Sunday, August 5, 2018

បម្រើស្នេហ៍ព្រានកំណាច (ភាគទី៦)


        ភាគទី៦
(ចំណងសាតាន)

ធីហ្វានីអង្គុយស្ងៀមផ្អែកខ្នងនឹងក្បាលគ្រែ ដៃតូចអោបជង្គង់យ៉ាងជាប់ផ្ទៃមុខសោកសៅដិតដាមដោយទុក្ខកង្វល់ នាងនឹកប៉ា ចង់ជួបប៉ាខ្លាំងណាស់ តែពេលនេះនាងបែរជាមិនអាចធ្វើអ្វីបានទាំងអស់ បានត្រឹមតែអង្គុយយំយ៉ាងគួរឲ្យអាណិត។
“ប៉ា...ខ្ញុំនឹកប៉ាណាស់...ប៉ាខ្ញុំនឹកប៉ា...មកនាំខ្ញុំចេញពីទីនេះផងប៉ា ខ្ញុំខ្លាចណាស់ប៉ា...ហ៊ឹក...ហ៊ឹក...ប៉ា” រាងស្តើងដង្ហោយយំលោកប៉ាមិនឈប់ នាងយំដល់ហើមភ្នែកអស់នៅតែមិនឈប់យំ នៅតាមដើមដៃនាងខ្ញាំរហូតរលាតស្បែកអស់។
“ខ្ញុំត្រូវចេញពីទីនេះ ចេញទៅឲ្យបាន ត្រូវតែចេញទៅ...!”
ធីហ្វានី ងើបមុខឡើងសម្លឹងមើលជុំវិញខ្លួន នាងយកដៃគ្រវាសទឹកភ្នែកចេញ ហើយចុះពីគ្រែតម្រង់ទៅទ្វារ នាងទាញកន្ត្រាក់ទ្វារពីរបីដងដើម្បីបើកតែគ្មានបានផលព្រោះត្រូវចាក់សោរជាប់ទៅហើយ។
“គ្មានផ្លូវចេញទី ហ៊ឹក...ហ៊ឹក...គិតយ៉ាងម៉េចទៅ គិតយ៉ាងម៉េចទៅ?”  ធីហ្វានីដាក់ដៃទប់ទ្វារទាំងអស់សង្ឃឹម នាងមិនដឹងទេថាពេលនេះនាងនឹងចាកចេញពីនរកនេះដោយវិធីណា ស្រីស្អាតបិទភ្នែកបន្តិចព្យាយាមគិត នាងត្រូវរកវិធីចេញពីទីនេះឲ្យឃើញ “គិត...គិតទៅធីហ្វានី បើសិននាងមិនចង់ស្លាប់នៅទីនេះ”
រាងស្តើងក្តាប់ដៃវាយទ្វារតិចៗដូចប្រឹងដាស់ការគិតឲ្យក្រោកឡើង...
“មែនហើយ...នៅខាងក្រៅមានអ្នកយាម!”
នាងក្រមុំញញឹមបន្តិចហាក់ដូចកំពុងតែមានផ្លូវ នាងដើរទៅតុសំអាង ហើយយកទឹកអប់តម្លៃថ្លៃគប់កញ្ចក់បែកខ្ចាយ...
“ជួយផង...ជួយផង...!” នាងក្រមុំស្រែកអស់សំឡេង ហើយរត់ទៅពូនកៀនទ្វារ នាងយកថូរផ្កាមកកាន់យ៉ាងជាប់ ហើយប្រឹងស្រែកបន្តដូចកំពុងតែមានរឿងកើតឡើង។
ពិតជាបានផល មិនប៉ុន្មានផងទ្វារបន្ទប់ក៏បើកឡើង បុរសម្នាក់ស្ទុះចូលមកភ្លាម គេសម្លឹងមើលទៅកញ្ចក់ដែលបែក ហើយរេភ្នែករកនាងក្រមុំ តែពេលងាកមកក៏បានរង្វាន់មួយថូផ្កា...
ផាំង...!
“អូយ៎...!”
រាងស្តើងវាយចំក្បាលអ្នកដែលស្ទុះចូលមកព្រមទាំងច្រានគេឲ្យដួលហើយរត់ចេញទៅ ប៉ុន្តែជើងតូចក៏ទុចងក់ នាងងាកមកវិញសម្លឹងមើលអ្នករងគ្រោះដែលត្រូវនាងវាយចំក្បាលដែលកំពុងតែមានឈាមហូរចេញមក។
“ខ្ញុំ...ខ្ញុំមិនបានមានបំណងធ្វើបាបអ្នកណាទេ” រាងស្តើងបន្ទន់ជង្គង់ចុះហើយយកកន្សែងដែលនៅក្នុងហោបៅរបស់គេមកជូតឈាមលើក្បាលរបស់គេទាំងញ័រដៃ នាងខ្លាច ហើយមិនចង់ឲ្យគេមានរឿងអាក្រក់ទេ “ខ្ញុំគ្រាន់តែត្រូវការត្រឡប់ទៅវិញ...សុំ...សុំទោស”
រាងស្តើងញ័របបូរមាត់ព្រោះភ័យ នាងប្រញាប់ម្នីម្នាក់ក្រោកឡើងវិញ ខណៈនោះនាងក៏ឃើញទូរស័ព្ទរបស់គេ ស្រីស្អាតក៏ចាប់កាន់វាយ៉ាងលឿនហើយរត់ទៅក្រៅ នាងគ្រាន់តែចង់ខ្ចីគេប្រើសិនតែប៉ុណ្ណោះ... យ៉ាងណាវាជាផ្លូវរបស់នាងក្នុងពេលនេះ ក្នុងពេលដែលទេវតាបានបង្ហាញផ្លូវហើយ នាងមិនអាចបោះបង់បានឡើយ។
គ្រាន់តែនាងក្រមុំរត់ចេញទៅបាត់ បុរសម្នាក់បានដើរចូលមកក្នុងបន្ទប់យ៉ាងលឿនពេលដែលឃើញភាពខុសប្លែក។
“មានរឿងស្អីហ្នឹង?” គេចូលមករកអ្នកដែលកំពុងតែដេកស្ងៀមយកដៃខ្ទប់ក្បាលដែលបែកឈាម “ក្រោកឡើង មានរឿងស្អី... មិនស្រួលទេ”
គេចាប់ផ្តើមភ្ញាក់ពេលដែលឃើញសភាពក្នុងបន្ទប់រញ៉េរញ៉ៃខ្លាំង អ្នកយាមទ្វារក៏ត្រូវវាយដល់បែកឈាម គេប្រញាប់លើកទូរស័ព្ទខលភ្លាម។
“សាន់ដឺ ស្រីម្នាក់នោះរត់បាត់ហើយ”

