ភាគបញ្ចប់
(ការពិតនៃបេះដូង)
គ្រាន់តែមកដល់អាកាសយាន្តដ្ឋានភ្លាម ខ្ញុំប្រញាប់ស្ទុះរត់គ្រប់កន្លែងដើម្បីរកនាង ប៉ុន្តែមិនឃើញនាងសោះ នាងទៅបាត់ហើយមែនទេ? អត់ទេ ខ្ញុំមិនទាន់ជួបនាង មិនទាន់បានសុំទោស មិនទាន់បាននិយាយអ្វីមួយម៉ាត់ឡើយ នាងម៉េចនឹងអាចថាទៅក៏ទៅបែបនេះ...? អត់ទេខ្ញុំទទួលយកមិនបាន ខ្ញុំចង់អោយនាងនៅឈរនៅចំពោះមុខខ្ញុំ ត្រឡប់មករំខានខ្ញុំ ត្រឡប់មកបង្ហាញខ្លួននៅចំពោះមុខរបស់ខ្ញុំដូចមុន ការបែកគ្នាជាងមួយខែមកនេះខ្ញុំពិបាកជិតស្លាប់ហើយ ទម្រាំតែចាកចេញទៅទៀតខ្ញុំគិតយ៉ាងម៉េច?
«៣០នាទីទៀតជើងហោះហើរទៅប្រទេសចិននឹងចេញដំណើរហើយ សូមអ្នកដំណើរទាំងអស់មេត្តាត្រៀមខ្លួន» សំឡេងប្រកាសលាន់ឡើងទាញអារម្មណ៍របស់ខ្ញុំអោយកន្ត្រាក់សឹងរបូតដោយមកទាំងបេះដូង នាងមិនទាន់ទៅទេ ប៉ុន្តែសល់ត្រឹមតែ៣០នាទីតែប៉ុណ្ណោះដែលខ្ញុំនៅសល់សម្រាប់ជួបនាងម្តងទៀត...ដប់ប្រាំនាទីមិនយូរឡើយ។
ខ្ញុំប្រញាប់រត់យ៉ាងលឿនតម្រង់ទៅច្រកចូលត្រៀមខ្លូនដើម្បីធ្វើការហោះហើររបស់អ្នកដំណើរ។ នៅពេលដែលខ្ញុំកំពុងតែរត់យ៉ាងលឿននោះ ខ្ញុំឃើញម៉ានីន កំពុងតែអូសវ៉ាលីសដើរទៅមុខយឺតៗជាមួយអ្នកដំណើរទាំងនោះ ងាកក្រោយមកឈប់ដូចកំពុងតែចាំនរណាម្នាក់ ប៉ុន្តែខ្ញុំនៅត្រង់នេះទេ ខ្ញុំនៅខាងស្តាំដៃរបស់នាងងាកមកបន្តិចមកនាងច្បាស់ជាឃើញខ្ញុំ ឃើញខ្ញុំកំពុងតែរត់ទៅរកនាងហើយ...។
«ម៉ានីនី...ៗៗ...» ខ្ញុំព្យាយាមស្រែកខ្លាំងៗដើម្បីហៅនាង ប៉ុន្តែពួកយើងនៅឆ្ងាយពីគ្នាពេកនាងស្តាប់មិនលឺទេ មិនអាចទេ នាងកំពុងតែដើរចូលទៅហើយ បើនាងទៅបាត់ខ្ញុំច្បាស់ជាលែងបានជួបនាងហើយ។
«ម៉ានីនឈប់សិន....ម៉ានីន...ម៉ានីន...!» លែងទាន់ហើយទោះខ្ញុំប្រឹងស្រែកហៅយ៉ាងណាក៏ដោយនាងមិនបានលឺដែរ ព្រោះនាងបានដើរទៅបាត់ហើយ នៅទីបំផុតខ្ញុំក៏បានតែគោះកញ្ចក់ទ្វារខ្លាំងៗដើម្បីហៅនាងអោយចេញមក...។
ផាំង....ផាំង...
