ភាគទី១
ជំនួបមច្ចុរាជ
រាងរៅស្រឡូនខ្ពស់កំពស់ត្រូវស្ដង់ដា សម្បុរជ្រះថ្លារបៀបនារីកូនកាត់ អាស៊ី ម្រាមដៃស្រឡូនចាប់កាន់វ៉ាលីសអូសជ្រែកអាកាសយានដ្នានអន្តរជាតិពោចិនតុង ។ នាងមានសម្រស់ទាក់ភ្នែក ធ្វើឲ្យស្រីស្អាតរូបនេះក្លាយជាចំណីភ្នែករបស់មនុស្សម្នានៅឯប្រលានយន្តហោះ ទឹកមុខស្រស់ស្រាយនិងស្នាមញញឹមបញ្ជក់ថានាងជាមនុស្សរួសរាយ តែគួរឲ្យស្តាយដែលមិនអាចមើលវង់ភ័ក្រ្តនាងច្បាស់ដោយសារតែវែនតាពណ៌ទឹកតែកំបាងភ្នែក តែវាក៏សាងភាពទាក់ទាញដល់ម្ចាស់វាមិនល្មមដែរ។
“ម៉េចនៅមិនទាន់មកដល់ទៀត? ហាន់ណា ចាំឡើងយូរហើយ!”
នាងក្រមុំរអ៊ូតែម្នាក់ឯង ព្រមទាំងសម្លឹងមើលទៅជុំវិញខ្លួន ពេលនេះអ្នកគ្រប់គ្នាសុទ្ធតែមានអ្នកមកទទួលស្វាគមន៍ទាំងអស់ ចំណែកនាងបែរជាខុសពីគេត្រូវឈរតែម្នាក់ឯងក្នុងចំណោមមនុស្សជាច្រើននាក់។
“រកអីញ៉ាំកំដរមាត់សម្លាប់ពេលវេលាល្អជាង”
បន្ទាប់ពីរអ៊ូម្នាក់ឯងចប់ ហាន់ណា ក៏អូសវ៉ាលីសចូលទៅញុំាការ៉េមនៅហាងក្នុងអាកាសយាននោះបណ្តើរចុចទូរស័ព្ទបណ្តើរកំដរការអផ្សុកដែលត្រូវគេទុកឲ្យរងចំា ។
ក៏ព្រោះតែនាងក៏ធ្លាប់មកលេងនៅទីនេះ ដូច្នេះហើយទូរស័ព្ទក៏មានស៊ីមលេខសម្រាប់ប្រើប្រាស់នៅស្រុកខ្មែរ ចំពោះការទំនាក់ទំនងមិនមែនជាបញ្ហាចោទសម្រាប់នាងនោះទេ។
“បងប្រុស ! ហាន់ណា គិតថាវាយូរពេកហើយសម្រាប់ការរង់ចាំ ករុណាបងមកឲ្យលឿនជានេះបានទ” នាងតឿន ព្រមទាំងដួសការរ៉េមដែលមានរសជាតិឆ្ងាញ់ដាក់ចូលមក រសជាតិផ្អែមត្រជាក់របស់វា ធ្វើឲ្យនាងមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងណាស់។
“សុំទោសណាសំណព្វចិត្ត គឺបងរវល់ បងបានឲ្យកូនចៅទៅទទួលហើយ ពួកនេះមិនបានការសោះឲ្យអូនចាំយូរ ចាំពេលមកវិញបងនិងដាក់ទោសពួកវាម្ដង!”
សំឡេងគ្រលរមានអំណាចតបមកវិញ តាមដែលស្តាប់ប្រយោគរបស់គេ ក៏ដឹងថាគេជាមនុស្សដែលាមានអំណាចមិនធម្មតាដែរ។
“កុំអ៊ីអ៊ីចឹងអី ខ្ញុំក៏ចាំបានបន្តទៀតដែរ!”
“ចិត្តទន់ទៀតហើយ!”
“កុំរករឿងពួកគេ ពួកគេប្រហែលគ្មានចេតនានឹងមកយឺតទេ”
“ក៏បានដែរ បងស្តាប់តាមអូន”
“អូខេ ប៉ុណ្ណឹងសិនហើយ អូនដាក់ចុះហើយណា”
“ហ្អឺម... អូខេ ជួបគ្នាឆាប់ៗនេះ”
“ចាស៎...”