ធីហ្វានីប្រឹងរត់ទៅមុខទាំងមិនដឹងទិសតំបន់ នាងមិនដឹងថាទីណាជាផ្លូវចេញខណៈដែលតំបន់ដែលដេរ៉ូហ្វៀកាន់កាប់គឺជាជាន់ក្រោមដី នាងមិនធ្លាប់ចេញចូលទីនេះ មិនសោះថាត្រូវរត់ដោយវិធីណា កាន់តែពេលនេះកូនចៅរបស់គេកំពុងតែចេញដើរព្រោងព្រាតដើម្បីតាមរកនាង ធីហ្វានី ពូនក្រោយដើមផ្កាញ័រខ្លួនទទ្រើត នាងខ្លាចត្រូវគេចាប់បាន...
“គិតយ៉ាងម៉េចទៅ គិតយ៉ាងម៉េចទៅធីហ្វានី នាងរត់យ៉ាងម៉េចទៅ រត់យ៉ាងម៉េច? មែនហើយទូរស័ព្ទ...ទូរស័ព្ទ” នាងក្រមុំលើកទូរស័ព្ទដែលក្តោបជាប់ឡើងបែកញើសនោះមើល នាងភ័យពេកដល់ថ្នាក់ភ្លេចភ្លាំងអស់ហើយ ម្រាមដៃតូចចុចទូរស័ព្ទដើម្បីខល ប៉ុន្តែភ្លាមនោះនាងប្រែជាសោកសៅ...
“លេខរបស់ប៉ាលេខប៉ុន្មាន? វីវរហើយ ម៉េចក៏ខ្ញុំភ្លាម” បបូរមាត់តូចញ័រទទ្រើតពេលដល់ផ្លូវទាល់ កន្លងមកនាងគ្រាន់តែសេវលេខរបស់ប៉ាដាក់ក្នុងទូរស័ព្ទតែមិនបានចាំថាលេងប៉ុន្មាន ពេលនេះការធ្វើប្រហែសចំពោះរឿងតូចតាចរបស់នាងនាំទុក្ខធំនៅពេលមានអាសន្នហើយ។
“លេខប៉ុន្មាន រកនឹកទៅ ឆាប់រកនឹកទៅធីហ្វានី រកនឹកទៅ ឯងមិនមែនខួរក្បាលអន់ដាក់ថ្នាក់ចាំអ្វីមិនបាននោះទេ” មាត់រអ៊ូតិចៗ ដៃប្រឹងចុចរាវលេខដែលចាំបានខ្លះៗ សង្ឃឹមថានឹងអាចទៅរួច នាងអាចនឹងខលទៅរកប៉ាបាន...
“ចូលទៅៗ សូមឲ្យវាជាលេខរបស់លោកប៉ាទៅ សុំអង្វរ...!” នាងក្រមុំដាក់ទូរស័ព្ទជាប់នឹងត្រចៀកចាំស្តាប់ តែគ្រប់យ៉ាងមិនដូចបំណង ទើបនាងព្យាយាមធ្វើវាម្តងហើយម្តងទៀត រហូតមិនចាប់អារម្មណ៍ថាកំពុងតែមានគេដើរពីក្រោយ...
ទូត...ៗ
“ចាប់លើកទៅ!” ពេលដែលទូរស័ព្ទដែលអាចទាក់ទងបាន នាងបន់ស្រន់ឲ្យអ្នកម្ខាងទៀតលើក ហើយក៏សង្ឃឹមថានេះជាលេខរបស់លោកប៉ា បេះដូងតូចលោតញាប់ដុកដាក់ៗ ទាំងខ្លាចទាំងលួចសង្ឃឹម។
“អាឡូ...!” សំឡេងស៊ាំត្រចៀកដែលនាងស្គាល់ច្បាស់ គ្រាន់តេលីធ្វើឲ្យនាងញញឹមហើយឆ្លើយតបទៅវិញ...
“ប៉...អឺ...ៗ” មាត់របស់នាងត្រូវនរណាម្នាក់ខ្ទប់ជាប់ ទូរស័ព្ទដែលនៅក្នុងដៃក៏ត្រូវគេកញ្ឆក់យកបោះទៅឆ្ងាយ។ ធីហ្វានីប្រឹងរើបម្រះ ដៃតូចកន្ត្រាក់ដៃគេចេញផង និងម្ខាងទៀតស្រវាយកទូរស័ព្ទដែលគេបោះចោល ដែលនៅលើសំឡេងល្វើយពីអ្នកម្ខាងទៀត ប៉ាមិនទាន់បិទទូរស័ព្ទទេ ឲ្យតែនាងអាចស្រែកហៅប៉ាបាន ប៉ាច្បាស់ជាដឹងថានាងត្រូវការជំនួយ។
នាងក្រមុំប្រឹងរើបបម្រះ ប្រឹងកន្ត្រាក់ដៃរបស់គេចេញពីមាត់របស់នាងយ៉ាងខ្លាំង តែដៃធំនោះមាំខ្លាំងណាស់ទាញយ៉ាងណាក៏មិនចេញ ទើបនាងព្យាយាមខាំដៃរបស់គេ ពេលដែលអ្នកម្ខាងទៀតពន្លែងនាងឲ្យមានសេរីភាព នាងក៏ស្រែកភ្លាម...
“ប៉ា...ជួយខ្ញុំផងប៉ា...ប៉ា!”
ប៉ុន្តែយឺតពេលទៅហើយ អ្នកម្ខាងទៀតបិទទូរស័ព្ទទៅហើយ! ធីហ្វានី បើកភ្នែកធំៗទាំងស្លុតចិត្ត នឹងស្ទុះទៅយកទូរស័ព្ទដែលជ្រុះនៅលើដី នៅពេលដែលដៃតូចរបស់នាងព្យាយាមឈោងយើង ជើងមាំបានឈូសវាយ៉ាងខ្លាំងរហូតវាបុកនឹងជញ្ជាំងបែកខ្ទេច ក្តីសង្ឃឹមរបស់នាងក៏រលត់ត្រឹមនេះ។
“មិនអាច...មិនអាចទេ!”
“នាងហ៊ានរត់ ហើយវាយកូនចៅរបស់ខ្ញុំឲ្យមានរបួស” ដេរ៉ូហ្វៀគំហកខ្លាំងៗ ហើយចាប់ទាញនាងក្រមុំឲ្យក្រោកឡើងទាំងកំរោល គេខឹងខ្លាំងរហូតសឹងតែកម្ទេចផែនដីបាន មុននេះបើសិនគេមកមិនទាន់ នាងច្បាស់ជាផ្តល់ដំណឹងឲ្យទៅអ្នកផ្ទះបានមិនខានទេ។
ធីហ្វានីដកដង្ហើមញាប់ទាំងខ្លាចទាំងហត់នឿយ កាន់តែឃើញមុខរបស់គេ រាងស្តើងកាន់តែអស់កម្លាំង ស្ទើរតែទន់ជង្គង់នៅត្រង់នេះតែម្តង មច្ចុរាជមកផ្តន្ទានាងទៀតហើយ គេមកហើយ នាងអស់ឱកាសរត់ហើយ គ្មានវិធីទៀតទេ។
“នាងព្រហើនណាស់ ហ៊ានបង្ករឿងមិនឈប់”
“លែងខ្ញុំទៅ លែង!” ស្រីស្អាតស្រែកខ្លាំងៗទាំងភ័យខ្លាច នាងខំរលាស់ដៃចេញពីការចាប់របស់គេ ហើយច្រានអ្នកម្ខាងទៀតចេញខ្លាំងៗ តែគេនៅតែចាប់នាងយ៉ាងជាប់ ទោះបីនាងប្រឹងរើកញ្ជ្រោលខ្លាំងប៉ុណ្ណាក៏ដោយ។
“លែងខ្ញុំ លែង...លែងទៅ លែងទៅ ហ៊ឹក...ហ៊ឹក...លែង”
“នាងធ្វើឲ្យច្របូកច្របល់ នាងមិនរូចខ្លួនទេ ធីហ្វានី ហ្សេនដារៀ”
“ខ្ញុំទៅរកប៉ាខ្ញុំ លែងដៃខ្ញុំ...ហ៊ឹក...ហ៊ឹក... ខ្ញុំទៅរកប៉ាខ្ញុំ ស្តាប់បានទេ ប្រាប់ថាឲ្យលែងដៃ” រាងស្តើងស្រែកយំឡើងញ័រសំឡេង នាងកញ្ជ្រលយ៉ាងខ្លាំងដើម្បីគេចចេញពីអ្នកម្ខាងទៀត តែដៃតូចរបស់នាងត្រូវគេក្តោបយ៉ាងចាប់ណែន ដល់ថ្នាក់នាងឈឺត្រង់កន្លែងដែលគេចាប់។
“ពូកែរត់មែនទេ? រត់ម្តងហើយម្តងទៀត”
“ហ៊ឹក...ហ៊ឹក... ខ្ញុំចង់ទៅជួបប៉ាខ្ញុំ”
“មួយជីវិតនេះមិនបាច់សង្ឃឹមទេ ធីហ្វានី ក៏កុំសង្ឃឹមថានាងអាចចេញពីទីនេះបានឲ្យសោះ” ប្រុសកំលោះអង្រួនស្មារបស់នាងទាំងខឹង គេទាំងក្តៅក្រហាយនិងគ្រឹតក្នាញ់ នាងបំផ្លាយសម្ភារៈនៅក្នុងបន្ទប់របស់គេ ហើយវាយកូនចៅរបស់គេរបួសក្បាលយ៉ាងធំទៀត។
“លោកអាក្រក់ណាស់”
“សម្រាប់នាង ប៉ុណ្ណេះមិនទាន់អាក្រក់ទេ” និយាយចប់គេអូសដៃនាងយ៉ាងខ្លាំងឲ្យនាងដើរតាម រាងស្តើងមានះប្រឆាំងយ៉ាងណាក៏មិនអាចទៅរួច គេនៅតែកន្ត្រាក់ទាញនាងទៅតាមឲ្យទាល់តែបាន។
“លែងខ្ញុំទៅ លែង...”
អ្នកកំលោះមិនខ្វល់នឹងការតវ៉ារបស់នាង គេនាំនាងរហូតមកដល់កន្លែងដើមវិញ រាងស្តើងតូចក៏ត្រូវគ្រវែងទៅលើពូកតាមដោយរាងក្រាស់សង្កត់ជាប់។
“ចេញទៅ...!”
“ពូកែរត់ណាស់មែនទេ ពូកែបំផ្លាញណាស់មែនទេ?”
“ចេញទៅ ចេញពីខ្ញុំទៅ ហ៊ឹក...ហ៊ឹក... ចេញ... ចេញឲ្យផុតទៅ” អ្នកនាងតូចធំស្រែកខ្លាំងៗដៃប្រឹងច្រានគេចេញ នាងខ្លាចញញើតនឹងភាពកំណាចដូចបិសាចរបស់គេ នាងខ្លាចសភាពដែលខ្លួនឯងធ្លាក់មកក្លាយជាទាសករលើគ្រែរបស់គេ។
“ចេញទៅ!”
“ងាយបែបនេះមែនទេ?”
“កុំចង់ធ្វើរឿងថោបទាបដាក់ខ្ញុំទៀត” ស្រីស្អាតស្រែកយំទាំងខឹង ហើយប្រឹងរើ ទាំងដែលដឹងថានាងគ្មានផ្លូវនឹងស៊ូ។
“ព្រោះនាងសមតែទទួលបែបនេះ” ដេរ៉ូត្បកមកវិញទាំងមិនខ្វល់ខ្វាយអ្វីទាំងអស់។
“លោកធ្វើបាបមនុស្សស្រី លោកអាក្រក់ណាស់ មនុស្សថោកទាប ហ៊ឹក...ហ៊ឹក... អាក្រក់បំផុត”
“...”
“លោកមានម្តាយជាមនុស្សស្រីដែរមែនទេ? ហេតុអីជាន់ឈ្លឺមនុស្សស្រីដែលគ្មានផ្លូវស៊ូ អាងអំណាចធ្វើបាបមនុស្សស្រី យ៉ាងណាងខ្ញុំក៏ជាមនុស្សស្រីដូចម្តាយលោកដែរៗ
នាងស្រែកតវ៉ាដោយប្រយោគយ៉ាងវែងធ្វើឲ្យអ្នកម្ខាងទៀតខឹងដល់ថ្នាក់ញ័រដៃ ភ្នែកឡើងក្រហមកំណាចដូចស្តេចបិសាច កំហឹងជន់ជោ គេសម្លក់នាងក្រមុំដែលកំពុងតែយំស្រែកតវ៉ាដាក់គេដោយភាពស្អប់ខ្ពើមដូចគុំតាំងពីរាប់រយជាតិមក។
“ព្រោះមនុស្សស្រីសុទ្ធតែគួរឲ្យស្អប់ ជាពិសេសគឺនាង!”
“លោកឯងជាមនុស្សឆ្កួត”
“មែនហើយៗ! ចាំណាធីហ្វានីខ្ញុំនឹងឲ្យនាងស្គាល់មេរៀនដែលមានជើងតែមិនអាចរត់គេចបាន នាងច្បាស់ជាចាំមិនភ្លេចថាដេរ៉ូហ្វៀ់អាក្រក់បានដល់កម្រិតណា” គេខាំធ្មេញនិយាយឡើងដោយសំឡេងរឹងកំព្រីស
“មនុស្សឆ្កួត ចេញទៅ” នាងខ្លាចញញើត ពេលដែលឃើញគេមានទឹកមុខកំណាចខុសពីធម្មតា កាន់តែគេសម្លឹងមើលមកនាងដូចចង់ស៊ីសាច់ហុតឈាម នាងកាន់តែខ្លាចខាំ្លងឡើង។
“បើមិនឲ្យនាងដកដង្ហើមនៅក្នុងឋាននរក ខ្ញុំមិនមែនដូរ៉ូហ្វៀទេ”