«ម៉ានីន...ខ្ញុំនៅត្រង់នេះ កុំទាន់ទៅអី...ម៉ានីន...ម៉ានីន»
«ហ្អេ...កុំធ្វើអ៊ីចឹង ឆាប់ចេញទៅ» សន្តិសុខដែលរងចាំរក្សាសណ្តាប់ធ្ឋាប់នាំគ្នាមកចាប់ក្រៀកដៃរបស់ខ្ញុំហើយអូសចេញដូចខ្ញុំជាមេរោគចង្រៃ។
«លែងខ្ញុំទៅ...ម៉ានីនី...ម៉ានីន...» ខ្ញុំព្យាយាមស្រែកហៅខ្លាំងៗប៉ុន្តែនាងច្បាស់ជាមិនបានលឺទេព្រោះកញ្ចក់ក្រាស់ឃ្មឹកនោះច្បាស់ជាឃាំងសំឡេងរបស់ខ្ញុំមិនអោយទៅប៉ះត្រចៀករបស់នាងបាន។
«កុំធ្វើអ៊ីចឹងប្អូន ប្អូនកំពុងតែបង្កចលាចលហើយ»
«កុំចាប់ខ្ញុំ ខ្ញុំគ្រាន់តែចង់ជួបមនុស្សម្នាក់ប៉ុណ្ណោះ លែងខ្ញុំទៅខ្ញុំសន្យាថាមិនរំខានអ្នកណាទេ ខ្ញុំចង់ជូនដំណើរគេ» ខ្ញុំបន្លឺឡើងដោយសំឡេងខ្សាវៗបែបសុំចិត្ត ទើបសន្តិសុខទាំងពីរនាក់នោះលែងដៃខ្ញុំវិញថ្នមៗ ខ្ញុំក៏ធ្វើតាមសន្យាគឺមិនរំខានអ្នកណាទេ ព្រោះទោះបីខ្ញុំស្រែកបែកបំពង់.កនាងក៏មិនអាចលឺដែរ ទើបចុងក្រោយខ្ញុំក៏សម្រេចចិត្តដើរសន្សឹមៗទៅជិតកញ្ចក់ក្រាស់នោះដើម្បីសម្លឹងនាងអោយកាន់តែច្បាស់។
នាងកំពុងតែទៅហើយ ទឹកមុខរបស់នាងសោកសៅណាស់ ជណ្តើរយន្តកំពុងតែនាំខ្លួនរបស់នាងអោយឡើងខ្ពស់ឆ្ងាយពីកែវភ្នែករបស់ខ្ញុំទៅកាន់ជាន់មួយទៀត នាងមិនបានដឹងទេថាមានខ្ញុំម្នាក់ដែលកំពុងតែសម្លឹងទៅនាង កំពុងតែហៅនាងក្នុងចិត្តអោយត្រឡប់មកវិញ។ នៅទីបំផុតនាងក៏ចាកចេញផុតពីក្រសែភ្នែករបស់ខ្ញុំ នាងទៅបាត់ហើយ លើកនេះមិនត្រឹមតែហៅមិនលឺទេ សូម្បីតែឃើញក៏មិនអាចឃើញដែរ។
«សុំទោស...ខ្ញុំសុំទោស...!» ព្រោះមិនដឹងថាត្រូវនិយាយបែបណា នឹងនិយាយអោយអ្នកណាស្តាប់ទេ ទើបចុងក្រោយខ្ញុំសល់ត្រឹមតែពាក្យសុំទោសពីរម៉ាត់នេះមុននឹងនាំខ្លួនចាកចេញពីទីនោះមុននឹងទឹកភ្នែកស្រក់ចុះកណ្តាលចំណោម។
នៅទីបំផុតខ្ញុំក៏ត្រឡប់មកផ្ទះវិញបន្ទាប់ពីការជិះម៉ូតូបែបគ្មានវិញ្ញាណរបស់ខ្ញុំចាកចេញពីអាកាសយានដ្ឋាន។ ខ្ញុំទៅអង្គុយនៅលើកៅអីខាងមុខផ្ទះដូចទម្លាប់ គឺទម្លាប់ដែលមានម៉ានីននៅក្បែរចាំលើកទឹកចិត្ត ប៉ុន្តែពេលនេះនាងទៅបាត់ហើយ។
ខ្ញុំលើកប្រអប់អាហារដែលនាងផ្ញើអោយនោះឡើយ មុននឹងបើកគម្របវាថ្នមៗទាំងឈឺចាប់ក្នុងចិត្ត។ សំបុត្រ...នៅក្នុងនោះមានសំបុត្រមួយច្បាប់...។
ជូនចំពោះឧត្តម...