នាងក្រមុំតបទៅវិញយ៉ាងស្រទន់មុននឹងចុចបិទ។ ហាន់ណា គឺជាក្រមុំកូនកាត់ខ្មែរ-អាមេរិក នាងរស់នៅអាមេរិកតាំងពីតូចជាមួយនឹងប៉ាម៉ាក់ យូរៗទើបមកលេងស្រុកខ្មែរម្តង ប៉ុន្តែប៉ាម៉ាក់បែរជាស្លាប់ចោលនាងព្រោះតែគ្រោះថ្នាក់ចរាចរណ៍ ទើបហាន់ណាត្រូវរស់នៅជាមួយលោកយាយតែពីរនាក់។ ខេវិន គឺជាបងសាច់ឆ្ងាយរបស់នាង គេមករស់នៅស្រុកខ្មែរយូរគួរសមហើយថែមទាំងធ្វើជំនួញមានគេឈ្មោះល្បីមិនស្ទើរក្នុងនាមជាអ្នកជំនួញជោគជ័យដ៏វ័យក្មេង អ្នកកំលោះរូបនេះស្រលាញ់ហាន់ណាខ្លាំងណាស់គេថ្នាក់ថ្នាមនិងមើលថែនាងតាំងពីតូចរហូតដល់ធំមិនសូវឃ្លាត ទើបតែមួយរយៈចុងក្រោយដែលគេមករស់នៅប្រទេសកម្ពុជាទើបមិនសូវមានពេលស្និទ្ធិស្នាលនឹងនាងតែយ៉ាងណា ជាញឹកញាប់គេតែងតែទៅអាមេរិកទៅដើម្បីទៅជួបនាង។
ស្រីស្អាតអង្គុយញ៉ាំការ៉េមយ៉ាងស្ងៀមស្ងាត់តែម្នាក់ឯង ព្រោះតែធ្លាប់មកទីនេះ ទោះបីមិនញឹកញាប់ប៉ុន្តែយ៉ាងណាគ្រប់យ៉ាងនៅទីនេះអាចធ្វើឲ្យនាងទម្លាប់បានដោយមិនពិបាក ព្រោះនាងក៏ចូលចិត្តសិក្សាពីប្រទេសរបស់អ្នកម៉ាក់ខ្លួនដូចគ្នា សូម្បីនាងផ្ទាល់ក៏ចូលចិត្តទីនេះ។ ក្នុងកំឡុងពេលដែលនៅស្ងៀមស្ងាត់ ហាន់ណាមិនដឹងថាមាននណាម្នាក់កំពុងតែតាមដានគ្រប់សកម្មភាពរបស់នាងឡើយ។ កាំភ្លើងទំនើបមានភ្ជាប់នឹងប្រដាប់ផ្ទុបសំលេងស្រាប់កំពុងតែតម្រង់មករកនាងក្រមុំ ព្រមទាំងស៊ីបត្រង់ក្បាលត្រៀមតែកេះកៃផ្តាច់ជីវិត។ ម្រាមដៃឃាតកអាថ៌កំបាងរំកិលមកម្ដងបន្តិចៗមករកកៃកាំភ្លើង មិនប៉ុន្មានវិនាទីទៀតទេ ហាន់ណានឹងស្លាប់ ប៉ុន្តែសុខៗម្រាមដៃឃាតក ក៏បញ្ឈប់មិនបានបន្តភារកិច្ចផ្តាច់ជីវិតរបស់ក្រមុំតូចស្រស់នេះឡើយ...
ព្រូស!
មានក្មេងតូចម្នាក់រត់ដួលនៅក្បែរហាន់នី នាងក្រមុំស្ទុះក្រោកពីកៅអីមកលើក្មេងតូចនោះ។
“មិនអីទេមែនទេអូនតូច?” នាងនិយាយជាភាសាខ្មែរបានយ៉ាងច្បាស់ល្អ ព្រោះធ្លាប់ត្រូវបានហ្វឹកហាត់យ៉ាងហ្មត់ចត់។
“ហ៊ឹក... ហ៊ឹក...” កំលោះតូចនោះពេបមាត់យំ ព្រមទាំងយកដៃញីភ្នែកតិចៗពេលដែលមានទឹកភ្នែកហូរតាមទម្លាប់របស់កូនក្មេង។
“កុំយំអី... កុំយំណា” ហាន់ណា ជូតទឹកភ្នែកឲ្យក្មេងតូចច្រមក់នោះ ព្រមទាំងព្យាយាមលួងលោម “មើលៗ ត្រូវត្រង់ណាខ្លះ ឈឺខ្លាំងណាស់?”