“ខ្ញុំក៏គ្មានថ្ងៃព្រមធ្វើជាទាសកររបស់លោកតទៅទៀតដែរ ខ្ញុំមានចិត្ត មានបេះដូង ខ្ញុំចេះឈឺចាប់! មិនដូចលោកដែលថ្លើមប្រមាត់ត្រូវសត្វស៊ីអស់ទៅហើយ” កាន់តែខ្លាច កាន់តែឈឺចាប់នាងកាន់តែតវ៉ា នាងស្អប់ដែលត្រូវគេជាន់ឈ្លឺមើលងាយមិនឈប់។
“ហើយយ៉ាងម៉េច? ចង់យ៉ាងម៉េចទៀត គិតចង់រត់ទៀតគ្មានផ្លូវទេធីហ្វានី ដរាបណានាងនៅរត់ នាងត្រូវតែទីនេះ” អ្នកកំលោះច្របាច់ចង្កាតូចឲ្យបែកមុខមកសម្លឹងគេ គេមិនបាននិយាយលេងតែនឹងធ្វើពិតមែន។
“មនុស្សអាក្រក់ថោកទាបដូចលោក ហេតុអីមិនស្លាប់ទៅ”
“ស្លាប់មិនបានទេ ព្រោះមិនទាន់ទារបំណុលពួកនាងអស់” ប្រយោគរបស់គេតបមកវិញពិតជាត្រជាក់ខ្លាំងរហូតនាងអស់ខ្លាចញញើតមិនបាន បបូរមាត់តូចខាំជាប់ស្ទើរតែបែកឈាមសម្លឹងមុខគេដោយភាពខឹងស្អប់។
“លោកហ្នឹងមានកម្មពៀ ថ្ងៃនេះលោកធ្វើឲ្យខ្ញុំឈឺចាប់ ថ្ងៃក្រោយលោកនឹងស្តាយក្រោយនូវកំហុសរបស់ខ្លួនឯង” ទឹកភ្នែកហូរស្រក់ចុះមកតាមកន្ទុយភ្នែក ស្របពេលដែលបបូរមាត់ញ័របន្លឺឡើងតបទៅគេវិញ។
“គ្មានថ្ងៃស្តាយក្រោយក៏គ្មានថ្ងៃមានកម្មពៀ ព្រោះខ្ញុំជាម្ចាស់កម្មពៀរបស់នាង”
“ថ្ងៃណាមួយដែលលោកត្រូវគេពង្រាត់ពីគ្រួសារមកធ្វើបាប លោកនឹងដឹងថាវាឈឺចាប់ប៉ុណ្ណា មនុស្សអាក្រក់ដូចលោកប្រាកដជាស្តាយក្រោយនៅថ្ងៃណាមួយ”
ធីហ្វានីខ្ញាំដើមដៃរបស់គេយ៉ាងខ្លាំង នាងចង់ឲ្យគេដឹងថានាងស្អប់គេខ្លាំងប៉ុណ្ណា គេធ្វើឲ្យនាងឈឺចាប់ខ្លាំងបែបណា។ ដេរ៉ូហ្វៀ ខាំបបូរមាត់តិចៗសម្លក់មុខនាង កំហឹងដែលអាចមើលដឹងតាមរយៈខ្សែភ្នែករបស់គេកំពុងតែកើនឡើងម្តងបន្តិចៗ។
“ធ្លាប់ដឹងរួចហើយ ទើបឲ្យពួកនាងភ្លក្សរសជាតិនេះម្តង ពេលនេះត្រូវហែកហួរជាន់ឈ្លឺ ប៉ារបស់នាងប្រាកដជាឈឺចាប់ខ្លាំងណាស់មែនទេ ពេលដែលបាត់នាងឈឺចាប់ណាស់មែនទេ នាងបាត់បង់គ្រួសារក៏វេទនាយំស្រែកមិនឈប់ នេះជាអ្វីដែលខ្ញុំចង់ឃើញ” អ្នកកំលោះគំហកដោយសំឡេងខឹង គេអោនមុខកាចចូលមករកនាង ច្រមុះស្រួចត្រដុសខ្លាំងៗលើថ្ពាល់ស្អាត ហើយចាប់ផ្តើមបោះត្រាលើកញ្ចឹងកតូចដែលមានស្នាមមិនទាន់រលុបនោះ។
“លែងខ្ញុំទៅ...លែងខ្ញុំទៅអាមនុស្សព្រៃផ្សៃ”
“ចាំឲ្យច្បាស់ នេះជាសភាពរបស់នាង ទៅថ្ងៃក្រោយក៏មិនប្រសើរជាងនេះដែរ” គេខ្សឹបដាក់ត្រចៀកតូច ហើយខាំទងត្រចៀកតិចៗ ក្នុងខណៈដែលដៃធំចាប់ស្ទាបអង្អែលលើរាងកាយរបស់នាងមិនឈប់។
“ចេញទៅ...!” ធីហ្វានីប្រឹងច្រានគេចេញ ទាំងដឹងច្បាស់ថានាងមិនដែលស៊ូនឹងគេបាន មិនថានាងព្យាយាមជម្នះរើបម្រះ ឬយំចង់ដាច់ខ្យល់គេក៏មិនដែលមេត្តាដល់នាងស្រាប់ទៅហើយ។
“អាមនុស្សព្រៃផ្សៃ... អាបិសាច... ហ៊ឹក...ហ៊ឹក...”
“...”
“លោកធ្វើបាបមនុស្សស្រី លោកជាន់ឈ្លឺខ្ញុំ ខ្ញុំដាក់បណ្តាសារលោក ថ្ងៃណាមួយដែលលោកស្រលាញ់មនុស្សស្រី ស្រីម្នាក់នោះនឹងស្អប់លោកដល់ឆ្អឹង...ហ៊ឹក...ហ៊ឹក...”
“បណ្តាសាររបស់នាងគ្មានថ្ងៃទៅរួច ព្រោះខ្ញុំគ្មានថ្ងៃស្រលាញ់មនុស្សស្រីទេ”
“បើមានថ្ងៃនោះ សូមឲ្យលោកឈឺចាប់បំផុត ឈឺចាប់ព្រោះស្រីដែលលោកស្រលាញ់ស្អប់លោក បណ្តាសាររបស់ខ្ញុំច្បាស់ជាទៅរួច ព្រោះទេវតាច្បាស់ជាមិនជួយមនុស្សអាក្រក់ដូចលោកឲ្យគេចផុតទេ”
“ហ៊ិស...! សង្ឃឹមទៅ តែពេលនេះមកទទួលបណ្តាសារដែលខ្ញុំដាក់លោកគ្រួសាររបស់នាងសិនទៅ” ប្រុសកំលោះតបមកវិញយ៉ាងមានអំណួចគេជឿជាក់ថាវានឹងគ្មានថ្ងៃនោះកើតឡើងនោះទេ។ ដេរ៉ូហ្វៀ មិនបណ្តោយឲ្យទ្រនិចនាឡិកដើរទៅមុខដោតឥតប្រយោជន៍ឡើយ រាងក្រាស់ដោះលែងភ្លើងប្រាថ្នាដែលឆេះក្នុងប្រាណដោយសារកំហឹងទៅលើរាងតូច គេមិនយកចិត្តទុកដាក់ថានាងស្អប់ខ្ពើមគេ ឬស្រែកយំខ្លាំងយ៉ាងណានោះទេ...

រាងមាំខ្ពស់ស្រឡះមានត្រឹមតែកន្សែរុំជាប់នឹងចង្កេះពន្លែងល្វែងលើឈរាស្ងៀមសម្លឹងមើលខ្លួនឯងដែលឆ្លុះដោយកញ្ចក់ប្រេះបែក ដៃធំមាំក្តាប់យ៉ាងណែន មុខមាំស្រោបដោយកំហឹងដែលលាយឡំនឹងការឈឺចាប់កប់យ៉ាងជ្រៅនៅក្នុងក្រអៅបេះដូង បបូរមាត់របស់គេខាំជាប់ខណៈដែលនៅក្នុងខួរក្បាលលេចឡើងនូវរូបភាពជាច្រើន សំឡេងស្រែកយំ ព្រោះការភ័យខ្លាចនិងសុំអង្វរពីការធ្វើទារុណយ៉ាងកំណាចលាន់ទ្រហឹងពេញត្រចៀករបស់គេ ការឈឺចាប់ទឹកភ្នែកដង្ហោយរកភាពកក់ក្តៅនិងសុំក្តីមេត្តាធ្វើឲ្យដេរ៉ូហ្វៀក្តាប់ដៃគាន់តែណែនខ្លាំងឡើងរហូតដៃធំចេញសរសៃ។
“ម៉ាក់អ៊ីចឹងហ្អេស”
ផាំង!
រាងក្រាស់ក្តាប់ដៃយ៉ាងណែនវាយទៅលើកញ្ចក់ដែលបាក់បែកនោះ ប្រអប់ដៃធំមានឈាមហូរ តែគេមិនខ្វល់ ពេលនេះនៅក្នុងខួរក្បាលរបស់គេកំពុងតែវិលវល់ រូបភាពដែកដែលត្រូវដុតឲ្យក្តោឡើងក្រហាម និងខ្សែតីធំមាំដែលវាតវាត់មិនប្រណីទៅលើរាងកាយដែលទ្រុឌទ្រោមវាកំពុងតែកកូកកាយសតិរបស់គេឲ្យច្របូកច្របល់សឹងតែគ្រប់គ្រងខ្លូនឯងមិនបាន។
ដេរ៉ូហ្វៀសម្លឹងមើលមកលើគ្រែតាមកន្ទុយភ្នែក ពេលនេះធីហ្វានីគេងលក់បាត់បន្ទាប់ពីត្រូវដាក់ទោសធ្ងន់ធ្ងរ រាងតូចដណ្តប់ដោយភួយសំឡីត្រឹមទ្រូង បែរខ្លួនផ្អៀងដោយកាយវិការក្តោបភួយយ៉ាងជាប់ នៅលើខ្នើយមានដាមទឹកភ្នែកជោគជាំដោយភាពឈឺចាប់និងមិនសុខចិត្ត។
“បណ្តាសាររបស់នាងគ្មានថ្ងៃក្លាយជាការពិតទេ យើងស្អប់មនុស្សស្រីទាំងអស់ក្នុងលោកម ជាពិសេសគឺនាង” និយាយចប់ រាងក្រាស់ក៏ដើរចេញឈប់សម្លឹងមើលនាង ក្រោយពេលដែលដោះស្រាយធុរៈហើយ អ្នកកំលោះក៏ផ្លាស់សម្លៀកបំពាក់ដើរចេញទៅបាត់ ទុកឲ្យរាងតូចដែលរងទារុណគេងយ៉ាងស្ងប់ស្ងាត់នៅក្នុងបន្ទប់ដ៏ធំ។