នៅពេលដែលលោកបានឃើញសំបុត្រមួយច្បាប់នេះ ខ្ញុំប្រហែលជាកំពុងតែចាកចេញទៅហើយ សុំទោសផងដែលមិនបានលាលោកសូម្បីតែមួយម៉ាត់ ការពិតខ្ញុំក៏ចង់ដែរ...! ប៉ុន្តែព្រោះមិនចង់រំខានលោក...។
សូស៊ីដែលនៅក្នុងប្រអប់ប្រហែលជាមិនឆ្ងាញ់ទេ ខ្ញុំក៏មិនដឹងថាវាព្រោះតែហេតុអីដែរ ខ្ញុំតាំងចិត្តធ្វើវាអោយល្អហើយ ប៉ុន្តែរសជាតិវាស្រាប់តែមិនដូចបំណងសង្ឃឹមថាលោកនឹងញ៉ាំវាដោយគ្មានការទើសទាល់ព្រោះយ៉ាងណាវាជាសូស៊ីចុងក្រោយរបស់មនុស្សរំខានដូចជាខ្ញុំហើយ។ ខ្ញុំដូចជានិយាយច្រើនពេកហើយ បែបនេះប៉ុណ្ណឹងបានហើយ...លាសិនណា ប៉ុន្តែមុននឹងបញ្ចប់សំណេរនេះ ខ្ញុំមានពាក្យខ្លះជូនពរលោក សូមអោយលោកមានក្តីសុខ អាចសម្រេចបានគ្រប់កិច្ចការទាំងអស់ដែលខ្លួនឯងប្រាថ្នា ជាពិសេសជូនពរអោយលោកឆាប់រកម្នាក់នោះឃើញ គឺមនុស្សដែលអាចចូលក្នុងឆាកជីវិតរបស់លោក....
ពីមនុស្សលែងមានសិទ្ធិរំខាន
ម៉ានីន
អានសំបុត្រនោះចប់ខ្ញុំសឹងតែថប់ដង្ហើមស្លាប់ ទឹកភ្នែករបស់ខ្ញុំស្រក់ចុះមកសន្សឹមៗលើថ្ពាល់ទាំងឈឺចាប់ នាងប្រហែលជាខូចចិត្តខ្លាំងព្រោះតែខ្ញុំហើយ នាងឈឺពេកហើយទើបចាកចេញទៅ...សុំទោស...ខ្ញុំប្រហែលមិនអាចរកអ្នកណាមកកំដរជីវិតឯកាមួយនេះបានទេ ព្រោះម្នាក់នោះបានចាកចេញទៅហើយ ម្នាក់នោះគឺម៉ានីន ហ្នឹងអែង...កន្លងមកខ្ញុំច្រឡំបេះដូងរបស់ខ្លួនឯងស្មានថានៅស្រលាញ់មនុស្សក្បត់ម្នាក់នោះ តែការពិតខ្ញុំស្រលាញ់មនុស្សដែលនៅក្បែរខ្លួនខ្ញុំជានិច្ចទៅវិញទេ ប៉ុន្តែពេលនេះលែងមានអ្នកដែលនៅស្តាប់ពាក្យសារភាពរបស់ខ្ញុំហើយ។
ម្រាមដៃញ័រៗរបស់ខ្ញុំចាប់ដុំស៊ូស៊ីមកញ៉ាំ ខ្ញុំដឹងដល់អារម្មណ៍របស់អ្នកធ្វើថាមានអារម្មណ៍បែបណា នាងច្បាស់ជាយំបណ្តើរធ្វើវាបណ្តើរ រសជាតិរបស់វាគឺប្រៀបបាននឹងស្នេហាដែលមានតែភាពឈឺចាប់ ព្រោះវាកំពុងតែទាញទឹកភ្នែករបស់ខ្ញុំអោយស្រក់ចុះមកបន្ថែមទៀតហើយ។
«ឆ្ងាញ់ណាស់...» ខ្ញុំនិយាយម្នាក់ឯងទាំងទឹកភ្នែកហូរ ហើយចាប់ដុំស៊ូស៊ីមកញ៉ាំបន្ត «សុំទោស...សុំទោស....»