នាងសួរឡើងព្រមទាំងចាប់ជើងតូចរបស់ក្មេងពិនិត្យមើល សំណាងល្អដែរ ដែលគេមិនបានត្រូវអ្វី ប្រហែលគ្រាន់តែឈឺតិចតួចពេលដែលត្រូវដួលប៉ុណ្ណឹងឯង។
“មិនត្រូវអ្វីទេ ល្អបន្តិច” នាងក្រមុំញញឹមហើយអង្អែលក្បាលរបស់គេថ្នមៗ។ ស្នាមញញឹមរបស់នាងធ្វើឲ្យអ្នកដែលកំពុងតែកាន់កាំភ្លើងភ្ជង់ជាសម្ងាត់នោះសម្លឹងមើលភ្លឹកមួយខណៈ ឃាតកសំងាត់រំកិលកាំភ្លើងសៀតនិងចង្កេះហើយចាកចេញពីទីកំបាងនោះ ។
(ឯងឡប់ហើយ បានជាមិនមិនបញ្ចប់ភារកិច្ចក្នុងពេលនេះ) បុរសរាងខ្ពស់រអ៊ូស្របពេលដែលសៀតកាំភ្លើងទុក។
មើលត្រឹមដំណើរនិងរាងរៅក៏ដឹងថាគេជាមនុស្សសង្ហានិងអង់អាចប៉ុណ្ណាដែរ កំពស់របស់គេប្រហែល1.80ស.ម ទុកសក់ប្រាស់ស្មាកាត់ម៉ូតសមនឹងមុខ នៅលើដើមក ខាងឆ្វេងមានសាក់រូបខ្យាដំរីពណ៌ខ្មៅយ៉ាងមានអំណាច ដែលបង្ហាញពីភាពដាច់ស្រេចនិងឈាមត្រជាក់ ។
“កើតអីហ្នឹង?” ស្រ្តីម្នាក់ដើរចូលទៅជិតហាន់នី និងក្មេងប្រុសគួរឲ្យស្រលាញ់ដែលកំពុងតែយំនោះ។
“មុននេះគេរត់ដួល ពេលនេះអស់អីហើយ”
“ម៉ាក់...!” ក្មេងតូចនោះស្ទុះភ្លែតរត់ទៅអោបម៉ាក់របស់គេ
“គេនេះរពិសដល់ហើយ ប្រហែសមិនបាត់រត់បាត់ មុននេះខ្ញុំភ័យស្ទើរស្លាប់ស្មានថាគេបាត់ទៅណា មនុស្សច្រើនយ៉ាងនេះបើវង្វេងមិនដឹងទៅរកឯណានោះទេ” ស្រ្តីជាម្តាយនិយាយឡើង ព្រមទាំងដៃអង្អែលក្បាលកូនថ្នមៗ។
“ក្មេងគឺពិតជារពឹសខ្លាំងណាស់ ចូលចិត្តលេងច្រើន ទាល់តែតាមឃ្លាំមើលបន្តិច”
“ពិតមែនហើយ... អ្អឺម...! ខ្ញុំមានការប្រញាប់សុំទៅមុនហើយ អរគុណច្រើនដែលជួយយកអាសារកូនខ្ញុំ”
“ចាសមិនអីទេ”
ហាន់ណាញញឹមហើយគ្រវីដៃលា ស្នាមញញឺមរបស់នាងពិតជាស្រស់ស្រាយខ្លាំងណាស់ មើលក៏ដឹងថានាងជាមនុស្សដែលគ្មានទុក្ខកង្វល់ ស្ថិតនៅក្នុងពិភពលោកមួយយ៉ាងស្រស់ស្អាត។ បន្ទាប់ពីម្តាយនិងកូនពួកគេទៅបាត់ ហាន់ណាក៏មកចាត់ការការ៉េមរបស់ខ្លួនបន្ត ស្រូបយករសជាតិផ្អែមត្រជាក់យ៉ាងមានក្តីសុខ។
ក្រោយពេលញុំាការ៉េមឆ្អែតហាន់ណាដើរចេញមកក្រៅវិញ ដើម្បីរកមើលអ្នកដែលត្រូវមកទទួលនាង តែសុខៗស្រាប់តែមានដៃដ៏រឹងមាំមួយមកចាប់អូសនាងក្រមុំចេញផុតពីទីអ៊ូរអរ ហើយក្រៀកនាងជាប់និងដៃម្ខាងទៀតកាន់កាំភ្លើងភ្ជង់នាស្រីស្រស់។
“កុំស្រែកឡូឡាឲ្យសោះ” សំឡេងគ្រលរពោលឡើងក្នុងន័យហាមប្រាម។
“Ok ខ្ញុំមិនស្រែកទេ តែលោកគួរតែលេងខ្ញុំសិន! វាពិបាកដក
ដង្ហើមណាស់ស្លាប់ឥឡូវហើយ!” នាងក្រមុំនិយាយដោយសំឡេងស្រទន់ក្នុងន័យសម្របសម្រួល។
“បន្តិចទៀតក៏នឹងស្លាប់មែនហើយ!”
គេនិយាយពិតព្រោះបន្តិចទៀតស្រីម្នាក់នេះនិងលែងនៅលើពិភពលោកនេះហើយ ហើយអ្នកបញ្ចប់ជីវិតរបស់នាងគឺជាគេហ្នឹងហើយ។
“ខិក ខិក... កំប្លែងណាស់!”
អ្នកកំលោះភ្ញាក់ជាខ្លាំងពេលលឺវាចារបស់ស្រីស្អាត "កំប្លែង" នាងទុកការស្លាប់ជារឿងកំប្លែង ? ស្ដាប់ហើយវាសាងភាពចម្លែកខ្លាំងណាស់ ចំពោះអ្នកដែលបានលឺ។
“លោកជាកូនចៅរបស់បងប្រុសមែនទេ? គាត់ថានឹងមានរឿងពញ្ញក់អារម្មណ៍ពេលខ្ញុំមកដល់ មិននឹកស្មាន់ថាវាកំប្លែងអ៊ីចឹងទេ ខិក ខិក...”ស្រីតូច សើចចេញមកដោយមិនដឹងថាជីវិតនាងកំពុងតែដើរដល់ផ្លូវមច្ចុរាជនោះទេ។
“ខ្ញុំមិនបានមកលេងកំប្លែងទេ ប៉ុន្តែដែលមកនេះគឺមកដើម្បីសម្លាប់នាង ភាវនាធម៌ទៅ...” ប្រុសកំលោះបញ្ជាក់ដោយសំឡេងរឹងកំព្រីស បង្ហាញពីភាពកំណាចរបស់ខ្លួន ប៉ុន្តែនៅមិនតែអាចបំភ័យនាងបាន។
“មិនខ្លាចទេ ឈប់សម្តែងទៅ...!”
