេះគាត់យ៉ាងម៉េចទៅហើយ លោកធ្វើអីគាត់ខ្លះ ម៉េចក៏នៅលើខ្សែកនោះមានឈាម លោកធ្វើអីគាត់?”
នាងសួរបន្តកន្ទុយទាំងស្រែកកំហក តែគេមិនឆ្លើយកាន់តែធ្វើឲ្យនាងខឹងខ្លាំងលើង ធីហ្វានីស្ទុះមកកន្ត្រាក់កអាវរបស់គេយ៉ាងខ្លាំងហើយស្រែកសួរ។
“លោកធ្វើអីប៉ាខ្ញុំ លោកយកគាត់ទៅទុកនៅឯណា?”
“ថ្ងៃក្រោយនាងគង់តែដឹង មិនបាច់អន្ទះសារទេ”
“នាំខ្ញុំរកប៉ាខ្ញុំភ្លាម នាំខ្ញុំទៅភ្លាម”
“នាងកំពុងតែបញ្ជាអ្នកណា?” គេសួដោយសំឡេងស្មើព្រមទាំងចាប់ដៃតូចចេញពីកអាវរបស់គេ។
“ខ្ញុំត្រូវការជួបប៉ារបស់ខ្ញុំ”
“ឲ្យតែត្រូវការ គឺប្រាកដជាអាចជួបហើយមែនទេ? លើលោកនេះម៉េចនឹងមានរឿងល្អបែបនេះទៅ?” អ្នកកំលោះរុញនាងឲ្យអង្គុយនៅលើគ្រែវិញ តាមដោយរាងខ្ពស់ដាក់បង្គងក្បែរនាង។
“តើលោកចង់បានស្អីទៀត ចង់យ៉ាងម៉េចទៀតទើបស្ងប់ចិត្ត ឲ្យធ្វើយ៉ាងម៉េចទើបមិនធ្វើបាបប៉ាខ្ញុំ?”
“មនុស្សរឹងដូចនាងអាចធ្វើអីបាន?” គេសួរផ្ចាញ់ផ្ចាល
“...”
“ស្រែកឡូឡា មានះបង្ករឿងមិនឈប់ មែនទេ?”
“ខ្ញុំនឹងកែប្រែ មិនថាធ្វើជាមនុស្សស្រីរបស់លោក មិនថាធ្វើជាអ្នកបម្រើ ខ្ញុំនឹងធ្វើ សូមតែម្យ៉ាងកុំធ្វើបាបប៉ាខ្ញុំអី”
“នាងដាក់ខ្លួនបែបនេះតាំងពីពេលណាមក?”
“ខ្ញុំមិនដឹងថាលោកចង់យ៉ាងម៉េចទេ តែខ្ញុំអាចធ្វើគ្រប់យ៉ាងដើម្បីប៉ាខ្ញុំ ខ្ញុំមិនដឹងថាខឹងស្អប់ប៉ាខ្ញុំរឿងអី ចង់សងសឹកបែបណានោះទេ តែចង់ធ្វើអី ធ្វើមកលើខ្ញុំទៅ” ទឹកភ្នែកស្រក់ចុះមកកាត់ថ្ពាល់ពេលដែលប្រយោគនេះលាន់ឡើង តែនៅតែមិនអាចទាញក្តីអាណិតអាសូរពីគេ។
“នាងសងគ្រប់ទេ?”