ខ្ញុំដឹងថាពាក្យសុំទោសនេះ នាងច្បាស់ជាមិនបានលឺ មិនបានដឹងអ្វីទាំងអស់ ប៉ុន្តែខ្ញុំមិនដឹងថាអាចធ្វើអ្វីបានក្រៅពីនិយាយពាក្យនេះឡើយ។ ពេលនេះខ្ញុំគ្រាន់តែសង្ឃឹមថានាងនឹងត្រឡប់មកឈរនៅចំពោះមុខរបស់ខ្ញុំវិញទេប៉ុណ្ណោះ ខ្ញុំព្រមអោយនាងជេឬវាយដំដើម្បីបញ្ចេញកំហឹង ប៉ុន្តែកុំចាកចេញទៅស្ងាត់ៗបែបនេះអី...។
៥ឆ្នាំក្រោយ...
ពេលវេលាពិតជាដើរលឿនមែន ត្រឹមមួយពព្រិចភ្នែកសោះប្រាំឆ្នាំក៏កន្លងផុតបាត់ទៅហើយ នៅថ្ងៃនេះខ្ញុំក៏បានឈានជើងចូលមកដល់ទឹកដីរបស់កម្ពុជាវិញបន្ទាប់ពីការចាកចេញទៅដ៏ស្ងប់ស្ងាត់របស់ខ្ញុំ។
ខ្ញុំមកដល់ផ្ទះវិញហើយ ទីនេះមិនមានអ្វីប្រែប្រួលឡើយគ្រប់យ៉ាងគឺនៅដដែល គ្រាន់តែមានធូលីច្រើនដែលរុំព័ទ្ធទីនេះប៉ុណ្ណោះ នេះមកពីវាត្រូវបានបោះបង់ចោលយូរពេកគ្មានអ្នកថែទាំ..។ ខ្ញុំដើរតម្រង់ទៅតុដែលនៅក្បែរគ្រែដេក ទូរសព្ទដែលខ្ញុំបានបិទវាចោលជាប្រាំឆ្នាំមកនេះ វានៅតែនៅទីនេះដដែលមិនដឹងថាវានៅប្រើការបានឬអត់ នៅសុខៗខ្ញុំស្រាប់តែនឹកដល់អនុស្សាវរីយ៍ចាស់ៗដែលកន្លងទៅ ក៏ចង់ឃើញវាខ្លះៗម្តងទៀត ទើបខ្ញុំសម្រេចចិត្តយកវាទៅបញ្ចូលថ្ម ព្រោះទុកវាចោលយូរហើយមិនអស់ថ្មទើបហៅថាចម្លែកពិតៗ។
ពីង..! នៅប្រើការបានតើគ្រាន់តែវាអស់ថ្មប៉ុណ្ណោះ ដូច្នេះហើយខ្ញុំក៏ទុកវាចោលសិនដើម្បីរៀបចំផ្ទះដែរទុកចោលនោះអោយស្អាតបាតវិញ។ ក្រោយពេលដែលរៀបចំផ្ទះរួចរាល់ ក៏ត្រូវប្រើពេលវេលាច្រើនគួរសម សំណាងហើយផ្ទះខ្ញុំតូចទើបមិនចាំរៀបចំច្រើនណាស់ណា ប៉ុន្តែពេលវេលាដែលកន្លងទៅនេះសមល្មមនឹងអោយទូរសព្ទពេញថ្មហើយ ទើបខ្ញុំប្រញាប់មកបើកវាអោយមានដំណើរការឡើងវិញ...។
ខានប្រើយូរពេកសូម្បីតែលេខក៏ត្រូវគេកាត់ចោលដែរ ប៉ុន្តែវានៅសល់ដានខ្លះនៅពេលដែលលេខរបស់ខ្ញុំមិនទាន់ត្រូវគេបិទនោះគឺមានគេផ្ងើរសារមកច្រើនណាស់ អ្នកណាអ៊ីចេះ?