នាងតបទៅវិញព្រោះមិនដែលធ្លាប់គិតថានឹងមានមនុស្សសម្លាប់បែបនេះទេ នាងជាមនុស្សដែលសុទិដ្ឋិនិយមើលឃើញអ្វីៗក្នុងផ្លូវល្អ មិនគិតថានឹងមានគេព្យាបាត ម្យ៉ាងទៀតនាងក៏មិនដែលធ្វើឲ្យអ្នកណាក្តៅក្រហាយ រឿងអីដែលគេមកធ្វើបាបនាងនោះ ?
ឃាតករូបស្អាតលែងនាងឲ្យផុតពីរង្វង់ដៃ តែកាំភ្លើងនៅតែភ្ជង់ស្រីស្អាតដដែល ព្រមទាំងសម្លឹងមុខនាងដោយកែវភ្នែកមុតស្រួច។
“បញ្ជាក់ម្ដងទៀតខ្ញុំមកសម្លាប់នាង វាជាភារកិច្ចរបស់ខ្ញុំ ហើយថ្ងៃនេះខ្ញុំនិងធ្វើវា!”
“ហេតុអី ក៏ចង់សម្លាប់ខ្ញុំ?” ហាន់ណា សួរឡើងទាំងជ្រួញចញ្ចើមបែបមិនយល់ មើលទៅនេះមិនមែនជាការសម្តែងលេងកំប្លែងទេ។
“ខ្ញុំជាឃាតកស៊ីឈ្នួល នេះហើជាមូលហេតុ!”
“មានន័យថាគេជួលលោកឲ្យមកសម្លាប់ខ្ញុំ?” នាងបើកភ្នែកធំៗសម្លឹងមើលគេហើយសួរបញ្ជាក់ គេនិយាយលេងឬក៏អត់នេះ...
“មែន... ទទួលហើយត្រូវតែធ្វើការ”
“អ្នកណាចង់សម្លាប់ខ្ញុំ ហេតុអីៗ ហេតុអីត្រូវសម្លាប់ខ្ញុំ?” ស្រីស្អាតឈានជើងថយក្រោយបន្តិច សួរទៅគេទាំងមិនចង់ជឿ នាងកំពុងតែជួបរឿងចម្លែកបំផុតនៅក្នុងជីវិត។
“ខ្ញុំមាននាទីត្រូវតែបញ្ចូននាងឲ្យចេញពីលោកនេះ” អ្នកកំលោះនិយាយទាំងមុខមាំ ហើយដាក់កាំភ្លើងផ្អឹបជាប់ថ្ងាសរបស់នាង។
“សោកស្តាយខ្លាំងណាស់ ឱកាសមើលផែនដីរបស់នាងនៅតិចតួចពេកហើយ!”
“ខ្ញុំពិតជាត្រូវស្លាប់ពេលនេះមែនទេ?”
“មែន! ព្រោះខ្ញុំមកដើម្បីសម្លាប់នាង”
“អ៊ីចឹងសម្លាប់ខ្ញុំទៅ!” ហាន់ណា តបទៅវិញព្រមទាំងញញឹមស្រាល
ឃាតកកំលោះចងចញ្ចើម ព្រោះមិនយល់ដែលនាងនិយាយបែបនេះហើយថែមទាំងញញឹមចេញមកបានទៀត។
“មិនគិតចង់រត់ទេហ្អី?”
“ទេ! បើទោះជារត់ ក៏រត់មិនរួចដូចគ្នា គ្រាន់តែមិនយល់ថាខ្ញុំបានទៅធ្វើអ្វីឲ្យក្តៅក្រហាយដល់អ្នកណា បានជាមកដល់កម្ពុជាស្ទើរមិនទាន់ក៏មកស្វាគមន៍បែបនេះទៅហើយ!”
នាងរត់ទៅណាបាន ក្នុងពេលដែលកាណុងកាំភ្លើងផ្អឹបជាប់លើថ្ងាសបែបនេះ? អ៊ីអ៊ីចឹងមានតែញញឹមទទួលជោគវាសនារបស់ខ្លួន ហើយស្លាប់ដោយភាពរីករាយគ្រវែងចោលភាពតក់ស្លុត។
“មិនគិត!អង្វរខ្ញុំទេហ្អី? ក្រែងខ្ញុំលើកលែង...!”