“ដើម្បីប៉ាខ្ញុំ ខ្ញុំច្បាស់ជាអាចធ្វើបានគ្រប់យ៉ាង”
“នាងអាចធ្វើអីបានខ្លះ?” ប្រុសកំលោះច្រចង្កាតូច ទាញមុខស្រទន់ចូលមកជិត ហើយសួរ គេសម្លឹងមុខងាយដោយភាពពាក់ងាយ។
“អ្វីក៏ខ្ញុំអាចធ្វើបានដែរ លោកចង់យ៉ាងម៉េចក៏បាន ចង់យកជីវិតរបស់ខ្ញុំក៏បានដែរ ឲ្យតែលោកពេញចិត្ត”
“ជីវិតរបស់នាងនៅក្នុងដៃរបស់ខ្ញុំស្រាប់ទៅហើយ មានអ្វីទៀត ការពិតទៅ ថ្ងៃនេះគ្មានសូម្បីឱកាសបារម្ភពីប៉ារបស់នាង ជីវិតរបស់នាងបាត់ទៅហើយ ជីវិតថ្មីរបស់នាងនៅពេលនេះគឺជារបស់ខ្ញុំ” អ្នកកំលោះតបមកវិញយ៉ាងក្អេងក្អាង គេចាប់ទាញរាងស្តើងឲ្យចូលមកជិត អង្អែលថ្ពាល់រលោងថ្នមៗជាមួយនឹងស្នាមកំណាច។
“ការពិតលោកចង់យ៉ាងម៉េចទៅ” ធីហ្វានីស្រែកព្រោះអត់ទ្រាំ នាងច្រានគេចេញ ប៉ុន្តែអ្នកម្ខាងទៀតក៏មិនព្រមឲ្យនាងរើគេចចេញបានសម្រេច ប្រអប់ដៃធំស្រាក់ចង្កេះនាងយ៉ាងជាប់ ធ្វើឲ្យរាងស្តើងមិនអាចឃ្លាតទៅណាបាន។
“ចង់យ៉ាងម៉េច នាងគួរតែដឹងច្បាស់ជាអ្នកណាទាំងអស់”
“ចង់ឲ្យខ្ញុំធ្លាក់នរកទាំងរស់ក៏បាន ចង់ឲ្យស្លាប់ទាំងនៅមានដង្ហើមក៏បាន ស្រេចចិត្តលោក តែលោកមិនត្រូវធ្វើបាបប៉ាខ្ញុំទេ” ធីហ្វានីអណ្តាក់អណ្តឺត តបទៅគេទាំងឈឺចាប់។
“នេះជាការដោះដូរឬក៏អង្វរករ” នាងត្រូវឆ្លើយឲ្យត្រូវចិត្តរបស់គេ ពុំនោទេ រឿងអាចនឹងអាក្រក់ជាងហ្នឹង។
“ជាការអង្វរករ ខ្ញុំកំពុងតែលន់តួលោក” រាងស្តើងអានចិត្តគេដឹងច្បាស់ ដឹងថាគេត្រូវការឲ្យនាងលន់តួអង្វរករ ហើយធ្លាក់ចូលទៅក្នុងសភាពដែលវេទនាហួសនឹងនិយាយ មនុស្សដូចជាគេ ចង់ធ្វើអ្វីច្បាស់ជាធ្វើឲ្យបាន នាងមិនអាចយកជីវិតរបស់ប៉ាមកប្រថុយនឹងមនុស្សដូចជាគេនោះទេ។
“ឆ្លើយបានល្អ” រាងក្រាស់ភ្ញើយចង្ការបស់នាងឲ្យសម្លឹងចំកែវភ្នែកមុតមាំរបស់គេ បបូរមាត់ក្តៅអ៊ុនៗប្រថាប់លើមាត់តូចយ៉ាងលឿន ធីហ្វានីច្រានគេចេញដោយសភាវិគតិ ប៉ុន្តែពេលដែលដៃប៉ះនឹងទ្រូងមាំ នាងក៏ឈប់ស្ងៀម នាងចាំច្បាស់ថាខ្លួនឯងកំពុងតែអង្វរគេ ទើបចង់ក្រោយបានត្រឹមតែទម្លាក់ដៃចុះមិនតវ៉ា។ ដេរ៉ូហ្វៀ ខាំមាត់តូចតិចៗទាំងគ្រីតក្នាញ់ គេមើលដឹងពីភាពមិនសុខចិត្តរបស់នាង ទោះបីនាងនៅស្ងៀមទ្រឹងមិនតវ៉ា តែគេដឹងច្បាស់ណាស់ថាក្នុងចិត្តរបស់នាងកញ្ជ្រោល មិនសុខចិត្តខ្លាំងដែលត្រូវគេធ្វើបែបនេះ។
ប៉ុន្តែ សម្រាប់គេមានអ្វីត្រូវខ្វល់? កាន់តែនាងឈឺចិត្ត កាន់តែនាងមិនពេញចិត្តនឹងអ្វី គេក៏កាន់តែចង់ធ្វើវាឲ្យច្រើនៗឡើង។
“ចាំឲ្យច្បាស់ថាជីវិតរបស់នាង សេរីភាពរបស់នាងគឺនៅក្នុងកណ្តាប់ដៃរបស់ខ្ញុំ សិទ្ធិតែម្យ៉ាងដែលខ្ញុំផ្តល់ឲ្យនាងគឺរស់នៅស្តាប់បញ្ជារបស់ខ្ញុំ” អ្នកកំលោះដកបបូរមាត់ចេញមកវិញថ្នមៗ តែមុខសង្ហាមិនឃ្លាតទៅណាឆ្ងាយពីមុខតូចឡើយ។
“ខ្ញុំនឹងធ្វើតាមលោកគ្រប់យ៉ាង តែឲ្យខ្ញុំជួបប៉ាខ្ញុំបន្តិចទៅ”
“អត់ទេ... មិនមែនពេលនេះទេ”
“ខ្ញុំជិតស្លាប់ហើយ ខ្ញុំនឹកប៉ាណាស់ សុំអង្វរលោកចុះឲ្យខ្ញុំឃើញគាត់បន្តិចមក តែម៉ាភ្លែតក៏បានដែរ” រាងស្តើងចាប់ផ្តើមស្រែកយំខ្លាំងៗ នាងព្យាយាមធ្វើហើយ រឿងដែលមិនធ្លាប់ធ្វើ ធ្វើអស់ហើយ ដាក់ខ្លួនហើយ ចុះចាញ់ហើយ ហេតុអីគ្រាន់តែជួបមុខលោកប៉ាតែបន្តិចកមិនអាច?