កន្លងអស់ពេលយូរគួរសម រាងស្តើងតូចក្រោកឡើងដោយពភាពល្ហិតល្ហៃ នាងអង្គុយអោបអង្គង់យំមិនឈប់មុននឹងស្រវាសម្លៀកបំពាក់មកគ្រងលើរាងកាយវិញ។ ជើងតូចស្រឡូនចុះពីលើគ្រែ ឈានជំហានយឺតៗដូចគ្មានវិញ្ញាណ នាងសម្លឹងមើលសភាពខ្លួនឯងនឹងកញ្ចល់ដែលប្រេះបែក វាកាន់តែធ្វើឲ្យនាងឃើញថាខ្លួនឯងគួរឲ្យសង្វេគខ្លាំងណាស់។
ជ្រិប! ជើងតូចឈានទៅមុខបន្ត ក៏ជាន់នឹងអំបែងកញ្ចក់មុតជើងឈាមរហាម នាងក្រមុំបង្ហើបជើងមើលបន្តិចឃើញឈាមកំពុងតែហូរ នាងខាំមាត់ទប់ការឈឺចាប់អង្គុយចុះ រើសអំបែងកញ្ចក់ដែលបែកនោះក្តោបយ៉ាងជាប់។
“ខ្ញុំខ្លាច ខ្ញុំហត់នឿយ ខ្ញុំឈឺចាប់ ខ្ញុំចង់ជួបប៉ា តែខ្ញុំប្រហែលជាលែងមានឱកាសជួបប៉ាម្តងទៀតហើយ ហ៊ឹក...ហ៊ឹក... ប៉ា ជីនអានឹកប៉ាខ្លាំងណាស់ ចង់ឲ្យប៉ាមកលួងលោមខ្លាំងណាស់ប៉ា ពេលនេះប៉ានៅឯណា មករកខ្ញុំបន្តិចបានទេ មកអោបខ្ញុំលួងខ្ញុំបន្តិចបានទេ ខ្ញុំពិបាកទ្រាំខ្លាំងណាស់”
នាងយំដង្ហោយហៅទាំងដឹងថាគ្មានសង្ឃឹម ពេលនេះនាងពិតជាចង់ឲ្យប៉ាឈរនៅពីមុខ ហើយនាងនឹងស្ទុះទៅអោបគាត់ឲ្យជាប់ដើម្បីឲ្យភាពកក់ក្តៅជួយបណ្តេញការភ័យខ្លាចនិងការឈឺចាប់ទៅឲ្យអស់។
“បងខលលិន បងពិតជាទៅណាបាត់ មិនមករកខ្ញុំទេមែនទេ? ខ្ញុំនឹកប៉ាណាស់បងដឹងទេ? ខ្ញុំចាំបងនិងប៉ាមកជាយូរ ក៏ព្យាយាមជួយខ្លួនឯងដែរ ប៉ុន្តែខ្ញុំធ្វើមិនបាន ហ៊ឹក...ហ៊ឹក... ខ្ញុំអស់សង្ឃឹម ខ្ញុំហត់នឿយណាស់ ហ៊ឺ...ៗ ខ្ញុំស្អប់ ខ្ញុំខ្ពើមខ្លួនឯងខ្លាំងណាស់...ខ្ពើមណាស់!” រាងស្តើងជ្រប់មុខយំ នាងឃើញសភាពតោកយ៉ាករបស់ខ្លួមតាមបំណែកកញ្ចក់ បបូរមាត់នាងខាំយ៉ាងណែន ហើយទះកញ្ចក់នោះចេញ មុននឹងក្រោកឡើងយឺតៗ ទាំងដៃម្ខាងកាន់អំបែងកញ្ចក់មុតស្រួចយ៉ាងជាប់។
“លាងភាពស្មោគរោគចេញពីខ្លួនរបស់នាងទៅធីហ្វានី ហើយឈប់ឲ្យអ្នកណាមកជាន់ឈ្លឺទៀត” ស្រីស្អាតតឿនខ្លួនឯងតិចៗ នាងយកដៃដែលប្រឡាក់ឈាមជូតវាសទឹកភ្នែកដែលនៅលើថ្ពាល់ចេញ ដើរទៅមុខទាំងជើងមានរបួសតម្រង់ទៅបន្ទប់ទឹក នាងភ្លេចអស់ការឈឺចាប់  រាងកាយស្ពឹកអស់លែងដឹងអ្វីជាអ្វីព្រោះការឈឺចាប់ដែលវាយប្រហារបេះដូងវាមានច្រើនរហូតនាងលែងមានអារម្មណ៍ឈឺចាប់នៅលើខ្លួន។
ឈូ...! រ៉ូប៊ីនេត្រូវបើក ទឹកថ្លាឈ្វង់បង្ហូរចូលអាង រាងស្តើងបោះជើងចូលទៅក្នុងអាង ឈាមដែលហូរចេញពីរបួសធ្វើឲ្យទឹកមានពណ៌ក្រហម ការឈឺចាប់ពេលដែលប៉ះនឹងទឹកមិនបានធ្វើឲ្យនាងអើពើ ស្រីស្អាតចូលទៅអាងហើយដេកយ៉ាងស្ងៀមឲ្យទឹកហូរស្រោចលើខ្លួន...
ខ្ចាច..!
អំបែងធ្លាក់បែកទៅលើការ៉ូតាមដោយតំណក់ឈាមស្រក់តក់ៗ

“ចៅហ្វាយ!” កូនចៅក្រោមបង្គាប់ដែលឈរនៅមាត់ទ្វាររបស់ ដេរ៉ូហ្វៀ អោនគំនាបនៅដែលឃើញរាងខ្ពស់ដើរចូលមក។
“ខាងក្នុងយ៉ាងម៉េច?”
“ស្ងប់ស្ងាត់ណាស់”
ដេរ៉ូហ្វៀមិនតបថាម៉េច ប៉ុន្តែផ្ទៃមុខរបស់គេបញ្ជាក់ពីការទទួលដឹងលឺ ដើមឡើយគេស្មានថាស្រីឆ្មើងកន្ទ្រើងម្នាក់នោះបំផ្លាញសម្ភារៈក្នុងបន្ទប់របស់គេដូចរាល់លើក តាមភាពមានៈរបស់នាងទៅហើយ។ ប៉ុន្តែលើកនេះបែរជាស្ងប់ស្ងាត់ទៅវិញ... កូនចៅក្រោមបង្គាប់របស់អ្នកកំលោះបើកទ្វារឲ្យគេចូលទៅភ្លាមក្រោយពេលដែលរាយការណ៍ចប់ អ្នកកំលោះក៏បោះជំហានយ៉ាងអង់អាចចូលទៅ នៅផ្នែកម្ខាងទៀត បុរសម្នាក់កំពុងតែឈរបាំងខ្លួននៅសរសរធំ គេសម្លឹងមើលដូរ៉េហ្វៀមិនដាក់ភ្នែក ហើយរេភ្នែកទៅបន្ទប់ដែលគេបិទទ្វារជិតក្រោយពេលដែលអ្នកកំលោះចូលទៅ។
អេរិកមិនអាចនៅសុខទើបបន្លំខ្លួនចូលដល់ទីតាំងរបស់ដេរ៉ូហ្វៀ គេព្យាយាមតាមស្អិតមិនឲ្យអ្នកម្ខាងដឹងខ្លួន ហើយពេលនេះក៏មកដល់កន្លែងហាមឃាត់។
“អ្នកនាងច្បាស់ជានៅក្នុងនោះមិនខានទេ អាចង្រៃ!”