មិនត្រឹមតែថាទេ អ្នកកំលោះនៅអាមេលឺៗឲ្យនាងស្តាប់ទៀតបើគេកម្រើកម្រាមដៃតែបន្តិចច្បាស់ជាបែបក្បាលខ្ទេចមិនខានទេ តែនាងមិនតក់ស្លុតសោះវាកាន់តែធ្វើឲ្យឃាតកដូចខ្យាដំរីបាត់បង់ជំនឿចិត្តលើភាពកាចសាហាវរបស់ខ្លួនឯង សូម្បីតែក្មេងស្រីម្នាក់ក៏មិនខ្លាចដែរ។
“អត់ទេ បើលោកមកក្នុងគោលបំណងដើម្បីតែសម្លាប់ខ្ញុំទៅហើយ ជឿថាលោកមិនដោះលែងទេ! ហើយបើខ្ញុំស្លាប់រំខានលោកឃាតកជួយផ្ងើសពខ្ញុំទៅផ្ទះផង”
“នាងពិតជាមិនខ្លាចមែន...? កុំមកអង្វរឲ្យប្តូរចិត្តឲ្យសោះ!”
“ការពិតខ្ញុំខ្លាច... តែក៏ដឹងថារត់មិនរួច ម្យ៉ាងទៀត បើខ្ញុំបានទៅធ្វើឲ្យអ្នកក្តៅក្រហាយ ខ្ញុំក៏សុខចិត្តទទួលកម្មពៀរបស់ខ្ញុំ!”
និយាយចប់នាងបិតភ្នែកជិតហើយញញឹមចាំទទួលការសម្លាប់តែ ហាន់ណា មិនដឹងទេថាការធ្វើបែបនេះវាធ្វើឲ្យឃាតកឈាមមត្រជាក់មិនអាចផ្តាច់ជីវិតនាងបាន គេសម្លឹងមើលមុខស្រទន់យ៉ាងស្រស់ស្អាតរបស់នាងដែលកំពុងតែបិទភ្នែកជិត បបូរមាត់មានស្នាមញញឺមទោះបីញ័រខ្លាំងបន្តិចព្រោះខ្លាចក៏ដោយ នាងអាចញញឺមបានក្នុងស្ថានភាពដ៏សែនអាក្រក់ រឹងមាំទាំងដែលកំពុងតែខ្លាចព្រោះតែជួបរឿងអាក្រក់បំផុតប្រចាំជីវិត។ ប្រុសកំលោះខាំមាត់តិចៗ គេមិនសាំទម្លាប់សម្លាប់មនុស្សដែលញញឹមស្រស់ដាក់គេបែបនេះឡើយ ប្រុសកំលោះក៏ដាក់កាំភ្លើងចុះហើយអូស ហាន់ណា ចេញមកក្រៅ។
“អួយ៎...លោក...?” ស្រីស្រស់ភ្ញាក់ព្រើតពេលដែលកដៃតូចគេកន្ត្រាក់អូសចេញទៅខ្លាំងៗ។
“លោកឃាតកលោកមិនបញ្ចប់ភារកិច្ចរបស់លោកទេឬ?”
“ឈប់ម៉ាត់ ! ហើយតាមមក!”
ឃាតកកំលោះអូសដៃនាងឲ្យដើរតាម ថ្វីត្បិតថាគេមិនសម្លាប់នាងនៅពេលនេះមែន តែក៏មិនមានន័យថានាងរួចខ្លួនដែរ។ ស្លាប់គង់តែស្លាប់គ្រាន់តែចាំបន្តិចទៀតប៉ុណ្ណោះ ជាឃាតកខ្យាដំរី មិនដែលលែងឲ្យសត្រូវរួចខ្លួនទេ។ ប្រុសសង្ហារុញស្រីស្អាតឲ្យចូលក្នុងឡានទំនើបរបស់គេដោយមិនថ្នមថ្នាក់បែបនឹងបានសមជាឃាតកយ៉ាងពិតប្រាកដ។
“អ្នកនាង?” បុរសស្លៀកឈុតម្នាក់ស្រែកពីចម្ងាយ មកកាន់ហាន់ណា ហើយប្រញាប់ស្ទុះចូលមករកនាងភ្លាមដោយមានគ្នីគ្នាមជាប់ពីក្រោយ ព្រោះមើលដឹងពីស្ថានការណ៍ដែលមិនគួរឲ្យទុកចិត្ត។ ឃាតកកំលោះក៏ប្រញាប់រុញ ហាន់នី ចូលទៅក្នុងឡានយ៉ាងលឿនដោយមិនបង្អង់យូរ ហើយគេក៏ប្រញាប់ស្ទុះស្ទារចូលទៅក្នុងឡានដូចគ្នា ផែនការរបស់គេកំពុងតែមានគេមករំខានហើយ...
ផាំង! ផាំង!....