“ថ្ងៃចាប់ផ្តើមនៃការលន់តួរបស់នាងមិនអាចមានរឿងល្អច្រើនពេកទេ ត្រូវចាំថានាងជាអ្នកណា ឋានៈរបស់នាងជាអ្វីនៅក្នុងពេលនេះ”
“លោកដេរ៉ូហ្វៀ ខ្ញុំអង្វរពិតមែន អង្វរពេញពីចិត្ត ខ្ញុំចង់ជួបប៉ាខ្ញុំណាស់” នាងក្រមុំឈ្លឺម្រាមដៃសំពះយំឡើងក្រហមភ្នែកអស់ តែមនុស្សចិត្តខ្មៅ នៅតែធ្វើមុខស្មើដូចមិនប៉ះនឹងអារម្មណ៍សូម្បីតែបន្តិច។
“ខ្ញុំចង់ឃើញប៉ាខ្ញុំ”
ប្រុសកំលោះមិនតប ហើយក្រោកដើរចេញធ្វើមិនដឹង ធីហ្វានីស្ទុះក្រោកតាមទាំងមិនអស់ចិត្ត។
“ខ្ញុំសន្យាដោយជីវិត ឲ្យតែព្រមឲ្យខ្ញុំឃើញគាត់ មិនថាធ្វើជាទាសករ ធ្វើជាគោក្រពី ខ្ញុំមិនប្រកែកទេ”
ដេរ៉ូហ្វៀទុចងក់បន្តិចពេលលឺប្រយោគរបស់នាង គេមិនតបគ្រាន់តែនៅស្ងៀមស្តាប់សំឡេងអ្នកម្ខាងទៀតយំ ហើយដើរចេញទៅដោយមិនមាត់មិនក គេចិត្តដាច់បំផុតមិនអើពើនឹងសំឡេងស្រែកយំពីក្រោយខ្នង ឈានជើងដើរចេញទាំងគ្មានមេត្តា។
ធីហ្វានីទន់ជើងជង្គុយនៅលើឥដ្ឋទាំងអស់សង្ឃឹម ដៃតូចតោងគ្រែជាប់ប្រឹងទប់ខ្លួនកុំឲ្យដួលដេកទៅលើការ៉ូនោះ បបូរមាត់តូចខាំជាប់សុំសម្លឹងមើលគេទាំងឈឺចាប់និងខឹងស្អប់។
“ខ្ញុំមិនភ្លេចទង្វើរបស់លោកទេ មនុស្សអាក្រក់ដូចលោកមិនអាចឈរនៅកន្លែងឈ្នះពេញមួយជិវិតឡើយ ថ្ងៃណាមួយដែលលោកដល់ដំណាក់កាលអង្វរករអ្នកណាម្នាក់ ថ្ងៃនោះលោកនឹងដឹងថា វាឈឺចាប់ខ្លាំងបែបណា”
----------------
ជួបគ្នានៅថ្ងៃស្អែក!
Subscribe to:
Post Comments (Atom)
-
នៅក្នុងចំការផ្កាកុលាបដ៏ធំនៃដែនដី Losangeles មើលដាច់កន្ទុយភ្នែក ប្រៀបដូចជាឋានសួគ៌លើដី ដែលពេញទៅដោយភាពស្រស់ស្អាតនិង...
-
ភាគទី១: ស្លាបហ្សង ធ្វីនក្លឹប នៅក្នុងបន្ទប់ដ៏ធំទូលាយ រៀបចំយ៉ាងទាន់សម័យបំផុតពន្លឺភ្លើងពណ៌ទឹកក្រូច...
No comments:
Post a Comment