ខ្ញុំប្រញាប់ចូលឆែកមើលភ្លាម នោះគឺលេខរបស់ឧត្តមតើ...គេផ្ញើសារអ្វីច្រើនម្ល៉េះសឹងតែចង្អៀតប្រអប់សាររបស់ខ្ញុំទៅហើយ។
សារទី១ “ម៉ានីន នាងនៅឯណា កំពុងតែធ្វើអីម៉េចក៏ខ្ញុំទាក់ទងនាងមិនបានសោះ នៅផ្ទះក៏មិនឃើញ?”
សារទី២ “ខ្ញុំចង់ប្រាប់ថាសុំទោស ព្រោះថ្ងៃនោះខ្ញុំឆ្កួតនិយាយពាក្យមិនល្អដាក់នាង”
សារទី៣ “ម៉េចមិនព្រមបើកទូរសព្ទចឹង ដឹងទេខ្ញុំបារម្ភណាស់?”
សារទី៤ “មានឃើញខ្ញុំផ្ញើរសារទៅទេ? បើឃើញតបមកវិញផង»
សារទី៥ “សុំទោស នាងកុំបាត់ខ្លួនទៅបែបនេះបានទេ? ខ្ញុំយល់ថាពិបាកទ្រាំណាស់ ខ្ញុំនឹកនាងណាស់ដឹងទេម៉ានីន បើកទូរសព្ទវិញទៅខ្ញុំមានពាក្យជាច្រើនដែលចង់និយាងប្រាប់នាង។
....................................................(សារជាច្រើន...)
សារចុងក្រោយ “ខ្ញុំដឹងថានាងច្បាស់ជាមិនបានមើលឃើញសារមួយនេះទេ ព្រោះនាងមិនបាននៅទីនេះទៀតឡើយ ប៉ុន្តែខ្ញុំនៅតែចង់ផ្ងើរវាអោយនាងដដែល ទោះដឹងថានាងមិនឃើញក៏ដោយ...គ្មានអ្វីក្រៅពីពាក្យថាសុំទោសនោះទេ សុំទោសរាល់ទោសកំហុសដែលធ្វើដាក់នាង កំហុសគ្រប់យ៉ាងដែលមើលរំលងក្តីស្រលាញ់ មើលរំលងបំណងល្អរបស់នាងកន្លងមក ពេលដែលនាងចាកចេញទៅបាត់ទើបខ្ញុំដឹងខ្លួនឯងថាត្រូវការនាងខ្លាំងប៉ុណ្ណាតែហួសពេលហើយ នាងទៅបាត់ហើយ....វណ្ណៈប្រាប់ខ្ញុំថានាងទៅរៀនបន្ត ប្រាំឆ្នាំក្រោយនាងនឹងត្រឡប់មកវិញ ខ្ញុំនឹងចាំនាងដល់ថ្ងៃនោះ សង្ឃឹមថានាងនឹងមកវិញពិតមែន ខ្ញុំនឹងចាំ...ចាំដើម្បីប្រាប់គ្រប់យ៉ាងដល់នាង សុំទោស...សុំទោស...»