សំលេងបាញ់កាំភ្លើងលឺខ្ទរខ្ទានៅពេលដែលបុរសឈុតខ្មៅមួយក្រុ
មដែលទើបនិងមកដល់បាញ់រះមកលើអ្នកកំលោះដែរប្រង់នឹងចូលក្នុងឡាន។ ចៃដន្យអាក្រក់ស្មាមាំរបស់គេក៏ត្រូវបញ្ឆិតមួយគ្រាប់ ហូរឈាមរហាមភ្លាម។
“ចង្រៃយក៍!” អ្នកកំលោះឧទានឡើងទាំងក្តៅក្រហាយ គេខ្ទប់ដៃយ៉ាងចាប់ អ្នកកំលោះសង្ហាខ្យាដំរីប្រញាប់ចូលទៅក្នុងឡានហើយបើកចេញទៅយ៉ាងរហ័ស ហើយបាញ់បកទៅវិញ ធ្វើឲ្យអ្នកម្ខាងទៀតគេចវី។
ផាំង... ផាំង
“យឺតមួយជំហានហើយ គេកំពុងចាប់អ្នកនាង ហាន់ណា ដាច់ខាតត្រូវតែនាំអ្នកនាងត្រឡប់មកវិញឲ្យបាន”
បុរសម្នាក់ ក្នុងចំណោមបុរសឈុតខ្មៅក្នុងក្រុមនិយាយឡើងហើយបាញ់រះទៅលើរថយន្តជនអាថ៌កំបាំងនោះ។ “តាមវាឲ្យជាប់ កុំឲ្យវាយកអ្នកនាងទៅបាន...!”
ភាពរញ៉េរញ៉ៃធ្វើឲ្យផ្អើលមនុស្សម្នាពេញអាកាសយាន្តតែម្ដង ប៉ូលិសជាច្រើនក៏ចូលមកធ្វើអន្តរាគមន៍ តែបែបនេះហើយដែលនឹងសាងភាពយ៉ាប់យ៉ឺនដល់ក្រុមបុរសឈុតខ្មៅដេញតាមជនដៃដល់។
“មានរឿងអីកើតឡើង.. ម៉េចក៏ប្រើអាវុធ?”
ប៉ូលិសម្នាក់ចូលមកសួរ
“មិនឃើញថាមានគេកំពុងចាប់មនុស្សតែហ្អី? មកសួរនាំអីឃើញទេ គេនាំមនុស្សទៅហើយ..!”
“ពួកលោក! កំពុងតែធ្វើឲ្យខូចសណ្ដាប់ធ្នាប់និងសាងភាពចលាចលដល់ទីនេះយើងត្រូវឃាតខ្លួនពួកលោក!”
“ឃាតខ្លួន? ដេកចាំទៅ...”
និយាយចប់ បុរសដែលមើលទៅជាមេគេក៏ស្ទុះចូលទៅក្នុងឡានទំនើបហើយបើកចេញដោយមិនខ្វល់ពីការហាមឃាត់ ហើយបើកបំបុកបុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសទៀត កាន់តែបង្កឲ្យមានភាពវឹកវរ។
ដូច្នេះមិនបង្អង់យូរ ក្រុមប៉ូលិសក៏នាំគ្នាបើកឡានដេញពួកគេភ្លាមដែរ។
................................................................
ប្រហែលជាមិនមែនងាយស្រួលទេដែលត្រូវគេចពីក្រុមបុរសឈុតខ្មៅទាំងនោះព្រោះថាតាមស្អិតជាងតុកកែកទៅទៀត។ ទោះបីជាពួកគេត្រូវជាប់ដៃជាមួយប៉ូលិសក៏មិនមែនងាប់ក្រលាបណ្តោយឲ្យគេនាំយកអ្នកនាងរបស់គេទៅបានដោយងាយៗដែរ ការប្រយុទ្ធកាន់តែខ្លាំងក្លាដេញបាញ់ឲ្យប្រកិតតែម្តង ឃាតកកំលោះចាប់បាច់ត្រូវបាញ់ការពារខ្លួនឯងវិញ ប្រុសកំលោះទុកការឈឺចាប់ត្រង់មុខរបួសមួយខណៈហើយ ព្យាយាមបើកឡានទៅមុខយ៉ាងលឿន។
“លោកឃាតក សូមលោកកុំធ្វើបាបពួកអី!”
“បារម្មណ!ពីខ្លួនឯងសិនទៅ” (គេតបទាំងមុខស្មើ)
ផាំង! ផាំង...
តីង តីង..សំលេងទូរស័ព្ទរបស់ស្រីតូច ហាន់ណា រោទិ៍ឡើង ស្រីស្អាតប្រើម្រាមដៃស្រូនចាប់យកទូរស័ព្ទទំនើបមកមើល។
“បងប្រុស...!”
“ឲ្យមកនេះ!” (អ្នកកំលោះឆក់ទូរស័ព្ទពីស្រីស្អាត)
“លោក យកវាធ្វើអី?”
“កុំគិតថា អាចផ្តល់ដំណឹងទៅអ្នកផ្ទះបាននោះ!”
“បងប្រុសគាត់និងបារម្មណ៍ពីខ្ញុំមិនខានទេ ឲ្យមកវិញមោ!”
ហាន់ណា ព្យាយាមដណ្តើមយករបស់នាងមកវិញ តែមានទេថាគេនឹងព្រមឲ្យនាងតូចនេះដណ្ដើមបានងាយៗនោះ? បែបនេះហើយ ទើបឡានបាត់បង់លំនឹងអស់រ៉េទៅរ៉េទៅស្តាំព្រោះតែការប្រទាញប្រទុងគ្នា ។
“ឡានកំពុងបាត់បង់លំនឹងហើយ អ្នកនាងអាចមានគ្រោះថ្នាក់!”