ដេរ៉ូហ្វៀជ្រួញចិញ្ចើមនៅពេលដែលគ្រប់យ៉ាងប្រែមកជាស្ងប់ស្ងាត់ខ្លាំង រាងស្តើងតូចក៏មិននៅដេកលើគ្រែ សំឡេងទឹកហូរធ្វើឲ្យគេដឹងថានាងប្រាកដជានៅក្នុងបន្ទប់ទឹក។
“ស្អីគេ?” អ្នកកំលោះភ្ញាក់បន្តិចពេលឃើញឈាមដាមជាប់អំបែងកញ្ចក់ ហើយវាបន្តរហូតទៅដល់បន្ទប់ទឹក រាងខ្ពស់ឈានជើងវែងៗទៅភ្លាមហើយគោះទ្វារផាំងៗ។
“បើកទ្វារ...!”
គ្មានសំឡេងឆ្លើយតប មានត្រឹមតែសំឡេងទឹកហូរ!
“ខ្ញុំប្រាប់នាងឲ្យបើកទ្វារ មិនអ៊ីចឹង ខ្ញុំនឹងទម្លាយទ្វារចូលទៅ” គេគំរាមដោយសំឡេងរឹង តែនៅតែគ្មានការឆ្លើយតបរហូតដល់គេមិនទុកចិត្ត គ្រប់យ៉ាងហាក់ដូចជាខុសប្លែក។
“ធីហ្វានី ហ្សេនដារៀ ខ្ញុំឲ្យនាងបើកទ្វារ”
នៅតែគ្មានការឆ្លើយតប អ្នកកំលោះខាំមាត់ទាំងក្នាញ់ ហើយឈានថយក្រោយបន្តិច មុននឹងបុកទម្លុះទ្វារម៉ាំង ក្នុងខណៈដែលរាងកាយតូចដែលដេកនៅក្នុងអាងជិតត្រូវទឹកលេចបាត់។
ផាំង...!
កម្លាំងដូចដំរីសារទម្លាយទ្វារចូលទៅបានសម្រេច ជើងមាំជាន់ប៉ះទឹកដែលហូរដាបការ៉ូឃើញមានលាយពណ៌ក្រហម ច្បាស់ណាស់ថាវាជាឈាម អ្នកកំលោះស្ទុះវឹងតម្រង់ទៅអាវទឹកដែលមានរាងស្តើងកំពុងតែនៅក្នុងនោះដោយភាពតក់ស្លុតមិនតិចទេ។
“ធីហ្វានី!” អ្នកកំលោះស្រឡាំងកាំងពេលឃើញរាងស្តើងដេកស្ងៀមនៅក្នុងអាងដោយសភាពស្លេកស្លាំង នៅត្រង់កដៃតូចក៏មានឈាមហូរមិនដាច់ មិនបង្អង់យូរគេចាប់លើកនាងចេញពីអាងភ្លាម។
“បើកភ្នែកឡើង នាងកំពុងតែធ្វើរឿងឆ្កួតស្អី?”
អ្នកម្ខាងទៀតទន់ខ្លួនត្រជាក់ស្រេងលែងមានកម្តៅលើរាងកាយ បបូរមាត់ក្រៀមស្លេកស្លាំងខ្លាំងបង្ហាញពីស្ថានភាពដែលយ៉ាប់យ៉ឺនខ្លាំង រាងក្រាស់បីនាងស្ទុះចេញមកក្រៅយ៉ាងលឿន។
“ចៅហ្វាយ!” កូនចៅរបស់គេភ្ញាក់ផ្អើលមិនតិចទេដែលពេលចៅហ្វាយស្រាប់តែស្ទុះចេញមកក្រៅ ដោយមានរាងតូចសន្លប់ឈឹងនិងទទឹកជោគ។
“ត្រៀមឡានទៅមន្ទីរពេទ្យ” ដេរ៉ូហ្វៀចេញបញ្ជទាំងញាប់ជើងនាំរាងស្តើងចេញទៅរកការសង្គ្រោះ។
“បាទ”
“អ្នកនាង!” អេរិក ដែលពួននៅក្បែរសរសរលាន់មាត់តិចៗ គេខាំបបូរមាត់យ៉ាងជាប់ពេលឃើញសភាពរបស់ធីហ្វានី ក្នុងចិត្តក៏សឹងតែស្ទុះទៅចាត់ការដេរ៉ូហ្វៀ តែពេលនេះគេមិនអាចធ្វើអ្វីបាន ក្រៅពីរំងាប់ចិត្តតាមអ្នកម្ខាងទៀតជាសម្ងាត់។
ធីហ្វានីត្រូវគេនាំយកទៅបន្ទប់សង្គ្រោះបន្ទាន់ ព្រោះតែនាងបាត់បង់ឈាមច្រើន រាងកាយក៏ធ្លាក់ចុះកម្តៅយ៉ាងគំហុកដង្ហើមក៏ផិតផើយស្ទើរតែផុត។ ដេរ៉ូហ្វៀ អង្គុយនៅមុខបន្ទប់សង្គ្រោះបន្ទាន់ដែលរាងតូចទើបតែត្រូវគេនាំចូលទៅ មុននេះបើគេចូលទៅមិនទាន់ បណ្តោយនាងឲ្យនៅក្នុងនោះតែប៉ុន្មាននាទីទៀត ធីហ្វានីច្បាស់ជាស្លាប់គ្មានអ្នកណាអាចជួយបានឡើយ គេមិនស្មានថាមនុស្សស្រីមានះរឹងមាំមិនងាយចាញ់ដូចនាង បែរជាអាចគិតខ្លី គេស្ទើរតែមិនជឿថាមនុស្សស្រីដែលនៅក្នុងអាងទឹកលាយឡំដោយឈាម នោះគឺជានាង រឹតតែមិនចង់ជឿងថាកដៃតូចស្រឡូនស្អាតនោះបែរជាមានស្នាមរបួសព្រោះតែការព្យាយាមសម្លាប់ខ្លួន។
តែគេប្រហែលជាភ្លេចគិតថាមនុស្សកាន់តែមានះកាន់ព្យាយាមរកវិធីរំដោះខ្លួនចេញពីការគាប់សង្កត់ មិនថាវាជាទង្វើរដែលធ្វើទារុណដល់ខ្លួនឯងនោះទេ ប៉ុន្តែការគិតបែបនេះ វាមិនមែនជារឿងល្អដែលគួរតែយកមកអនុវត្តឡើយ ព្រោះពាក្យថាស្លាប់វាគឺជាការចាប់ផ្តើមនៃការបាត់បង់។
អេរិក ក្តាប់ដៃយ៉ាងណែនវាយជញ្ជាំងផាំងៗ គេលួចមើលធីហ្វានីពីចម្ងាយឃើញនាងត្រូវគ្រូពេទ្យម្នីម្នាយកទៅព្យាបាលហើយ តែគេទាំងបារម្ភចំពោះនាងនិងខឹងខ្លាំងដល់អ្នកដែលនាំទុក្ខឲ្យនាងមានសភាពបែបនេះ។ អ្នកកំលោះហូតទូរស័ព្ទពីហោបៅចុចខលទៅរ៉េនកូ ប៉ុន្តែចម្លែកខ្លាំងណាស់ ទោះបីជាគេព្យាយាមខលទៅច្រើនដងនៅតែមិនមានអ្នកណាទទួល។
“ចៅហ្វាយ ខ្ញុំរកអ្នកនាងឃើញ ចៅហ្វាយត្រូវតែដឹងដំណឹងនេះ ឆាប់លើកទៅចៅហ្វាយ”
“ឯងជាអ្នកណា ហេតុអីលឹបលនៅម្តុំនេះ” សំឡេងគ្រលរលាន់ឡើង ធ្វើឲ្យអ្នកកំលោះងាកមុខទៅភ្លាម គេដាក់ទូរស័ព្ទចូលទៅក្នុងហោបៅហើយសម្តែងទឹកមុខធម្មតា។
“លឹបលអីទៅ គ្មានទេ”
“យើងដឹងថាឯងតាមពួកយើងតាំងពីធ្វីនក្លឹប ចាត់ការវាទៅ” សាន់ដឺចេញបញ្ជា ហើយគ្នីគ្នារបស់គេក៏ចូលមកក្រៀកអេរិកជាប់ រកតែតដៃមិនទាន់ផងបើគ្នាគេមានច្រើនសន្ធឹក។
“លែងយើង”
“យើងដឹងថាឯងមកពីណា ដូច្នេះឯងត្រូវតែទទួលបានមេរៀន” សាន់ដឺដើរចូលទៅជិតអ្នកម្ខាងទៀត ហើយហូតយកទូរស័ព្ទពីគេ មុននឹងដើរចេញទៅជាមួយនឹងបញ្ជា “ប្រដៅវាទៅ កុំភ្លេចឆែកមើលនៅលើខ្លួនវាមានស្អីខ្លះដែលអាចធ្វើឲ្យប៉ះពាល់ដល់ចៅហ្វាយនៅថ្ងៃក្រោយ”

ធីហ្វានីត្រូវក្រុមគ្រូពេទ្យរុំរបួសនឹងឃាត់ឈាមដែលហូរយ៉ាងច្រើនរបស់នាងយ៉ាងរហ័ស តែយ៉ាងណាងសភាពរបស់នាងនៅតែមិនទាន់ល្អនៅឡើយ ដង្ហើមទន់ខ្សោយរបស់នាងត្រូវជំនួយដោយអុកស៊ីសែន មុខតូចនៅតែស្លេកស្លាំង រាងកាយនៅតែត្រជាក់ស្រេង ចង្វាក់បេះដូងក៏នៅទាបនៅឡើយ ក្រុមគ្រូពេទ្យរត់ខ្វែងដៃខ្វែងជើងគ្នា ព្រោះសភាពរបស់នាងពិតជាគួរឲ្យបារម្ភខ្លាំងណាស់។
ដេរ៉ូហ្វៀ អង្គុយស្ងៀមនៅខាងក្រៅមិនមាត់មិន ផ្ទៃមុខរបស់គេនៅតែស្មើចែសរហូតមិនអាចដឹងថាគេកំពុងតែគិតអី អារម្មណ៍ដែលនៅពីក្រោយផ្ទៃមុខស្ងប់ពិបាកស្មានរហូតសូម្បីតែជំនិតដែលនៅក្បែរខ្លូនគេក៏ពិបាកនឹងអានចិត្តគេដែរពេលខ្លះ។
“ចៅហ្វាយ!” សាន់ដឺដើរចូលមកជិតជាមួយនឹងការហៅបែកគោរព ដេរ៉ូហ្វៀ ងាកមុខមើលទៅអ្នកម្ខាងទៀតជាសញ្ញាថាគេកំពុងតែចាំស្តាប់អ្នកម្ខាងទៀត “មុននេះ កូនចៅរបស់រ៉េនកូមក”
“កូនចៅរបស់រ៉េនកូ?”
“បាទ...! គេតាមពួកតាំងពី Hellishly Zone មកម្ល៉េះ ប្រហែលជាតាមរកអ្នកនាង ធីហ្វានី”
“ពេលនេះវានៅឯណា” ដេរ៉ូហ្វៀ ទឹកមុខមកជាខឹងពេលលឺដំណឹងនេះ ផ្ទៃមុខសង្ហាចាប់ផ្តើមបង្ហាញចេញនូវភាពកំណាច។
“ពេលនេះខ្ញុំឲ្យគេប្រដៅវាហើយ នេះជាទូរស័ព្ទរបស់វាខ្ញុំបានពិនិត្យមើលហើយ វាមានបំណងផ្តល់ដំណឹងឲ្យរ៉េនកូ សំណាងល្អណាស់ អ្នកម្ខាងទៀតមិនបានលើកទូរស័ព្ទរបស់វាទេ”
ដេរ៉ូហ្វៀឈោងដៃយកទូរស័ព្ទមកពិនិត្យ គេមិននិយាយអ្វីគ្រាន់តែរេភ្នែកមើលទៅបន្ទប់ដែលលាក់រាងកាយតូចនៅខាងក្នុងនោះ។
“បើទោះបីជាខលលិនមិននៅ ប៉ុន្តែប៉ារបស់អ្នកនាងធីហ្វានីច្បាស់ជាមិនព្រមនោះស្ងៀមទេចៅហ្វាយ”
“គេក៏មិនអាចធ្វើអ្វីបានក្រៅពីបញ្ចូនមនុស្សមក ហើយត្រឡប់ទៅវិញទាំងគ្មានអ្វីសោះ” អ្នកកំលោះញញឹមចុងមាត់ហើយដាក់ទូរស័ព្ទនៅលើកៅអីក្បែរខ្លួន ចំណែកសាន់ដឺក៏អោនគំនាបចាកចេញទៅព្រោះអស់តួនាទី។
ទីងៗ
សំឡេងទូរស័ព្ទរោទិ៍ ដេរ៉ូហ្វៀរេភ្នែកទៅសម្លឹងទូរស័ព្ទដែលគេទើបតែដាក់ចុះមុននេះ នៅលើអេក្រង់លេខដែលខលចូលមកមនាសេវឈ្មោះថាចៅហ្វាយ មិនប្រាប់ក៏ដឹងថាជាអ្នកណាដែរ។ ដេរ៉ូហ្វៀលើកវាមកកាន់ជាប់នៅក្នុងដៃ គេសម្លឹងអេក្រង់នោះបន្តិច មុននឹងដៃធំគ្រវាស់ទទួលតែមិននិយាយអ្វីទាំងអស់។
“អេរិក...អេរិក ឯងនៅឯណា” សំឡេងស្រែកហៅហាក់ដូចជាបន្ទីបន្ទា ធ្វើឲ្យរាងខ្ពស់បើកភ្នែកធំៗទាំងភ្ញាក់ផ្អើល នេះតើកំពុងតែមានរឿងអ្វីកើតឡើង?
“អេរិក ជួយយើងផង... ឡេអូ វា...វា...ទីត...ៗ”
ទូរស័ព្ទស្រាប់តែដាច់បាត់៖
“សាន់ដឺ...!” អ្នកកំលោះស្រែកហៅកូនចៅដែលទើបតែដើរចេញទៅមិនបានប៉ុន្មាន។ អ្នកម្ខាងទៀតក៏ងាកមកភ្លាមចង់ដឹងថា ហើយប្រញាប់ស្ទុះស្ទាមករកចៅហ្វាយនាយរបស់គេ។
“ចៅហ្វាយ”
“ឆែករកទីតាំងដែលខលមក ហើយប្រញាប់ទៅទីនោះភ្លាម” អ្នកកំលោះចេញបញ្ជាព្រមទាំងដៃហុចទូរស័ព្ទឲ្យទៅកូនចៅ សាន់ដឺ ឆ្ងល់មិនតិចទេ ប៉ុន្តែក៏ប្រញាប់ទទួលយកភា្លមដែរ។
“បាទចៅហ្វាយ”
“ប្រញាប់ទៅ រ៉េនកូ ហ្សេនដារៀ ប្រហែលកំពុងតែត្រូវគេធ្វើបាប យើងមិនអនុញ្ញាតឲ្យគេមានរឿងទេ”
អង្គរក្សកំលោះភ្ញាក់មិនតិចទេ ពេលលឺប្រយោគនោះ
“ទទួលបញ្ជាចៅហ្វាយ ខ្ញុំនឹងប្រញាប់ទៅធ្វើភ្លាម” គ្រាន់តែនិយាយចប់ស្ទើរតែមិនទាន់ សាន់ដឺប្រញាប់ចេញដំណើរទៅភ្លាម គេដើរបណ្តើរដៃទាញកអាវដើម្បីឲ្យឧបករណ៍ទាក់ទងមកកៀកនឹងមាត់និយាយបណ្តើរ។
“យើងត្រូវការមនុស្សបួនប្រាំនាក់ធ្វើការបន្ទាន់ដែលចៅហ្វាយចេញបញ្ជា ការងារនេះមិនអាចខកខានទេ ឆាប់ឡើង”
បន្ទាប់ពីសាន់ដឺចាកចេញទៅគ្រូពេទ្យម្នាក់ក៏ដើរចេញពីបន្ទប់សង្គ្រោះបន្ទាន់នោះ ដេរ៉ូហ្វៀ ក្រោកឈរឡើងដើរទៅជិតគ្រូពេទ្យដែលទើបតែដើរចេញមក។
“នាងយ៉ាងម៉េចទៅហើយ?”
“សភាពរបស់អ្នករបួសពេលនេះនៅមិនទាន់ប្រសើរនៅឡើយទេ នាងទន់ខ្សោយខ្លាំងណាស់ ទោះបីពួកខ្ញុំបញ្ចូលឈាមជំនួសដែលបាត់បង់ឲ្យនាងក៏ដោយ តែពេលនេះនាងស្ថិតនៅក្នុងសភាពគ្រោះថ្នាក់នៅឡើយ ពួកខ្ញុំត្រូវតាមដានសភាពរបស់នាងបន្តទៀត” លោកគ្រូពេទ្យរៀបរាប់យ៉ាងវែងអន្លាយ តែអ្នកស្តាប់នៅតែមានមុខស្មើចែសគ្មានអារម្មណ៍ឡើងចុះបន្តិចសោះ។
“ប៉ុន្តែយ៉ាងណាកុំបារម្ភអី ពួកខ្ញុំច្បាស់ជាព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីព្យាយាមនាង យ៉ាងណានាងបានមកដល់ដៃគ្រូពេទ្យហើយ គ្រប់យ៉ាងវានឹងល្អ”
“បាទ!” អ្នកកំលោះតបខ្លីៗ ព្រមទាំងងក់ក្បាលដាក់គ្រូពេទ្យបន្តិចជាតាមមារយាទ។
“បើគ្មានការអីទេ ខ្ញុំទៅធ្វើការហើយ លោកអាចចូលទៅមើលអ្នករបួសនៅខាងក្នុងបាន”
“បាទ...!”
បន្ទាប់ពីគ្រូពេទ្យដើរចេញទៅបាត់ អ្នកកំលោះក៏បោះជំហានវែងៗចូលទៅក្នុងបន្ទប់នោះ គេឃើញគ្រូពេទ្យប៉ុន្មាននាក់កំពុងតែញាប់ដៃញាប់ជើងបំពេញការងាររបស់ខ្លួន ដេរ៉ូហ្វៀ ដើរទៅជិតគ្រែដែលមានរាងស្តើងកំពុងតែដេកស្ងៀមនៅទីនោះ។ ផ្ទៃមុខរបស់នាងនៅតែស្លេកស្លាំងមិនទាន់មានឈាម ដង្ហើមរបស់នាងពិតជាខ្សត់ខ្សោយខ្លាំងណាស់ ពេលនេះនាងកំពុងតែឈរនៅចន្លោះពាក្យថាស្លាប់នឹងរស់ អ្នកកំលោះដែលមានបេះដូងស្រោបដោយដែកសម្លឹងមើលនាងយ៉ាងស្ងៀមស្ងាត់បំផុត កែវភ្នែកដ៏មុតស្រួច ផ្ទៃមុខរាបស្មើសោះកក្រោះពីបាកស្មានណាស់ថាគេកំពុងតែគិតអ្វី។
(ក្រោកឡើងសិនកុំទាន់ទៅណា ប៉ារបស់នាងជិតមករកនាងហើយ តែសភាពបែបណា នាងត្រូវត្រៀមចិត្តដោយខ្លួនឯង)