សារចុងក្រោយដែលគេផ្ញើមកអោយខ្ញុំគឺជាថ្ងៃដែលខ្ញុំធ្វើដំណើរទៅប្រទេសចិន ខ្ញុំស្រាប់តែញ័រដៃទទ្រើតក្រោយពីបានអានសារទាំងនោះ វាពិសេសសារចុងក្រោយនោះ មិនត្រឹមតែពាក្យពេចន៍ជាច្រើនរបស់នោះទេដែលចាក់បេះដូងខ្ញុំ តែពាក្យសុំទោសដែលសរសេដដែលៗក៏ធ្វើអោយខ្ញុំរញ្ជួយចិត្តខ្លាំងណាស់ ខ្ញុំស្រាប់តែយល់ថាថ្ងៃនោះគេឈឺចាប់មិនចាញ់ខ្ញុំទេ។
តិប..ៗៗ ស្នូរជើងរបស់នរណាម្នាក់រត់យ៉ាងលឿនតម្រង់មកខ្ញុំព្រមទាំងសំឡេងដង្ហើមហត់គឃូសលាន់មកជាមួយ ខ្ញុំក៏ប្រញាប់ងាកក្រោយភ្លែត ហើយគ្រប់យ៉ាងដែលខ្ញុំបានឃើញក៏ធ្វើអោយខ្ញុំស្រឡាំងកាំង។
«ឧ...ឧត...ឧត្តម...» ខ្ញុំហៅឈ្មោះអ្នកម្ខាងទៀតសឹងតែមិនចេញ គេប្រែប្រួលច្រើនណាស់ មើលទៅពេលនេះគេក្លាយមកជាមនុស្សធំដែលជំនឿចិត្ត ជឿថាកន្លងអស់ពេលប្រាំឆ្នាំនេះគេប្រាកដជាសម្រេចបាននូវក្តីស្រមៃរបស់គេហើយ។
«ម៉េចក៏លោកមក? អាស៎...!» ខ្ញុំភ្ញាក់ព្រើតនៅពេលដែលគេមិនឆ្លើយហើយបែរជាប្តូរមកអោបខ្ញុំយ៉ាងណែនទៅវិញ អារម្មណ៍របស់ខ្ញុំពេលនេះច្របូលច្របល់វង្វេងវង្វន់ធ្វើអ្វីមិនត្រូវ ម៉េចគេស្រាប់តែមកអោបខ្ញុំទៅវិញ។
«នាងពិតជាមកវិញមែន? ខ្ញុំស្មានថាខ្ញុំចាំនាងយូរពេកដល់ឆ្កួត អានព័ត៌មានដែលគេចុះផ្សាយច្រឡំទៀតហើយ» សំឡេងរបស់គេញ័រខ្លាំងសឹងតែមិនអាចស្តាប់ដឹងរឿង ប៉ុន្តែវាក៏មានឥទ្ធិពលសឹងតែអោយខ្ញុំហោះដល់លើមេឃ គេប្រាប់ថាគេចាំខ្ញុំ...។
«ម៉េចក៏ទៅចោលខ្ញុំដោយមិននិយាយអ្វីមួយម៉ាត់បែបនេះ ដឹងទេខ្ញុំសឹងតែក្លាយទៅជាមនុស្សឆ្កួតទៅហើយ ម៉េចក៏សូម្បីតែទំនាក់ទំនងក៏កាត់ផ្តាច់ដឹងទេ ប្រាំឆ្នាំមកនេះខ្ញុំរកគ្រប់វិធីដើម្បីទាក់ទងទៅនាង ប៉ុន្តែក៏គ្មានលទ្ធផលអ្វីទាំងអស់ ទើបធ្វើបានត្រឹមតែចាំអោយនាងត្រឡប់មកវិញ ដឹងទេខ្ញុំតាមដានគ្រប់ព័ត៌មានដែលចុះផ្សាយអំពីនិស្សិតដែលទៅរៀននៅក្រៅប្រទេស ព្រោះដើម្បីដឹងដំណឹងរបស់នាង ខ្ញុំចាំនាងយូរពេកច្រឡំថានាងមកវិញច្រើនដង ខំមកផ្ទះរបស់នាង ប៉ុន្តែគ្រប់យ៉ាងក៏ទទេរ ទើបតែថ្ងៃនេះនាងបង្ហាញខ្លួនម្តងទៀត អាចអោយខ្ញុំដឹងថានាងពិតជាមកមែនមិនមែនព្រោះតែអារម្មណ៍ឆ្កួតដូចរាល់ដងដែលយល់ច្រឡំថានាងមកនោះទេ»
គេរៀបរាប់ច្រើនហូរហែរហូតខ្ញុំញាប់ញ័រនៅក្នុងទ្រូង ក៏មិនអាចធ្វើអ្វីបានក្រៅពីអោបគេណែនដៃហើយយំសសឹក រយៈពេលប្រាំឆ្នាំមកនេះខ្ញុំមិនដែលភ្លេចគេទេ ថ្ងៃណាក៏ខ្ញុំនឹកគេដែរ ទើបព្យាយាមផ្តាច់ខ្លួនចេញឆ្ងាយពីគេឯង។
«ខ្ញុំមិនអាចភ្លេចមនុស្សក្បត់ម្នាក់នោះទេព្រោះវាពិបាកខ្លាំងណាស់ ប៉ុន្តែកាន់តែពិបាកខ្លាំងបំផុតនោះគឺការបាត់បង់នាង សុំទោសណា ម៉ានីន ទម្រាំខ្ញុំដឹងខ្លួនថាស្រលាញ់នាងគឺយូរពេកហើយ ក្រោយពេលបាត់បង់ទើបខ្ញុំចេះស្តាយក្រោយ ក្រោយពេលបាត់បង់ទើបខ្ញុំដឹងថាមិនអាចខ្វះនាងបាត់ ខ្ញុំមិនអាចភ្លេចអ្នកចាស់ ប៉ុន្តែក៏មានមនុស្សម្នាក់ដែលជំនួសតំណែងរបស់គេនៅក្នុងពេលនេះ ម្នាក់នោះគឺនៅត្រង់នេះ មនុស្សម្នាក់ដែលនៅក្នុងប្រអប់ទ្រូងរបស់ខ្ញុំ មនុស្សស្រីតែម្នាក់គត់ដែលខ្ញុំដាំចិត្តចាំអស់ជាងប្រាំឆ្នាំ ម្នាក់នោះគឺអូនណា ម៉ានីន....!»
«ឧត្តម...» ខ្ញុំមិនអាចធ្វើអ្វីបានឡើយក្រៅពីហៅឈ្មោះរបស់គេតិចៗ បេះដូងរបស់ខ្ញុំលោតព្រោះតែភាពរំភើប ខ្ញុំកំពុងតែយល់សប្តិមែនទេ? គេប្រាប់ថាគេស្រលាញ់ខ្ញុំ។
«បើបេះដូងទទួលបងម្តងទៀតបានទេ? នៅស្រលាញ់បងដូចមុនទេ? ឬមួយអូនរកឃើញមនុស្សម្នាក់មកជំនួសបងហើយ?» គេខ្ញុំជាច្រើនសំនួរទាំងទឹកមុខចង់ដឹងលាយឡំនឹងភាពអស់សង្ឃឹមតិចតួច ពេលនេះខ្ញុំពិតជាពិបាកឆ្លើយខ្លាងណាស់ទើបបានតែគ្រវីក្បាលតិចៗ។
«ម៉ានីន ស្អប់បងហើយមែនទេ?»