“ឡានបើកលឿនបែបនេះមិនមែនជារឿងល្អចំពោះអ្នកនាងទេ វុធ្ធីលោកត្រូវតែធ្វើអីម៉្យាង...!”
“បើកឲ្យជិតឡាននោះទៅ ខ្ញុំនឹកចូលទៅក្នុងឡាននោះ!”
វុធី្ធប្រាបទៅអ្នកបើកឡាន ដើម្បីឲ្យគេបានជួយអ្នកនាងតូចរបស់គេដែលទើបមកដល់មិនប៉ុន្មានផង ហើយគេក៏ទាយដឹងដល់ភាពមហន្តរាយបើគេជួយហាន់ណាមិនបានគេនិងត្រូវ ខេវិន បងប្រុសរបស់ស្រីតូចនិងជាមេកើយពិតជាដាក់ទោសយ៉ាងសមចិត្តមិនខានទេ។
ប្រាវ !ខ្ចាយ....
ឃាតកកំលោះបោកទូរស័ព្ទ របស់ស្រីស្អាតសញ្ជាតិអាមេរិកដើម្បីបញ្ចប់រឿង ហើយក៏ប្រមូលសមាធិប្រយុទ្ធតទល់នឹងសត្រូវបន្ត។
“លោកឃាតក មិនគួរធ្វើបែបនេះទេ យ៉ាងណាក៏ដោយមុននិងខ្ញុំស្លាប់គួរណាស់តែបានលាគាត់សិន”
“ឃាតកគឺជាឃាតក មិនមែនជនសប្បុរដែលតែងតែជួយសង្គ្រោះមនុស្សនិងអាណិតគ្រប់គ្នានោះទេប៉ុន្តែឃាតកគឺសម្រាប់ន័យតែម៉្យាង សម្លាប់ ។
ផាំង! ផាំង!..
អ្នកកំលោះ បាញ់រះជាច្រើនគ្រាប់ទៅលើឡានសត្រូវហើយចំណុចឈ្នះគឺគេបាញ់បំបែកកង់ឡានទាំងនោះ វាមិនមែនជារឿងធម្មតាទេដែលមានឆាកប្រយុទ្ធជាសាធារណៈបែបនេះ អ៊ីចឹងហើយបើមិនផ្អើលដល់មនុស្សម្នានៅតាមផ្លូវទេទើបជារឿងចម្លែក។ ឃាតកខ្យាដំរីបើកឡានចេញពីក្រុងធ្វើយ៉ាងណាត្រូវទៅឲ្យឆ្ងាយពីក្រុមមនុស្សរំខានសិន ចំណែនឯស្រីតូចនៅក្បែរខ្លួនបាញ់ចោលពេលណាក៏បាន។ ឡានរបស់គេបន្ថែមល្បឿនលឿងខ្លាំងឡើងជារឿយៗ គេច្បាស់ជាមិនព្រមឲ្យខ្លូនឯងភ្លាត់ស្នៀត ឲ្យគេក្រញិចបាននោះទេ ពេលឡានរបស់គេបានចេញក្រៅក្រុងហើយ វាក៏ជាឱកាសរបស់គេដើម្បីបញ្ចប់ចប់ភារកិច្ចកុំឲ្យខូចពូជឃាតក។
ប៉ុន្តែអ្នកកំលោះគិតខុសបន្តិចហើយព្រោះ វុធ្ធីគេក៏ជាជើងខ្លាំងមិនបណ្តោយឲ្យនរណាដើររំលងក្បាលបានឡើយ គ្នារបស់វុធីមកស្ទាក់ឡានរបស់គេជាប់។
ងឺត....!
អ្នកកំលោះចាប់ប្រាំងយ៉ាងគំហុបស្ទើរតែហើបកង់ ហើយក្រឡេកឃើញគេព័ទ្ធឡានទៅហើយតែគេក៏មិនមែនជាភាគីដែលចាញ់ ព្រោះគេកាន់សន្លឹកបៀរធំក្នុងដៃហើយក៏ដឹងថាវាមានតម្លៃប៉ុណ្ណា។
“ទៅឲ្យផុត បើមិនចង់ឲ្យក្បាល់ស្រីម្នាក់នេះត្រូវចែកជាចំណែក!” អ្នកកំលោះស្រែកគំរាមព្រមទាំងភ្ជង់ក្បាលក្រមុំតូចជាប់ ។
“ឯងគេចមិនផុតទេ!”
“ហើយយ៉ាងម៉េច? បើយើងគេចមុនផុតយ៉ាងណាក៏មានមនុស្សមកស្លាប់ជាមួយ!”
“ឯងចង់បានស្អី?”
ឃាតកឈាមត្រជាក់រេភ្នែកសម្លឹងមនុស្សជុំវិញខ្លួន គេញោចចុងមាត់ទើបបន្តបទសន្ទា។
“ថយ...!ថយកាន់តែឆាយកាន់តែល្អ!”