“យើងមិនស្មានថាឯងធ្វើដាក់យើងបែបនេះសោះ” រ៉េនកូ និយាយដោយសំឡេងដង្ហក់ខណៈដែលឈាមហូរតាមមាត់ គាត់ឈានជើងថយក្រោយដោយដៃទប់ទ្រូងដែលឈឺខ្ទោកៗយ៉ាងជាប់។
“ស្មានមិនដល់មែនទេ?” ឡេអូ គ្រវាសទូរស័ព្ទចោលទៅលើដី ហើយដើរមកជិតអ្នកម្ខាងទៀត ទីនេះស្ងាត់ខ្លាំងណាស់ មេឃក៏ងងឹតបុរសចំណាស់ម្នាក់ដែលកំពុងតែទន់ខ្សោយម៉េចនឹងអាចស៊ូនឹងគេបានទៅ?
“យើងចិញ្ចើមឯងច្រើនឆ្នាំ ដើម្បីឲ្យឯងមកខាំយើងនៅថ្ងៃនេះមែនទេ? អារមិលគុណ!” រ៉េនកូស្រែកគំហកទាំងខឹងសម្បារ មិនស្មានថាកូនចៅដែលនៅក្រោមបង្គាប់រាល់ថ្ងៃបែរជាមានបំណងធ្វើបាបគេបែបនេះសោះ។
“យើងក៏ធ្វើការឲ្យឯង សមនឹងថ្លៃចិញ្ចឹម ទូទាត់គ្នាសមគួរហើយ”
“កន្លងមកយើងមិនដែលធ្វើអាក្រក់ដាក់ឯងទេ ឡេអូ!”
“តែក៏មិនមែនធ្វើល្អដែរ មែនទេ? សម្រាប់តាកញ្ចាស់ឯង អាអេរិកវានៅលេខមួយរហូត មិនថាកិច្ចការធំតូចគឺត្រូវឆ្លងកាត់វាសិន ចៅហ្វាយលំអៀងផ្អៀងស្មាម្ខាងដូចជាឯង ស្មោះឲ្យយើងស្មោះទេ?”
“ឯងច្រណែនហ្អេស?”
“មែន... ព្រោះយើងក៏ព្យាយាមធ្វើការគ្រប់យ៉ាងដែរ”
“បើសិនយើងចិញ្ចឹមខ្លា ហើយវាខាំយើងនៅថ្ងៃនេះ វាប្រហែលមិនចម្លែកទេ ប៉ុន្តែឯងជាមនុស្ស ប៉ុន្តែខួរក្បាលបែរជាសត្វទៅវិញ”
“បិទមាត់ឯងទៅតាកញ្ចាស់ ជិតងាប់ មិនបាច់និយាយច្រើនទេ” ឡេអូ គំហកព្រមទាំងដកកាំភ្លើងមកភ្ជង់អ្នកម្ខាងទៀត គេញញឹមចុងមាត់យ៉ាងកំណាច កែវភ្នែក្រហមាដាមឈាមដោយភាពឃៅរឃៅ។
“ឯងមិនរួចខ្លួនទេ!” រ៉េនកូសម្លឹងមើលកាណុងកំាភ្លើង ខាំធ្មេញនិយាយឡើងទាំងខឹង។
“មុននឹងយើងធ្វើ យើងរៀបចំរួចទៅហើយ គ្រាន់តែបាញ់សម្លាញ់ឯង ហើយដាក់ចូលទៅក្នុងឡានក្លែងបន្លំធ្វើជាគ្រោះថ្នាក់ចរាចរណ៍ដល់ផ្ទុះឡានឆេះអស់ គ្រប់យ៉ាង នឹងប្រសើរ” ជនកំណាចតបមកវិញព្រមទាំងញញឹមមិនឈប់ “នៅគូថឡានមានសាំងជាងដប់លីត្រទុកជូនដំណើរតាកញ្ចាស់ឯង”
“ឯងធ្វើបែបនេះដើម្បីអី?”
“ដើម្បីអីហ្អ? មនុស្សមិនធ្វើដើម្បីខ្លួនឯងគឺត្រូវរន្ទះបាញ់ មែនហើយជ្រុលជាថ្ងៃនេះ ឯងដល់ថ្ងៃស្លាប់ទៅហើយ យើងប្រាប់ទៅចុះ កូនស្រីរបស់ឯងគឺនៅក្នុងដៃរបស់ ដេរ៉ូហ្វៀ ពិតមែន... ពេលនេះអ្នកនាងដ៏ថ្លៃថ្នូរប្រហែលក្លាយជាស្រីលក់ខ្លួន ត្រូវគេលក់ដូរទៅណាបាត់ហើយក៏មិនដឹង! យើងក៏ជាអ្នកដែលជួយឲ្យនាងធ្លាក់ចូលទៅក្នុងដៃរបស់ពួកគេ ថ្ងៃនោះយើងមានចេតនាឲ្យនាងចេញទៅក្រៅតែម្នាក់ឯងមិនចេញទៅតាម ហើយករកវិធីធ្វើឲ្យអេរិកមិនអាចទៅតាមនាងបាន ចុងក្រោយនាងក៏ត្រូវចាប់ខ្លួនពិតមែន”
“អាចង្រៃ ឯង...!”
ផាំង!
នៅពេលដែលរេនកូ ស្ទុះទៅរកអ្នកម្ខាងទៀតទាំងក្តៅក្រហាយនោះ ឡេអូ ដែលចិត្តឆៅដៃដល់ក៏កេះកៃបាញ់ជើងរបស់គាត់មួយគ្រាប់ភ្លាមមិនបង្អង់យូរ។ បុរសចំណាស់ទន់ជើងដួលទៅលើដី ឈាមក្រហមឆ្អៅហូររហាម មនុស្សចិត្តមារដើរចូលទៅជិត ហើយយកជើងទាត់អ្នកម្ខាងទៀតមួយជើងម៉ាំង។
“មិនមែនជាពេលដែលឯងត្រូវស្រែកគំហកទេ”
“ម៉េចក៏៝ឯងធ្វើបែបនេះដាក់កូនស្រីយើង អាចង្រៃ?” បបូរមាត់របស់បុរសចំណាស់ខាំជាប់ ស្រែកគំហកទាំងឈឺចាប់និងខឹងក្រោធ ពេលនេះគាត់អាណិតកូនស្រីមិនដឹងថាទៅជាយ៉ាងណា ដេរ៉ូហ្វៀជាមនុស្សយ៉ាងម៉េចមិនមែនគាត់មិនដឹងនោះទេ។
“បើមិនធ្វើបែបនេះ ឯងមានថ្ងៃនេះទេ? យើងដឹងថានាងជាបេះដូងរបស់នាង បើបាត់កូនស្រីឯងនឹងបាត់សតិ ធ្វេសប្រហែលគ្រប់រឿង”
“ឯងត្រូវអ្នកណាទិញក្បាល ម៉េចក៏ចង់បំផ្លាញយើង”
“ម្ចាស់ថ្មី!”
“ម្ចាស់ថ្មី?” រ៉េនកូផ្ទូនពាក្យហើយសម្លឹងមើលអ្នកម្ខាងទៀតមិនដាក់ភ្នែក គេចង់និយាយអ្វី?
“ត្រូវហើយ អ្នកដែលមានអំណាច អាចកម្ទេចតាកញ្ចាស់ឯង និងដេរ៉ូហ្វៀឲ្យរាបដូចជាកន្ទេល ហើយអ្នកដែលទៅមុនគឺជាឯង”
ផូស...!
ក្បាលរបស់បុរសចំណាស់ត្រូវគេវាយនឹងកាំភ្លើងបែកឈាមហូរមកសស្រាក់ រ៉េនកូ យកដៃទប់ក្បាលទាំងឈឺចុកចាប់ មានអារម្មណ៍ថាផ្សារខ្លាំងនៅត្រង់កន្លែងរបួស ប្រហែលជារបួសធំណាស់ហើយ ព្រោះគាត់ចាប់ផ្តើមងងឹតមុខខ្សោះកម្លាំង។
“កូនស្រីយើងនាងមិនដឹងអីទេ ឯងមិនអាចធ្វើបាបនាងទេ ឆាប់ទៅយកកូនស្រីយើងមកវិញភ្លាម”
“សោកស្តាយផង នាងធ្លាក់ចូលទៅក្នុងដៃរបស់ដេរ៉ហ្វៀ ក្លូវេនន័រ ពិបាកសង្ឃឹមថាអាចចេញមកវិញណាស់ កុំសង្ឃឹមលើអាអេរិក ព្រោះវាមានវាសនាមិនខុសពីតាកញ្ចាស់ឯងទេ ទៅមុនក្រាលផ្លូវទៅឋាននរកមុននវាចុះ”
“យើងសោកសា្តយណាស់ដែលចិញ្ចឹមឯងអាតិរច្ឆាន សូម្បីកូនស្រីរបស់យើងក៏ឯងធ្វើបាបដែរ” ខណៈដែលឈាមហូរស្ទើរខ្សោះអស់ពីប្រាណបុរសចំណាស់គំហកដាក់អ្នកម្ខាងទៀត គាត់ខាំធ្មេញស្ទើរតែបាក់តែ ខឹងដែលមិនអាចធ្វើអ្វីគេបាន។
“ត្រូវបន្ទោសឯងគឺជាកំរាលព្រំជោគជ័យរបស់ចៅហ្វាយថ្មីយើង”
“វាជាអ្នកណា? អ្នកណាទិញក្បាលរបស់ឯង!”
“គឺយើង!” សំឡេងគ្រលរបស់បុរសម្នាក់លាន់ឡើង គេដើរចេញពីឡានទំនើបតម្រង់មករកបុរសដែលទន់ខ្សោយ រាងខ្ពស់ឆក់កាំភ្លើងដែលនៅក្នុងដៃរបស់ឡេអូ ហើយញញឹមយ៉ាងពិសពុលដាក់ម្ខាងទៀត។
“ទៅឲ្យសុខសប្បាយចុះ មិនបាច់បារម្ភទេ គ្រប់យ៉ាងដែលរបស់តាកញ្ចាស់ឯង យើងនឹងប្រមូលយកទាំងអស់”
“ឯង...អឺ...”
ផាំងៗ
ប្រយោគរបស់បុរសចំណាស់មិនទាន់ចប់ផងទ្រូងខាងឆ្វេងរបស់គាត់ក៏ត្រូវពីរគា្រប់ផ្ទួនៗដោយស្នាដៃរបស់បរុសម្នាក់នោះ។ រ៉េនកូ ដួលទៅលើដីដោយការឈឺចាប់ បបូរមាត់ក្តាប់ជាប់ដៃប្រឹងងលើកឡើងចង្អុលអ្នកទាំងពីរ តែគ្មានកម្លាំងចុងក្រោយធ្លាក់ខ្សាកបោលនឹងដៃ បានត្រឹមតែបើកភ្នែកសម្លឹងមើលពួកគេយ៉ាងឈឺចាប់ក្រោយមស្នាមញញឹមចំអករបស់អ្នកម្ខាងទៀត ដង្ហើមដង្ហក់ ឈាមហូរមិនឈប់ ឈឺចាប់ក្រៃលែង។
“ចាត់ការទៅ!”
“បាទចៅហ្វាយ” ឡេអូ ប្រញាប់ស្ទុះស្ទាលើកបុរសចំណាស់ឡើង បំណងយកទៅដាក់ក្នុងឡានតាមគម្រោងរបស់គេ ចៃដន្យពេលនេះមានឡានពីរគ្រឿងបើកសំដៅមក ចាំងហ្វាស្ទខ្វាក់ភ្នែកពួកគេ ឡេអូ ទម្លាក់បុរសចំណាស់ចោល ស្ទុះមករកចៅហ្វាយថ្មីរបស់គេ។
“មិនស្រួលទេចៅហ្វាយ!”
“ឆាប់ទៅ”
មិនបង្អង់យូរពួកគេក៏ប្រញាប់ចាកចេញទៅភ្លាម។ ក្រោយពួកគេចាកចេញទៅបាត់ ឡានទំនើបទាំងពីរក៏មកដល់ អ្នកនៅក្នុងឡានប្រញាប់ចុះចេញមកភ្លាមតម្រង់មករកបុរសចំណាស់។
“យឺតមួយជំហានហើយ!” សាន់ដឺ ត្រកងបុរសចំណាស់ដែលដកដង្ហើមផើតផតៗ ខ្សត់ខ្សោយខ្លាំងណាស់ ស្ទើរតែផុតម្តងៗ។
“គេយ៉ាងម៉េចហើយសាន់ដឺ?”
“ធ្ងន់ធ្ងរខ្លាំងណាស់ ប្រញាប់នាំគេទៅមន្ទីរពេទ្យ មែនហើយ ថូណាដូ ផ្តល់ដំណឹងឲ្យចៅហ្វាយផង យើងរកគេឃើញហើយ”
“អូខេ”