«អត់ទេ...ខ្ញុំគ្រាន់តែចង់ប្រាប់ថាខ្ញុំមិនអាចយកអ្នកណាមកគ្រងតំណែងក្នុងបេះដូងរបស់ខ្ញុំបានទេ ព្រោះម្នាក់នោះគឺនៅទីនេះដូចគ្នា ដូច្នេះហើយបេះដូងខ្ញុំគឺទទេស្អាតដើម្បីចាំគេ»
«សុំទោសម៉ានីន...សុំទោស...បងស្រលាញ់អូន» គេប្រាប់ព្រមទាំងអោបខ្ញុំយ៉ាងណែន។
«សុំទោសដូចគ្នាដែលថ្ងៃនោះទៅដោយមិនបានលា»
«ថ្ងៃនោះបងខំទៅតាមអូន ប៉ុន្តែអូនបែរជាមិនឃើញបង»
«ពិតមែន?» ខ្ញុំសួរគេដោយមិនអស់ចិត្ត គេពិតជាទៅតាមខ្ញុំមែនឬ? ម៉េចក៏ខ្ញុំមិនដឹងអ្វីសោះ។
«ពិតមែន...ថ្ងៃនោះអូនងាកក្រោយរហូតបងដឹងថាអូនចាំផ្លូវបង តែបងនៅខាងស្តាំដៃទៅវិញទេ អូនមិនព្រមងាកមកសោះ ប៉ុន្តែពេលនេះវាលែងសំខាន់ហើយ រឿងចាស់កន្លងផុតហើយគិតរឿងថ្មីម្តង»
«រឿងថ្មី...?»
«ត្រូវហើយ! ពេលនេះពួកយើងជាមនុស្សធំហើយ ឈប់បន្តការធ្វើជាសង្សាដូចកូនក្មេងទៅ រៀបការមែនទែនសាងសុភមង្គលពិតល្អទេ? បងមានការងារធ្វើ បងសន្យាអាចចិញ្ចើមអូនអោយរស់នៅបានល្អ»
«ឧត្តម...?»
«បងនិយាយពិត ពាក្យនេះបងចង់និយាយប្រាំឆ្នាំហើយ»
គេប្រាប់ដោយសំឡេងប្រាកដប្រាជាធ្វើអោយខ្ញុំទប់ទឹកភ្នែកសឹងតែមិនបាន ខ្ញុំក៏ចាំគេមកជាច្រើនឆ្នាំដូចគ្នា គិតមែនទេថាខ្ញុំនឹងបដិសេធចំពោះបេះដូងរបស់ខ្លួនឯង? មិនអាចទេ ព្រោះយ៉ាងណាខ្ញុំនៅតែស្រលាញ់គេ ដូច្នេះហើយ ទើបខ្ញុំបេះដូងនិងខួរក្បាលរបស់ខ្ញុំស្រេចចិត្តព្រមគ្នានោះគឺ យល់ព្រមរៀបការនឹងគេ...
នៅទីបំផុតពួកយើងបានយល់ចិត្តគ្នាហើយ ព្រមទាំងសាង សុភមង្គលនឹងគ្នាទៀតផង ។ ស្នេហាមិនមែនអាចចាប់ផ្តើមបានផ្លែផ្កាត្រឹមរយៈពេលមួយថ្ងៃឬពីរថ្ងៃនោះទេ ប៉ុន្តែវាក៏ត្រូវរង់ចាំពេលវេលាដែរ។ យ៉ាងណាក៏ដោយស្នេហាគឺមានតែផ្លូវពីរប៉ុណ្ណោះ គឺបន្តនិងបោះបង់ ប្រសិនបើការតស៊ូចំពោះស្នេហាច្រើនសមល្មមហើយនៅមិនបានផលយើងគួរតែប្រលែងដៃ ដើម្បីស្វែងរកឆាកជីវិតថ្មីរបស់ខ្លួនឯង ប៉ុន្តែត្រូវគិតអោយច្បាស់ថានឹងមិនស្តាយក្រោយឡើយ...
No comments:
Post a Comment