“ដោះលែងអ្នកនាងរបស់យើងភ្លាមទៅ” អង្គរក្សកំលោះស្រែកបញ្ជា ព្រមទាំងលើកកាំភ្លើងឡើងរ៉េភ្ជង់ទៅអ្នកដែលឈរនៅចំពោះមុខ។
“យើងឲ្យឯងថយ” ឃាតករូបសង្ហាសង្កត់ចុងកាំភ្លើងលើសៀតផ្កាតូច ហើយចេញបញ្ជាដោយសំឡេងខ្ពស់។
“បើចង់សុខខ្លួន លែងអ្នកនាងយើងភ្លាមទៅ”
“យើងឲ្យពួកឯងថយ!”
វុធី្ធភ្ញាក់ខ្លួនពេលក្រឡេកទៅឃើញស្នាមសាក់លើ ក របស់សត្រូវហើយក៏ដឹងថាគេមកនេះមិនមែនត្រឹមតែចាប់ខ្លួនហាន់ណានោះទេប៉ុន្តែ....
“ឯង...គឺ...”
“...” ឃាតកកំលោះញញឹមចុងមាត់ ព្រោះដឹងថាគេចង់មានន័យដល់អ្វី
“ឯងមកពីក្រុមខ្យាដំរី?”
ស្របជាមួយភាពភ្ញាក់ផ្អើលអង្គរក្សកំលោះអាមេកាំភ្លើងស្រេច ហើយកូនចៅក្រោមបង្គាប់ក៏ស្របតាម ។
“ដោះលេងអ្នកយើងភ្លាម!”
“វាគឺជារឿងដែលទៅមិនរួច!”
“ឯងនឹងស្លាប់...”
គេគំរាមដោយទឹកមុខប្រាកដប្រជា តែមានទេដែលឃាតកដែលមកពីក្រុមដ៏សាហាវនិងល្បីឈ្មោះត្រូវខ្លាចនោះ ។
“យើងរាប់មួយដល់បី បើមិនថយ...ស្រីស្អាតនេះនឹងស្លាប់!”
“បងប្រុស! បងជាកូនចៅបងខេវិនមែនទេ?បងថយសិនទៅខ្ញុំមិនទាន់ចង់ស្លាប់ទេ យ៉ាងណាខ្ញុំអាចរស់បានយូរជាងនេះបើពួកបងព្រមថយ” ហាន់ណា មើលដឹងពីស្ថានការណ៍ដែលកំពុងតែស្ថិតក្នុងភាពយ៉ាប់យ៉ឺន នាងមិនចង់ឲ្យព្រោះតែនាងម្នាក់ធ្វើឲ្យនាំទុក្ខដល់អ្នកណានោះទេ បើសិនពួកគេនៅតែកាន់កាំភ្លើងភ្ជង់ទៅមកបែបនេះ មិនយូរមិនឆាប់នឹងមានការបង្ហូរឈាមហើយ បើនាងត្រូវស្លាប់ ក៏សុំត្រឹមស្លាប់ម្នាក់ ។
អ្នកដែលកំពុងកាន់កាំភ្លើងភ្ជង់នាងទៅជាចំឡែកចិត្ត (ចុះក្រែងមុននេះថាមិនខ្លាចស្លាប់មែនទេ ចុះពេលនេះ?) គេមិនយល់នូវអ្វីដែលក្រមុំតូចព្យាយាមធ្វើ តែយ៉ាងណាលើកនេះគេក៏ចំណេញជាងការដែលបាញ់គ្នាតទល់ បើទោះជាមានចំណាត់ខ្មាំងនៅក្នុងដៃ តែក៏មិនមែនជារឿងដែលគួរឲ្យត្រេកអរសូម្បីតែបន្តិច ។
“លោកវុធ្ធីគិតយ៉ាងម៉េច?” បុរសឈុតខ្មៅក្នុងក្រុមសួរ
“ថយសិនទៅ!” វុធ្ធីជ្រើសរើសផ្លុវដកថយ ព្រោះគេអាចដឹងថា ហាន់ណា នឹងមិនទាន់មានគ្រោះថ្នាក់ដល់ជីវិតនោះទេ ដរាបណានាងនៅមានប្រយោជន៍ធ្វើជាខែលសម្រាប់ការពារជីវិតរបស់ឃាតកម្នាក់នោះ។
គ្រាន់តែឃើញសញ្ញាថាអាចគេចខ្លួនបាន សមាជិកខ្យាដំរីរូបនេះចាប់ក្រៀកហាន់ណាគេចចូលព្រៃភ្លាម វុធ្ធីក៏មិនទាន់មានមធ្យោបាយណាមកទប់ទល់ទើបបានត្រឹមតែភ្ជង់ពីចំងាយ និងប្រើគំនិតទៅគិតរកផ្លូវដោះស្រាយជាមួយ ខេវិន ព្រោះគេមិនអាចនាំប្អូនស្រីសំណព្វចិត្តរបស់ចៅហ្វាយទៅបាន។
បញ្ហាជាន់លើបញ្ហាហើយពេលនេះ!
_________________
ចាំជួបគ្នានៅភាគបន្តណា!
No comments:
Post a Comment