រ៉េនកូត្រូវគេបញ្ចូនទៅបន្ទប់វេះកាត់យ៉ាងលឿន រាងកាយរបស់បុរសចំណាស់ដេកស្កូតស្កឹងខណៈដែលក្រុមគ្រូពេទ្យញាប់ដៃញាប៉ជើងព្យាបាល នៅខណៈដែលចង្វាក់បេះដូងរបស់គាត់ធ្លាក់ទាបក្រុមគ្រូពេទ្យក៏គ្មានវិធីផ្សែងក្រៅពីប្រើឧបករណ៍ឆក់ដើម្បីឲ្យចង្វាក់បេះដូងលោតឡើងមកវិញ។ សាន់ដឺ នៅចាំមើលសភាពតាមដានសភាពរបស់អ្នករបួសទាល់តែដឹងលទ្ធផលទើបគេស្ទុះស្ទាមករកចៅហ្វាយរបស់ខ្លួន។
“ចៅហ្វាយ!”
“គេយ៉ាងម៉េចទៅហើយ” ដេរ៉ូហ្វៀសួរឡើងព្រោះគេក៏ដឹងដំណឹងពីប៉ារបស់ធីហ្វានីដូចគ្នា។
“សភាពធ្ងន់ធ្ងរខ្លាំងណាស់ ពេលនេះមិនទាន់ស្លាប់រាប់ថាសំណាងណាស់ទៅហើយ”
“គេមិនអាចទៅដោយងាយយ៉ាងនេះនោះទេ” ដេរ៉ូហ្វៀញញឹមចុងមាត់ដោយភាពត្រជាក់ស្រេង។ ប្រអប់ដៃរស់គេក្តាប់យ៉ាងជាប់ ខណៈដែលកែវភ្នែកនៅតែបង្កប់ដោយភ្លើងកំហឹង។
“ក្នុងចំណោកពីរគ្រាប់ របស់នេះការជួយគេបានមួយគ្រាប់ ទើបគ្រាប់កាំភ្លើងដែលបាញ់ទៅ មិនអាចទម្លុះបេះដូងរបស់គេបាន” អង្គរក្សកំលោះខ្សែកពេជ្រយ៉ាងស្រស់ស្អាតមួយដែលបន្តោងរបស់វាច្នៃពីត្បូងធីហ្វានីពណ៌លឿងយ៉ាងស្រស់ស្អាត ព្រមទាំងមានគន្លិះអាចបើកបិទបាន ដោយក្នុងនោះមានលាក់បង្កប់រូបថត របស់ស្រីម្នាក់ មុខស្រដៀងនឹងធីហ្វានីញញឹមយ៉ាងស្រស់មានមន្តស្នេហ៍ តែគួរឲ្យស្តាយ ព្រោះតែអំណាចនៃគ្រាប់កាំភ្លើងធ្វើឲ្យបន្តោងខ្សៃកនោះលែងស្អាតទៅហើយ។
“រ៉េនកូដាក់ខ្សែកនេះនៅក្នុងហោប៉ៅទើបអាចរងគ្រាប់ជំនួសបានមួយគ្រាប់ ចំណែកមួយគ្រាប់ទៀតក៏មិនចំបេះដូង តែយ៉ាងណាសភាពដុបដាមខ្លាំងណាស់”
“ឯងដឹងថាជាស្នាដៃរបស់អ្នកណាទេ?” អ្នកកំលោះសម្លឹងមើលរូបថតនោះមិនដាក់ភ្នែក ហាក់ដូចជាកំពុងតែរកនឹកអ្វីម្យ៉ាង។
“ពេលដែលខ្ញុំទៅដល់ អ្នកដែលធ្វើរឿងអាក្រក់ដាក់ រ៉េនកូ ក៏រត់បាត់ទៅហើយ ប៉ុន្តែបើមើលតាមរាងរៅ គេដូចជា...”
“ឯងចង់និយាយពី...”
“បាទ!” គេឆ្លើយតបដោយអានចិត្តចៅហ្វាយដឹងមុនចំពោះរឿងនេះ។
“វាប្រហែលជាកំពុងតែបង្កើតហ្គេម មិនអីទេ យើងនឹងកំដរវាលេងដល់ទីបញ្ចប់ អ្នកណា  Over មុនគង់តែដឹងទេ ចំពោះរឿងរបស់ រ៉េនកូ ហ្សេនដារៀ ត្រូវលាក់ឲ្យជិត អ្នកណាក៏មិនអាចឲ្យដឹងដែរ បើសិនសភាពរបស់គេគ្រាន់បើពេលណា យកគេទៅ   Hellishly”
“បាទចៅហ្វាយ”

ពីរថ្ងៃកន្លងផុតទៅ...!
ដេរ៉ូហ្វៀ ឈរអោបដៃសម្លឹងមើលរាងស្តើងដែលដេកស្ងៀមមិនទាន់ក្រោកអស់ពេលយ៉ាងយូរ គេមើលទៅនាងបណ្តើរ ព្រមទាំងសម្លឹងមើលបន្តោងខ្សែកនោះបណ្តើរ។ ប្រអប់ដៃតូចកម្រើកតិចៗ ធ្វើឲ្យអ្នកកំលោះចាប់អារម្មណ៍ភ្លាម គេស៊កខ្សែកនោះចូលទៅក្នុងហោបៅ ហើយដើរជិតនឹងគ្រែរបស់នាងមែនទែន ខណៈពេលដែលត្របកភ្នែកតូចញ័រតិចៗ ហើយនៅចម្រៀកវិនាទីបន្ទាប់ ធីហ្វានីក៏បើកភ្នែកឡើង ប៉ុន្តែពេលតែដេកយូរពេក នាងមិនទម្លាប់នឹងពន្លឺដែលចាំងខ្លាំង ទើបត្រូវព្រិចភ្នែកពីរបីដង។
នាងមានអារម្មណ៍ថាខ្សោះខ្សោយកម្លាំង កម្លាំងស្ទើរតែមិនបាន ក៏ឈឺចាប់ត្រង់មុខរបួសដែលខ្លួនឯងជាអ្នកសាងឡើង រាងស្តើងស្រវាដកអុកស៊ីសែនចេញព្រោះវាទើសទែង មុននឹងច្រត់ដៃប្រឹងក្រោកឡើង តែក៏ភ្ញាក់ព្រើត ពេលប្រឡះនឹងអ្នកម្ខាងទៀត ដែលឈរច្រងោ។
នាងមិនទាន់ស្លាប់ទេមែនទេ? ធីហ្វានីសម្លឹងមើលជុំវិញខ្លួន ទីនេះគឺជាមន្ទីរពេទ្យ ច្បាស់ណាស់នាងមិនទាន់ស្លាប់ទេ នេះនាងគិតទាំងភ្លេចខ្លួនថា ខ្លួនឯងបានស្លាប់បាត់ទៅហើយ បន្ទាប់ពីនាងសន្លប់បាត់ស្មារតីនៅក្នុងអាងទឹកនោះ។
“ម៉េចក៏យកខ្ញុំមកទីនេះ?”
“នាងគ្មានសិទ្ធិដាច់ខ្យល់នៅបន្ទប់របស់ខ្ញុំទេ”
“...”
“កុំទាន់ចង់គេចពីកម្មពៀរបស់នាង វាមិនអាចងាយយ៉ាងនេះនោះទេ” ប្រុសកំលោះនិយាយឡើងទាំងមុខស្មើចែស គេគ្មានអារម្មណ៍ក្តៅត្រជាក់បន្តិចសោះ ទោះបីនាងដេកស្ងៀម ឬក្រោកឡើងនៅពេលនេះ។
“ខ្ញុំសុខចិត្តស្លាប់ ក៏មិនធ្វើជាទាសកររបស់លោកដែរ”  ធីហ្វានីស្រែកគំហក ព្រមទាំងចាប់ទាញសេរ៉ូមដែលគេដាក់ឲ្យយ៉ាងខ្លាំង ធ្វើឲ្យដៃរតូចមានឈាមហូរ មុននឹងស្រវាទៅទាញស្បៃរុំរបួសដែលនៅលើកដៃតូច ដេរ៉ូហ្វៀ ឈរស្ងៀមមិនឃាត់នៅឫកពាបាត់បង់ម្ចាស់ការរបស់នាង ប៉ុន្តែគេក៏យកខ្សែកដែលនៅក្នុងហោបៅ បោះមកលើដៃរបស់នាង។
ធីហ្វានីសម្លឹងមើលខ្សែកដែលប្រឡាក់ឈាម និងមានស្នាមកំពិតដោយសារតែគ្រាប់កាំភ្លើង នាងចាប់វាយ៉ាងជាប់ក្នុងពេលដែលដៃកំពុងតែមានឈាមហូរ នាងចាំច្បាស់ថាវាជារបស់លោកប៉ា ប៉ាតែងតែដាក់វានៅជាប់នឹងខ្លួនជានិច្ច តែហេតុអី ពេលនេះវាស្រាប់តែនៅក្នុងដៃរបស់ប្រុសម្នាក់នេះ?
“ម៉េចក៏វានៅក្នុងដៃរបស់លោក? លោកធ្វើអីប៉ារបស់ខ្ញុំ ហេតុអីខ្សែកនេះមានឈាម?”
“គិតដោយខ្លួនឯងទៅ”
“អាមនុស្សអាក្រក់” រាងស្តើងស្ទុះមកចាត់ការគេ តែក៏មិនអាចធ្វបាន ព្រោះកម្លាំងដែលនៅក្នុងរាងកាយវាតិចហួសដល់ថ្នាក់នាងមិនអាចធ្វើអ្វីបានតាមចិត្តឡើយ។
“លោកហ៊ានធ្វើបាប ប៉ាខ្ញុំ ខ្ញុំច្បាស់ជាលោកលើកលែងឲ្យលោកទេ” រាងស្តើងខាំធ្មេញស្ទើរបែក គំហកឲ្យគេដោយកំហឹង។ ដេរ៉ូហ្វៀ មិនបានខ្វល់ខ្វាយនឹងការគុំគួនរបស់នាង គេចាប់ដៃតូចដែលហូរដោយសារការផ្តាច់សេរ៉ូមដោយកំរោលរបស់នាង ហើយរុញឲ្យជិតមុខតូច ដើម្បីឲ្យនាងឃើញច្បាស់។
“យោងអាត្មាខ្លួនឯងសិនទៅ ធីហ្វានី”
“លោកគ្មានសិទ្ធិធ្វើបាបប៉ាខ្ញុំទេ”
“គ្មានវិធីទេ ព្រោះពេលនេះប៉ារបស់នាងនៅក្នុងដៃរបស់ខ្ញុំ”
“លោកយកប៉ារបស់ខ្ញុំទៅលាក់នៅឯណា ឆាប់ប្រាប់មក លោកយកគាត់ទៅណា?” រាងស្តើងស្រែកគំហកខ្លាំងៗ ភ្នែកក្រហមរកកលនឹងស្រក់ទឹកភ្នែកទឿតហើយ នាងតោងជាយអាវរបស់គេយ៉ាងជាប់ កន្ត្រាក់ខ្លាំងដើម្បីទាមទារចម្លើយ។
“សភាពរបស់ប៉ានាងពេលនេះដូចជាមិនសូវល្អទេ”
“លោកធ្វើអីប៉ាខ្ញុំ? លោកធ្វើអីគាត់”
“ចង់ដឹង ក៏ចាំមើលទៅ! ខ្លាចតែនាងចាំមិនបាន ដាច់ខ្យល់បាត់”គេកន្ត្រាក់ដៃតូចចេញពីអាវរបស់គេ ហើយដើរចេញទៅបាត់ ធីហានី បានត្រឹមតែស្រែកតាមក្រោយទាំងទឹកភ្នែកហូរ។
“លោកនឹងធ្លាក់នរក លោកធ្វើបាបមនុស្សចាស់ មនុស្សព្រៃដូចលោកច្បាស់ជាមានកម្មពៀ ចាំឲ្យច្បាស់ខ្ញុំនឹងសម្លាប់លោក បើលោកធ្វើបាបប៉ាខ្ញុំ” គេស្រែកជេពីក្រោយតែអ្នកម្ខាងទៀត  មិនខ្ចីធ្វើលឺ។ មួយសន្ទុះក្រោយមក ក៏មានគ្រូពេទ្យស្រីពីរនាក់ចូលមក ពួកនាងហួសចិត្តមិនតិចទេពេលឃើញសភាពរបស់ធីហ្វានី តែក៏រហ័សឃាត់ឈាមនិងរុំរបួសឲ្យនាងម្តងទៀត។
(ប៉ា... ប៉ាខ្ញុំនៅឯណា?)
________
ជួបគ្នានៅថ្ងៃស្អែក

No comments:

Post a Comment